អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋ​សភា និង​រដ្ឋាភិបាល​ធ្វើការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​យន្តការ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​តម្លាភាព និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ។

0:00 / 0:00

លោក គុល បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) មាន​យុត្តិធម៌​ក្នុង​កិច្ចការ​របស់​ខ្លួន​ទៅ​បាន លុះ​ត្រា​តែ​ស្ថាប័ន​មួយ​នេះ​មាន​សមាសភាព​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។

លោក​ថ្លែង​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ធានា​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​ចូលរួម​បោះ​ឆ្នោត និង​អ្នក​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ៖ «កន្លង​មក​យើង​រើស​សមាសភាព គ.ជ.ប. ក៏​មាន​ការ​ស្រុះស្រួល​គ្នា​ខ្លះ​ដែរ​នៅ​ថ្នាក់​ជាតិ។ ចំពោះ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា មាន​គណបក្ស​ប្រជាជន គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្សី។ ប៉ុន្តែ​ឥឡូវ​គេ​និយាយ​ថា គួរ​តែ​បន្ត​រៀបចំ​សមាសភាព​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ ហើយ​ការិយាល័យ​បោះ​ឆ្នោត​ហ្នឹង គួរ​តែ​មាន​អ្នក​ពិនិត្យ​មើល​ឲ្យ​មាន​តំណាង​គណបក្ស​របស់​គេ​នៅ​តាម​ថ្នាក់ក្រោម​ហ្នឹង​ថែម​ទៀត ជា​ពិសេស​តំណាង​របស់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។ អា​ហ្នឹង​គេ​អាច​ឲ្យ​អ្វី​ដែល​មាន​ស្រាប់ គឺ​កាន់​តែ​មាន​ការ​ជឿ​ទុក​ចិត្ត និង​មាន​តម្លាភាព​ថែម​ទៀត»

គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម រង្ស៊ី ហ៊្វុនស៊ិនប៉ិច សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ។

គ.ជ.ប. មាន​សមត្ថភាព និង​ការ​ទទួល​ខុស​ត្រូវ​ពេញលេញ​ក្នុង​ការ​ចាត់ចែង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល។

សមាសភាព​សមាជិក​ថ្នាក់​ជាតិ​របស់ គ.ជ.ប. មាន​ចំនួន ៩​រូប។ ៥​រូប​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប​ពី​ខាង​គណបក្ស សម រង្ស៊ី និង ២​រូប​ទៀត​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សមាសភាព​ទាំង​នេះ​ត្រូវ​បាន​ជ្រើសរើស​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​អនុម័ត​ដោយ​រដ្ឋ​សភា។ ប៉ុន្តែ​សមាជិកភាព​ដែល​មាន​សមាសភាព​ជា​អ្នក​នយោបាយ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា ប្រៀប​ប្រដូច​ទៅ​នឹង​ការ​លេង​បាល់ទាត់ ដែល​មាន​អ្នក​ទាត់បាល់ និង​អាជ្ញា​កណ្ដាល​ជា​មនុស្ស​តែម្នាក់។

អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ឯករាជ្យ​ពិត​ប្រាកដ ហើយ​មាន​យុត្តិធម៌​ទៅ​បាន លុះ​ត្រា​តែ​សមាសភាព​នៃ​ស្ថាប័ន​មួយ​នេះ​ជា​មនុស្ស​ឯករាជ្យ មិន​ស្ថិត​ក្នុង​ជួរ​គណបក្ស​នយោបាយ។

លោក​បន្ត​ថា កម្ពុជា​គួរ​រៀន​សូត្រ​គំរូ​ដ៏​មាន​ការ​ជឿ​ទុក​ចិត្ត​ដូច្នេះ​ពី​ខាង​ប្រទេស​កាណាដា ឬ​ប្រទេស​ថៃ ៖ «គ.ជ.ប.​ហ្នឹង​គួរ​មាន​សមាជិក​ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​នយោបាយ។ ដូចជា​នៅ​ប្រទេស​កាណាដា ដែល​ខ្ញុំ​ទៅ​ផ្ទាល់ ទៅ​ឃើញ ហើយ​គេ​ប្រាប់​តែម្ដង គឺ​ថា នៅ​ស្រុក​គេ គេ​មាន​ប្រធាន​តែមួយ​ទេ ហើយ​គេ​ចាត់ចែង​ហូរហែ​អ៊ីចឹង​ទៅ គឺ​ប្រធាន​ហ្នឹង​គាត់​មិនមែន​ជា​សមាជិក​គណបក្ស​ណា​មួយ​ទេ ហើយ​ក៏​គេ​បោះបង់​ចោល​សិទ្ធិ​បោះ​ឆ្នោត​របស់​គេ​ដែរ​បាទ! នេះ​ដើម្បី​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត»

