ទន្ទឹមនឹងមានការរីកចម្រើនខាងវិស័យបច្ចេកវិជ្ជាទំនើបៗ ដូចជា វិទ្យុ និងទូរទស្សន៍ ដែលកំពុងរីកដុះដាលច្រើនឡើងៗ នៅក្នុងប្រទេសកម្ពុជានេះ គេសង្កេតឃើញបញ្ហាពីរ ដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះថ្នាក់នោះ គឺទី១ ការតែងខ្លួន និងការស្លៀកពាក់របស់ពិធីការិនី និងអ្នកចម្រៀងលេចលើលេចក្រោមជ្រុលហួសពីប្រពៃណីខ្មែរពេក។ ទី២ ពិធីករខ្លះមិនចេះភាសាខ្មែរខ្លួនឯងជ្រៅជ្រះ និងឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ខ្មែរ ដែលជាហេតុធ្វើឲ្យបាត់បង់នូវខ្លឹមសារ និងអត្ថន័យ អក្សរសាស្ត្រជាតិ ព្រោះពាក្យពេចន៍ដែលពិធីករ ពិធីការិនីធ្វើអត្ថាធិប្បាយនៅតាមកញ្ចក់ទូរទស្សន៍ និងតាមស្ថានីយវិទ្យុកន្លងមកនេះ មានការខុសឆ្គង ដែលធ្វើឲ្យអ្នកស្ដាប់ ដែលជាជនជាតិខ្មែររាប់លាននាក់ យល់ច្រឡំ និងធ្វើតាមពិធីករ ពិធីការិនីទាំងនោះ។ បើរដ្ឋាភិបាលមិនចាត់វិធានការទាន់ពេលវេលាទេ បញ្ហានេះនឹងប៉ះពាល់ដល់វិស័យសិក្សាធិការជាតិរឹតតែខ្លាំងឡើងនៅពេលអនាគត។
បើលោកអ្នកនាង បើកទូរទស្សន៍ ឬវិទ្យុស្ដាប់ លោកអ្នកនាងនឹងឮពាក្យពីរម៉ាត់ ដែលពិធីករ ពិធីការានីខ្មែរចូលចិត្តប្រើ ហើយប្រើមិនដាច់ពីមាត់មិនប្រកាន់ពេលវេលា ឬមិនប្រកាន់ឃ្លាប្រយោគនោះ គឺពាក្យពីរម៉ាត់ថា «ជាមួយនឹង» និងពាក្យ «ក៏ដូចជា»។
សូមអញ្ជើញស្ដាប់ពាក្យទាំងនេះ ដែលពិធីករខ្មែរច្រើនប្រើនៅតាមប៉ុស្តិ៍វិទ្យុ ពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយដូចតទៅនេះ ៖ សំឡេងពិធីករពិធីការិនីនានា និយាយតាមប៉ុស្តិ៍វិទ្យុនានា ដោយប្រើពាក្យថា «ជាមួយនឹង» ឬ «ក៏ដូចជា» ជាញឹកញាប់៖ «អស់លោកអ្នក ក៏ដូចជាបងប្អូន...... បងប្អូននឹងទទួលយកបាន ក៏ដូចជា ខិតខំសាងអ្វីដែលល្អ......»។
ចំពោះការប្រើពាក្យខ្មែរមិនត្រឹមត្រូវរបស់ពិធីករដូច្នេះ កើតមានច្រើនឆ្នាំមកហើយ តែមិនត្រូវបានមន្ត្រី ឬប្រមុខរដ្ឋាភិបាលចាប់អារម្មណ៍ និងកែតម្រូវនៅឡើយ ក្រៅតែពីក្នុងរយៈពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន និងរិះគន់តារាខ្លះ ដែលស្លៀកពាក់បែបចម្លងវប្បធម៌បរទេសលេចលើលេចក្រោមឡើងលើឆាកនោះ។
