ផល​ប៉ះពាល់​នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​ចំនួន​ទេសចរ​នៅ​កម្ពុជា

វាគ្មិន​កិត្តិយស​របស់​វិទ្យុ​អាស៊ីសេរី​២​រូប គឺ​លោក ទិត ចន្ថា អគ្គ​នាយក​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​អះអាង​ស្រប​គ្នា​ថា ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទស្សនា​កម្ពុជា​ក្នុង​អំឡុងពេល​៦​ខែ ដើម​ឆ្នាំ​២០០៩​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០០៨​ក្តី ក៏​កម្ពុជា​ទទួល​រង​ការ​ប៉ះពាល់​មិន​ធ្ងន់ធ្ងរ​ទេ។

0:00 / 0:00

ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

លោក ទិត ចន្ថា អគ្គ​នាយក​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​អំពី​ហេតុផល​មួយចំនួន​យ៉ាង​នេះ​ថា ៖ «ផល​ប៉ះពាល់​មក​ពី​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល ហើយ​ក្រៅ​ពី​នោះ​ក៏​មាន​ផល​ប៉ះពាល់​ផងដែរ​អំពី​វិបត្តិ​នយោបាយ​នៃ​ប្រទេស​ជិត​ខាង​ដែល​ជា​ច្រក​ចូល​មួយ​នៃ​ទេសចរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​អាច​ថា យើង​អាច​ទទួល​ផល​ប៉ះពាល់​ខ្លះ​អំពី​ការ​គំរាម​កំហែង​នៃ​ជំងឺ A(H1N1)...»

លោក ទិត ចន្ថា ថ្លែង​បញ្ជាក់​ផងដែរ​ថា តាម​ការ​បូក​សរុប​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ការ​ធ្លាក់​ចុះ​ក្នុង​អំឡុង​៦​ខែ​ដើម​ឆ្នាំ​២០០៩ ប៉ុន្តែ​ចូល​ដល់​ខែ​កក្កដា​បាន​កើន​ឡើង​វិញ។ លោក​បន្ត​ថា នៅ​ក្រុង​ភ្នំពេញ​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើន​បាន​១០% នៅ​ឆ្នេរ​សមុទ្ទ​ក្រុង​ព្រះសីហនុ​កើន​បាន​១% ក៏​ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​សៀមរាប​វិញ​គឺ​មាន​ការ​ធ្លាក់​ចុះ​ដល់​ទៅ​១៤%។

លោក ទិត ចន្ថា បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «បើ​យើង​ពិនិត្យ​មើល​អំពី​តំបន់ គេ​ហៅ​តំបន់​ទេសចរណ៍ តំបន់​សំខាន់​ដែល​យើង​មាន​បច្ចុប្បន្ន​នេះ​គឺ​មាន​តំបន់​សៀមរាប តំបន់​ភ្នំពេញ និង​តំបន់​ឆ្នេរ ដែល​ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ​ជា​ចំណុច​សំខាន់។ បើ​យើង​គិត​ទូទាំង​ប្រទេស​ទៅ​វា​មាន​តំបន់​ខ្លះ​ធ្លាក់​ចុះ តំបន់​ខ្លះ​មាន​ការ​កើន​ឡើង សរុប​ទៅ​យើង​ឃើញ​ថា ទូទាំង​ប្រទេស​ហ្នឹង​មាន​ការ​កើន​ឡើង​០,៣% គឺ​កំណើន​នេះ​ទាប​ណាស់»

វាគ្មិន​កិត្តិយស​មួយ​រូប​ទៀត​​គឺលោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​រៀបរាប់​អំពី​ផល​ប៉ះពាល់​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ៖ «ជា​ផ្លូវការ​មាន​តិច​តួច មាន​ប្រហែល​ជា​១​ឬ​២​ទេ​ដែល​គាត់​បិទ​ទាំង​ស្រុង ហើយ​គាត់​ឆ្លៀត​ឱកាស​ហ្នឹង​ជួសជុល​សណ្ឋាគារ​គាត់​តែម្ដង ពីព្រោះ​ថា គាត់​ទទួល​ភ្ញៀវ​ពេញៗ គាត់​មិន​ដែល​បាន​ជួសជុល​សណ្ឋាគារ ហើយ​សណ្ឋាគារ​មួយចំនួន​ទៀត​គឺ​ថា គាត់​បិទ​ជា​ជាន់ៗ​ទេ ឧទាហរណ៍​ថា គាត់​មាន​៤​ជាន់ គាត់​បិទ​២​ជាន់ គាត់​ទទួល​ភ្ញៀវ​២​ជាន់ ហើយ​និយោជក និយោជិត របស់​គាត់​ហ្នឹង​មាន​ការ​បន្ថយ​ចំនួន​ការងារ​ធ្វើការ ម៉ោង​ធ្វើការ ដើម្បី​ស្រប​ទៅ​នឹង​ទំហំ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ហ្នឹង។ ដូច្នេះ​ខ្ញុំ​យល់​ថា ការ​ធ្លាក់​ចុះ​នេះ​មាន​ការ​ប៉ះពាល់​ខ្លះៗ ជា​ពិសេស​នៅ​ខេត្ត​សៀមរាប...»

លោក អាង គឹមអៀង មាន​ប្រសាសន៍​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ជប៉ុន​និង​កូរ៉េ​មាន​ការ​ថយ​ចុះ តែ​ភ្ញៀវ​មក​ពី​ប្រទេស​វៀតណាម​មាន​ការ​កើន​ឡើង ក៏​ប៉ុន្តែ​ការ​ចំណាយ​ប្រាក់​វិញ​គឺ​តិច​ជាង​ភ្ញៀវ​មក​ពី​សហរដ្ឋ​អាមេរិក​ឬ​មក​ពី​អឺរ៉ុប។

លោក អាង គឹមអៀង បាន​បញ្ជាក់​ថា ៖ «ភ្ញៀវ​មួយចំនួន​កើន​ឡើង ជា​ពិសេស​ភ្ញៀវ​ជនជាតិ​វៀតណាម។ ភ្ញៀវ​ជនជាតិ​វៀតណាម​គាត់​ស្នាក់​នៅ​សណ្ឋាគារ​ទាបៗ​និង​សណ្ឋាគារ​តម្លៃ​រវាង​ពី​២០​ទៅ​៣០​ដុល្លារ ដូច្នេះ​ភ្ញៀវ​សណ្ឋាគារ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ហ្នឹង ដែល​មាន​ខ្នាត​ផ្កាយ​ខ្ពស់​ជាង​នេះ គឺ​ថា​មាន​ការ​ប៉ះពាល់»

ទោះ​ជា​យ៉ាង​នេះ​ក្តី វាគ្មិន​កិត្តិយស​ទាំង​ពីរ​រូប​នេះ​ក៏​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​នឹង​មាន​ការកើន​ឡើង​ច្រើន ចាប់​តាំង​ពី​ខែ​កញ្ញា​នេះ​ត​ទៅ គឺ​ដោយសារ​តែ​ជា​រដូវ​ភ្ញៀវ​មក​លេង​ច្រើន ឬ​ភាសា​អង់គ្លេស​ហៅ​ថា High Season ហើយ​ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​អ្នក​កក់​សណ្ឋាគារ​រួច​ហើយ​ច្រើន​ជាង​ពី​ខែ​មុនៗ​ផងដែរ៕