លោក​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​មួយ​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​បាន លុះ​ត្រា​តែ​មន្ត្រី​រាជការ ឬ​បុគ្គលិក​រដ្ឋ និង​មេដឹកនាំ​ស្ថាប័ន​របស់​រដ្ឋ​កំពូលៗ​ទាំង​អស់ មិន​ប្រឡាក់ប្រឡូស​ក្នុង​សកម្មភាព​គណបក្ស​នោះ​ឡើយ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

លោក​បន្ត​ថា អ្នក​ទាំង​នោះ​អាច​ធ្វើ​សកម្មភាព​គណបក្ស​បាន​ដែរ តែ​តាម​លក្ខណៈ​ប្រយោល ដូចជា​កិច្ចការ​រដ្ឋបាល ឬ​គណនេយ្យ ប៉ុន្តែ​មិន​ត្រូវ​ចេញ​ឃោសនា​បោះ​ឆ្នោត ឬ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​បក្ស​របស់​ខ្លួន​អ្វី​នោះ​ឡើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ដូច្នេះ ៖ «ប្រសិន​បើ​មន្ត្រី​រាជការ ក្រៅ​ពី​តំណាង​បក្ស​ហ្នឹង គួរ​តែ​កែប្រែ​អ្នក​តំណាង​បក្ស ហើយ​យក​មន្ត្រី​រាជការ​ដែល​ឯករាជ្យ​ខាង​នយោបាយ មិន​ចូល​បក្ស​ខាង​ណា យក​មក​កាន់​ការ ហើយ​តួនាទី​សំខាន់ៗ​គួរ​តែ​យក​មនុស្ស​បែប​ហ្នឹង គឺ​ឯករាជ្យ និង​អព្យាក្រឹត​ពី​រឿង​នយោបាយ​បក្ស។ យក​ល្អ​មិន​ត្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ​ទេ»

តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​កាន់​អំណាច លោក ជាម យៀប មាន​ប្រសាសន៍​ថា មតិ​ដែល​ចង់​ឲ្យ គ.ជ.ប. ឯករាជ្យ គ្រាន់​តែ​ទស្សនៈ​រិះគន់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​នោះ គឺ​ការ​គោរព​ច្បាប់​ជា​កត្តា​ចាំបាច់។

លោក​ថ្លែង​បន្ត​ថា កម្ពុជា​មិន​មាន​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​មនុស្ស​ឯករាជ្យ ឬ​មិន​ឯករាជ្យ​នោះ​ឡើយ ៖ «បើ​ច្បាប់​និយាយ​ថា យ៉ាង​ម៉េច​ហើយ យើង​អនុវត្ត​តាម​ហ្នឹង វា​អាច​ឯករាជ្យ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សំណួរ​ដូច​ដែល​គេ​បាន​ចោទ​ប្រកាន់​ហ្នឹង​ក៏​មាន​ខ្លះ​ដែរ។ អ៊ីចឹង​ទេ យើង​មិន​ដឹង​អ្នក​ណា​មាន​ជញ្ជីង និង​មាន​ម៉ែត្រ​សម្រាប់​វាស់​ថា ជន​ណា​មួយ​ដែល​មាន​ខួរ​ក្បាល​ឯករាជ្យ ដែល​មិន​ប្រកាន់​គណបក្ស​ណា កាន់​ជើង​គណបក្ស​ណា​នោះ យើង​អត់​មាន​ទេ។ នៅ​ប្រទេស​ណា​ក៏ដោយ សូម្បី​តែ​គេ​រីក​ចម្រើន​ជឿនលឿន​កប់​ពពក​នោះ ក៏​ពិបាក​រក​អ្នក​ឯករាជ្យ ឬ​អព្យាក្រឹត​នោះ​ដែរ គឺ​ថា មនុស្ស​ដែល​ទេវតា​ចាត់តាំង​មក​គឺ​ជា​មនុស្ស​របស់​ទេវតា»

នៅ​ក្រោម​ការ​ចាត់ចែង​របស់ គ.ជ.ប. កម្ពុជា​បាន​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ម្តងៗ គេ​សង្កេត​ឃើញ គ.ជ.ប. ដែល​មាន​សមាជិក​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច​ជា​ញឹកញាប់​បាន​បដិសេធ​ពាក្យ​បណ្ដឹង​របស់​ក្រុម​បក្ស​ជំទាស់​ទាក់ទិន​នឹង​ភាព​អយុត្តិធម៌​នា​ពេល​បោះ​ឆ្នោត។

