លោក តឹក វណ្ណារ៉ា ប្រធានសមាគមថែរក្សាបរិស្ថាននៅកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសរបស់គណៈកម្មាធិការទន្លេមេគង្គអំពីកម្ពស់ទឹកទន្លេមេគង្គទាបជាងធម្មតា អាចប៉ះពាល់ផលត្រីនៅទន្លេសាប ព្រោះកាលណាទឹកមានកម្រិតទាបនាំឲ្យទឹកមិនហូរចូលព្រែក បឹង ដូចសព្វដង ហើយត្រីមិនអាចមានកន្លែងពងបានច្រើនដូចធម្មតាឡើយ។
ចំពោះមូលហេតុដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេមេគង្គទាបជាងប្រកតី តាមលោក តឹក វណ្ណារ៉ា គឺមកពីមានការប្រែប្រួលអាកាសធាតុ របបទឹកភ្លៀងប្រចាំឆ្នាំមិនទៀងទាត់ដូចមុន មានការអភិវឌ្ឍនៅតំបន់ខ្សែទឹកមេគង្គខាងលើ ដូចជានៅប្រទេសលាវ ថៃ និងចិន ដូចជាមានការទាញយកទឹកស្រោចស្រពស្រែច្រើនជាងមុន ការបំបែកថ្ម បើកផ្លូវនាវាចរនៅប្រទេសលាវ ការកសាងទំនប់វារីអគ្គិសនីនៅប្រទេសលាវ និងចិនជាដើម។
លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា ៖ «មូលហេតុទី១ដែលអាចបណ្ដាលឲ្យទឹកទន្លេមានកម្រិតទាបជាងមុន គឺទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ហ្នឹងយើងនិយាយាជាលក្ខណៈសកល ឬថ្នាក់ពិភពលោក។ ទាក់ទងនឹងការប្រែប្រួលរបបទឹកភ្លៀង ហើយទាក់ទងនឹងការមិនប្រែប្រួលរបបទឹកភ្លៀងប្រចាំឆ្នាំនៅក្នុងតំបន់ទន្លេមេគង្គទាំងមូល។ បញ្ហាទី២ ដែលអាចទាក់ទងដែរ គឺទាក់ទងនឹងការអភិវឌ្ឍធំៗនៅក្នុងតំបន់ទន្លេមេគង្គ...»។
គណៈកម្មាធិការទន្លេមេគង្គដែលមានទីស្នាក់ការបច្ចុប្បន្ននៅប្រទេសលាវ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៦ កុម្ភៈ បានឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គទាបជាងធម្មតាបើប្រៀបធៀបពីខែកុម្ភៈឆ្នាំមុន គឺកម្ពស់ទឹកទាបជាងពាក់កណ្តាល។ ការមានកម្ពស់ទឹកទាបនេះ អាចប៉ះពាល់ដល់ការងារកសិកម្ម ប៉ះពាល់ដល់ស្បៀង ប៉ះពាល់ដល់ការត្រូវការទឹកស្អាត ប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹក និងប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានទន្លេមេគង្គហូរកាត់៕
