នីទណ្ឌ​ភាព​នៅ​តែ​មាន​ចំពោះ​មន្ត្រី​យោធា​ដែល​បាញ់​សម្លាប់​មនុស្ស

មន្ត្រី​ស៊ើបអង្កេត​អង្កការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង​ថា ក្នុង​រយៈពេល ៥​ខែ ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០០៨​នេះ មាន​ខ្មាន់​កាំភ្លើង​ដែល​ជា​មន្ត្រី​យោធា​បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន ៥​ករណី​ផ្សេងៗ​គ្នា ដែល​ខ្មាន់​កាំភ្លើង​ទាំង​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​យក​មក​ផ្តន្ទាទោស​នៅ​ឡើយ។

0:00 / 0:00

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​ថា រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​អំពី​ការ​ពង្រឹង​នីតិរដ្ឋ ប៉ុន្តែ​ករណី​និទណ្ឌភាព​នៅ​តែ​កើត​មាន​នៅ​ឡើយ ហើយ​សមត្ថកិច្ច​មិន​គួរ​បណ្តោយ​ឲ្យ​ជន​ប្រដាប់​អាវុធ​នោះ​រួច​ខ្លួន​ឡើយ បើ​ទោះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​នោះ​មាន​ឋានៈ​អ្វី​ក៏​ដោយ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រាល់​បទ​ល្មើស​ដែល​កើត​ឡើង មិន​ទាន់​មាន​ជន​ល្មើស​ណា​មួយ បាន​ចាប់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ទេ ទើប​តែ​ឃើញ​ករណី​នៅ​មាត់​ទន្លេ ដែល​បាញ់​ថ្ងៃ​មុន​នោះ ឃើញ​ចៅក្រម​លោក ឆាយ គង់ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ក៏​ប៉ុន្តែ​ជន​ល្មើស​ក៏​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​តុលាការ​នៅ​ឡើយ​ដែរ។ ហើយ​ភាគ​ច្រើន យើង​ឃើញ​ថា ការ​បាញ់​បោះ​ហើយ គេ​សម្រួល​ទៅ​ជា​ថវិកា ហើយ​សុំ​បញ្ចប់​រឿង ដែល​ទាំង​អស់​នេះ​ហើយ យើង​ឃើញ​ថា បទ​ល្មើស​ព្រហ្មទណ្ឌ​មិន​អាច​ធ្វើការ​សម្រប​សម្រួល​ជា​ថ្នូរ​រដ្ឋប្បវេណី ហើយ​បញ្ចប់​នូវ​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ»

បើ​តាម​របាយការណ៍​មួយ​របស់​អង្គការ លីកាដូ បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​និង​បាញ់​ឲ្យ​របួស​ធ្ងន់​នោះ មាន​ជាក់​ស្តែង​ដូច​ជា មន្ត្រី​យោធា​នៃ​កងវិស្វកម្ម​កង​ពល​លេខ ៧០ បាន​បាញ់​ស្រី​មួយ​រូប ដែល​ធ្វើការ​រោងចក្រ​កាត់​ដេរ​មួយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា កន្លង​ទៅ។ មន្ត្រី​យោធា​ម្នាក់​ទៀត​នៃ​កង​វិស្វកម្ម​កង​ពល​លេខ ៧០ បាន​បាញ់​បុរស​ម្នាក់​ក្រោយ​ពួកគេ​គ្រោះថ្នាក់​ចរាចរណ៍។ ករណី​មន្ត្រី​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​មន្ត្រី​អង្គរក្ស​ម្នាក់​បាន​បាញ់​សម្លាប់​ស្តី្រ​បម្រើ​ភោជនីយដ្ឋាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ជាដើម។

ចំណែក​ឯ​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ អាដហុក លោក ច័ន្ទ សូវ៉េត បាន​ថ្លែង​ដែរ​ថា មាន​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា ឬ​ជា​កង​អង្គរក្ស​នោះ​ច្រើន​តែ​មិន​មាន​ការ​ផ្តន្ទាទោស។

លោក ច័ន្ទ សូវ៉េត មាន​ប្រសាសន៍​ថា ៖ «បើ​សិន​ជា​ជន​ល្មើស​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស ហើយ​មិន​ទទួល​ទោស មាន​ន័យ​ថា អំពើ​និទណ្ឌភាព​កើត​មាន ហើយ​បើ​អត់​មាន​រាង​ចាល វា​ធ្វើ​ឲ្យ​អ្នក​ដទៃៗ​ផ្សេង​ទៀត ជា​ពិសេស​ក្រុម​ប្រដាប់​អាវុធ ដែល​ធ្លាប់​តែ​ប្រើប្រាស់​អាវុធ​ហ្នឹង គឺ​គ្មាន​ការ​កោត​ខ្លាច អ៊ីចឹង​ហើយ​អំពើ​ល្មើស​ឧក្រិដ្ឋ​ហ្នឹង វា​តែងតែ​កើត​មាន។ ហើយ​ទាំង​អស់​នេះ វា​អាច​កើត​ឡើង​ដោយសារ​ថា មាន​ក្រុម​ជន​មួយ​ចំនួន គាត់​មាន​អាវុធ ដូច្នេះ ការ​ប្រើប្រាស់​អាវុធ​របស់​គាត់ មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​ក៏​បាន​រួច​ខ្លួន ពី​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៀត ពួក​គាត់​មាន​ខ្នង មាន​អ្នក​អំណាច​ធំ​នៅ​ក្នុង​រដ្ឋ ធ្វើ​ជា​ខ្នង​បង្អែក»

ក្រុម​មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា ការបណ្តែត​បណ្តោយ​ឲ្យ​ជន​ប្រព្រឹត្ត​ល្មើស​បាន​រួច​ពី​ការ​ចោទ​ប្រកាន់​នេះ គឺ​បង្ហាញ​ថយ​ចុះ​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស។

លោក​ថ្លែង​បន្ត​ថា ការ​មិន​អនុវត្ត​ច្បាប់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ជន​បរទេស​ដែល​ជា​អ្នក​វិនិយោគ នៅ​មាន​ភាព​អល់​ឯក ឬ​មិន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ទៀត​ផង៕