គ.ជ.ប. មិន​បាន​ជម្រះ​នូវ​ឈ្មោះ​ស្ទួន​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​សមាជិក​របស់ គ.ជ.ប. តាម​ឃុំ​សង្កាត់ ភាគ​ច្រើន​តែង​រើស​ចេញ​ពី​ខាង​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា ជា​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ហៅ​កាត់​ថា និកហ្វិច (NECFEC)។ បាន​មាន​ប្រសាសន៍​ថា គ.ជ.ប. ត្រូវ​តែ​ខិត​ប្រឹងប្រែង​ថែម​ទៀត ដើម្បី​បង្ហាញ​ការ​ជឿ​ទុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ៖ «រាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​កម្ពុជា​ខ្លួន​ឯង​ហ្នឹង យើង​ឃើញ​ថា នៅ​តែ​មាន​មតិ​មួយ​ចំនួន​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ អ៊ីចឹង គ.ជ.ប. មាន​តួនាទី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ជាក់ស្ដែង​នៅ​កម្ពុជា រឿង​ហ្នឹង​វា​ប្រហែល​ពិបាក​នឹង​ធ្វើ​ទៅ​បាន ដោយសារ​គណបក្ស​មួយ​ចំនួន​លើក​ឡើង​ថា វា​ពិបាក​ធ្វើ​បាន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា ការ​ចង់​បាន​ឲ្យ គ.ជ.ប. ឯករាជ្យ​នោះ គ្រាន់​តែ​ទស្សនៈ​នយោបាយ​របស់​បុគ្គល​មួយ​ចំនួន ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​សភាព​ជាក់ស្ដែង​នៃ​នយោបាយ​របស់​កម្ពុជា។

លោក ទេព នីថា បញ្ជាក់​ថា ៖ «ទី​មួយ​ខ្ញុំ​ចង់​និយាយ​ថា ពាក្យ តើ​ពាក្យ​ឯករាជ្យ​ហ្នឹង​វា​មាន​ន័យ​យ៉ាង​ម៉េច ហើយ​សម្រាប់​ប្រទេស​កម្ពុជា តើ​ត្រូវ​រក​មនុស្ស​ឯករាជ្យ​របៀប​ណា? អ្នក​និយាយ​ដែល​និយាយ​ថា ចង់​បាន​ឯករាជ្យ​សព្វ​ថ្ងៃ​នេះ ក៏​មិន​មែន​ជា​មនុស្ស​ឯករាជ្យ​ដែរ។ អ្វី​ដែល​យើង​ចង់​មើល​នោះ គឺ​ច្បាប់​សម្រាប់​អនុវត្ត​របស់​គណៈកម្មការ​បោះ​ឆ្នោត​ដែល​សភា​បាន​អនុម័ត»

អង្គការ​ខុមហ្វ្រែល បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រកប​ទៅ​ដោយ​ស្តង់ដារ​ខ្ពស់​ទៅ​បាន លុះ​ត្រា​កម្ពុជា រៀបចំ​គណៈកម្មការ​ជ្រើសរើស​សមាសភាព​របស់ គ.ជ.ប. ចេញ​ពី​គណបក្ស​នយោបាយ​ចម្រុះ ហើយ​បើក​ចំហ​ក្នុង​ការ​ដាក់​ពាក្យ។ ម្យ៉ាង​ទៀត​លក្ខណៈ​វិនិច្ឆ័យ​របស់​បេក្ខជន និង​បេក្ខនារី​ទាំង​ឡាយ មិន​ត្រូវ​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​រយៈពេល​ពី ២ ទៅ ៣​ឆ្នាំ មាន​បទពិសោធន៍​ការងារ​ដែល​គេ​ចាត់​ទុក​ថា ជា​មនុស្ស​សុចរិត អព្យាក្រឹត មាន​សុភវិនិច្ឆ័យ និង​ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មុន​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​ជា​សមាជិក​នៃ​គ.ជ.ប.។

ក្រុម​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ថែម​ទៀត​ទៅ​លើ​សមាសភាព​របស់ គ.ជ.ប. ឡើង​វិញ ព្រម​ទាំង​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ដំណើរការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​បាន​បួន​ដង​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៨។ លើក​ទី​១ គឺ​នៅ​ឆ្នាំ​១៩៩៣ នោះ ក្រោម​ការ​រៀបចំ និង​ឧបត្ថម្ភ​ដោយ​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNTAC ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា បាន​ធ្វើ​ឡើង​ប្រកប​ដោយ​សេរី និង​យុត្តិធម៌៕