ពលរដ្ឋ​នៅ​ខេត្ត​៣​ជំទាស់​ទៅ​នឹង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខែត្រ​ចំនួន​៣ បាន​ជំទាស់​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ របស់​រដ្ឋាភិបាល ស្ថិត​ក្នុង​ខែត្រ​ស្ទឹងត្រែង ដោយសារ​តែ​គេ​រក​ឃើញ​ថា គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​របស់​ពួកគាត់។

0:00 / 0:00

ការ​លើក​ឡើង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ​ចំនួន​៣​ខែត្រ​នេះ រួម​មាន​ខែត្រ​ស្ទឹងត្រែង ខែត្រ​ក្រចេះ និង​ប្រជាពលរដ្ឋ​មក​ពី​ខែត្រ​រតនគិរី ដែល​គេ​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​គម្រោង​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ទី​៣១ ឧសភា។

តំណាង​សហគមន៍​មក​ពី​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឈ្មោះ ចាន់ ធន់ បាន​រៀបរាប់​ថា ទោះ​បី​ជា​ប្រជាពលរដ្ឋ​កម្ពុជា មាន​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្ដី ក៏ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ដែល​ជា​អ្នក​រស់​ផ្ទាល់​នៅ​ទី​នោះ។

ការ​ជំទាស់​ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​នេះ នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១១ ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ អ៊ី វី អែន (EVN) មាន​ភាគហ៊ុន ៥១% និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ចំនួន ៤៩%។

ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​របស់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​គម្រោង​ទឹក​ប្រាក់​ប្រមាណ ៩០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​សក្ដានុពល ថាមពល​អគ្គិសនី ៤០០​មេហ្គាវ៉ាត់ ហើយ​គម្រោង​នេះ​ជា​ប្រភេទ​គម្រោង​ប្រតិបត្តិការ​ផ្ទេរ ហៅ​កាត់​ថា បីអូធី (BOT) មាន​រយៈពេល ៣០​ឆ្នាំ។ ក្រោយ​ពី ៣០​ឆ្នាំ​ក្រុមហ៊ុន​ផ្ទេរ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់​វិញ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ប្រាជ្ញ ស៊ុន បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ទំនប់​នេះ គេ​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១១​នេះ​ទៅ ពីព្រោះ​ថា​ក្រសួង​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន​រួច​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មាន​អង្គការ សមាគម​ដែល​ធ្វើការ​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​ធ្វើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ បាន​លើក​ឡើង​ពី​ក្ដី​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ ប្រសិន​គម្រោង​នេះ​មិន​ត្រូវ​បាន​គេ​ផ្អាក ដើម្បី​សិក្សា​បន្ថែម​អំពី​ផល​ប៉ះពាល់​ជាក់លាក់​ណា​មួយ​របស់​រដ្ឋាភិបាល​ទេ​នោះ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត បាន​ពន្យល់​ថា បញ្ហា​ដែល​កើត​មាន និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មាន​កត្តា​មួយ​ចំនួន ដូចជា បញ្ហា​ដីធ្លី បញ្ហា​ព្រៃ​ឈើ បញ្ហា​ផ្លាស់ប្ដូរ​ទីលំនៅ បញ្ហា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក ឈិត សំអាត បាន​បញ្ជាក់​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល ពិសេស​សម្ព័ន្ធ​ទន្លេ​កម្ពុជា បាន​ត្រៀម​ខ្លួន​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​សហការ​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ទន្លេ​៣ មាន​ទន្លេ​សេសាន ស្រែពក និង​ទន្លេ​សេកុង លោក មៀច មាន បាន​មាន​ប្រសាសន៍​ថា ប្រសិន​រដ្ឋាភិបាល​បាន​ដំណើរ​ការ​គម្រោង​សាងសង់​ទំនប់​នេះ​មែន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ប្រយោជន៍ មាន​ន័យ​ថា ប៉ះពាល់​ផ្ទាល់ គឺ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ទន្លេ​សេសាន​ក្រោម​២ ជិត ២​ពាន់​គ្រួសារ​ត្រូវ​រើ​ទី​លំនៅ​ចេញ។ ផល​ប៉ះពាល់​ដោយ​ប្រយោល គឺ​អ្នក​រស់​នៅ​ខាង​លើ​ខ្សែ​ទឹក និង​ខាង​ក្រោម​ខ្សែ​ទឹក ទាក់ទង​នឹង​ធនធាន​ធម្មជាតិ ការ​ចរាចរ​របស់​ត្រី និង​ជីវភាព​របស់​សហគមន៍​ជាដើម។

ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ជា​ពិសេស​ធនធាន​ទន្លេ​មេគង្គ និង​ទន្លេ​សាប ដែល​តែងតែ​ផ្ដល់​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ការ​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ធារាសាស្ត្រ វិស័យ​ថាមពល និង​ជា​ប្រភព​នៃ​ធនធាន​ជលផល​ទឹក​សាប និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​អ្នក​រស់​នៅ​តាម​តំបន់​ជនបទ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​មក​ពី​ខែត្រ​ក្រចេះ ស្ទឹងត្រែង និង​រតនគិរី បាន​សម្ដែង​អំពី​ផល​ប៉ះពាល់​នៃ​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដោយ​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​អនុវត្ត​គម្រោង​នេះ។

ទន្លេ​សេសាន​ជា​ដៃ​ទន្លេ​មេគង្គ ដែល​ហូរ​ពី​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​វៀតណាម ហូរ​កាត់​ប្រទេស​កម្ពុជា មាន​ចំនួន​ពីរ​ខែត្រ គឺ​ខែត្រ​រតនគិរី និង​ស្ទឹងត្រែង មុន​នឹង​ហូរ​ចាក់​ចូល​ទន្លេ​សេកុង និង​ហូរ​បន្ត​ចូល​ទន្លេ​សេកុង។

របាយការណ៍​គណៈកម្មការ​ទន្លេ​មេគង្គ បាន​សរសេរ​ថា ទន្លេ​មេគង្គ​ជា​ទន្លេ​ជាប់​លំដាប់​ថ្នាក់​ទី​២ លើ​ពិភពលោក ដែល​សំបូរ​ទៅ​ដោយ​ជីវចម្រុះ​ក្នុង​ទន្លេ ហើយ​ទន្លេ​សាប​ត្រូវ​ទទួល​ស្គាល់​ថា ជា​តំបន់​ដែល​មាន​ធនធាន​ជលផល​ទឹក​សាប​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ត្រី​ចំនួន ៧០% ធ្វើ​បន្លាស់​ទី​ពី​ទន្លេ​សាប​ទៅ​ទន្លេ​មេគង្គ រួច​ពី​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​វិញ។

រី​ឯ​ទន្លេ​សេសាន​ជា​ដៃ​ទន្លេ​ដ៏​ធំ​មួយ​របស់​ទន្លេ​មេគង្គ ដែល​មាន​ប្រភេទ​ត្រី​មួយ​ចំនួន​ធ្វើ​បន្លាស់​ទី​ឡើង​ចុះ​ពី​ទន្លេ​សាប​ទៅ​ទន្លេ​សេសាន​នេះ​ដែរ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ប្រាជ្ញ ស៊ុន បាន​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​ជៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ធនធាន​ជលផល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ​ទេ ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​ការ​រីក​ចម្រើន ពីព្រោះ​ថា អគ្គិសនី​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​គ្រប់គ្រង​កម្មវិធី​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ លោក តឹក វណ្ណារ៉ា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​អនុវត្ត​គម្រោង​នេះ។

របាយការណ៍​សិក្សា​អំពី​ផល​ប៉ះពាល់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​បង្ហាញ​ថា គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​អាង​ស្តុក​ទឹក​ចំនួន ១,៧៩​ពាន់​ម៉ែត្រ​ត្រីគុណ ដែល​មាន​ផ្ទៃ​លិច​ទឹក​ប្រមាណ ៣៣៥​ម៉ែត្រ​ក្រឡា នឹង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​លើ​ផ្ទៃ​ដី​ចំនួន ៣​ម៉ឺន​ហិកតារ។

ទាក់ទង​ទៅ​នឹង​ផល​ប៉ះពាល់​នេះ អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា និង​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​ដែល​បាន​កើត​ឡើង​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​បង្ក​ឡើង​ដោយ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។សូម​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ជម្រើស​ថ្មី​ក្រៅ​ពី​សង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ គឺ​ធ្វើ​នៅ​តាម​ដង​អូរ ឬ​ព្រែក​វិញ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សហគមន៍។

សហគមន៍​មិន​ត្រូវការ​អភិវឌ្ឍន៍​ណា​មួយ​ដែល​បំផ្លាញ​ទន្លេ​ទេ ពីព្រោះ​ទន្លេ​ជា​អ្នក​មាន​គុណ​ដល់​មនុស្ស និង​សត្វ។ សូម​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​លើក​កម្ពស់​ច្បាប់​ស្ដី​សិទ្ធិ​មនុស្ស ជា​ពិសេស​ច្បាប់ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​សំណូមពរ​ផ្សេងៗ​មួយ​ចំនួន​ទៀត៕