ការប្រើពាក្យខ្មែរមិនត្រឹមត្រូវរបស់ពិធីករនៅតាមរលកធាតុអាកាសដូច្នេះ កំពុងតែធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់យកតម្រាប់តាមដោយមិនដឹងខ្លួនខុស។ អ្នកសិក្សាអក្សរសាស្ត្រខ្មែរខ្លះ បានរិះគន់ និងប្រៀបប្រដូចពិធីករខ្មែរទាំងនោះទៅនឹងមេភូមិ មេឃុំ ឬមេកងខ្មែរក្រហម កាលពីជំនាន់ ប៉ុល ពត ដែលពេលប្រជុំម្ដងៗ ពួកគេចូលចិត្តប្រើពាក្យថា «គឺថាដើម្បី...ដើម្បីគឺថា មួយហិកតាបីតោន» ដូច្នោះដែរ។ ពួកមេខ្មែរក្រហមទាំងនោះ និយាយភាសានេះដដែលៗ ដោយសារតែពួកគេមិនចេះអក្សរ។
ចំពោះពិធីករដែលចូលចិត្តប្រើពាក្យ «ជាមួយនឹង» និងពាក្យ «ក៏ដូចជា» ត្រូវបានយុវជនខ្លះ ដែលបានរៀនសូត្រជ្រៅជ្រះ បានប្រៀបប្រដូចពិធីករទាំងនោះហៅថា ជាពិធីករ «ក៏ដូចជា» ពិធីការិនី «ជាមួយនឹង» រួចហើយក៏បានបបួលគ្នាផលិតឈុតឆាកជាសំឡេងខ្លីៗ ផ្ញើរតាមសារអេឡិកត្រូនិក តាមប្រព័ន្ធទូរស័ព្ទដៃ ដែលភាសាអង់គ្លេស ហៅថា ប៊្លូធូហ្ស (Bluetooth) ទៅឲ្យមិត្តភ័ក្ដិនឹងអ្នកស្គាល់គ្នា ដទៃទៀតជាសញ្ញាក្នុងន័យរិះគន់ដល់ពិធីករទាំងនោះ ដែលឆាកឈុតចំអកឡកឡឺយមានដូចតទៅនេះ៖
(សំឡេង sound spot) ពិធីករ ៖ «សូមជម្រាបសួរទូរទស្សនិកជន ដែលទស្សនាជាមួយនឹងកម្មវិធីយើងនៅពេលនេះ...»។ ពិធីការិនី ៖ «ចាស៎! ជាមួយនឹងក្បាច់រាំ ដែលយើងបង្ហាញជូននៅពេលនេះ...»។
ទាក់ទងទៅនឹងការរិះគន់ពិធីករ ពិធីការិនីនេះដែរ លោក បណ្ឌិត នៅ ស៊ុន ផ្នែកអក្សរសាស្ត្រខ្មែរ មានប្រសាសន៍ថា ពិធីករ និងពិធីការិនីភាគច្រើន កន្លងបានប្រើពាក្យខុសនឹងវេយ្យាករណ៍ខ្មែរ
បណ្ឌិត នៅ ស៊ុន ៖ «រឿងហ្នឹងត្រូវតែកែប្រែបើប្រទេសកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាជាប្រទេសតែមួយ ហើយក៏ដូចជា។ បើថាប្រទេសកម្ពុជា ក៏ដូចជាប្រទេសណាណាដទៃទៀតហ្នឹងស្ថិតនៅក្នុងតំបន់ទទួលឥទ្ធិពលមូសុងអីឯណាឯណី អាហ្នឹងទៅរួច។ បើថាប្រទេសកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា ដូចជាប្រើអត់កើតទេអាហ្នឹង»។
ក្រៅពីនេះ លោកបណ្ឌិតបន្តថា មានពាក្យខ្មែរច្រើនទៀត ដែលពិធីករ និងពិធីការិនី បានប្រើខុស ហើយកំហុសនេះ ត្រូវបានពិធីករចម្លងប្រើតៗ គ្នាពីម្នាក់ទៅម្នាក់ ហាក់ដូចជាមិនដឹងខ្លួនខុសទាល់តែមកទល់ហ្នឹងពេលនេះ។
លោក បណ្ឌិត នៅ ស៊ុន ៖ «សូមអញ្ជើញសណ្ដាប់។ មិនមែនអញ្ជើញសណ្ដាប់ទេ គឺអញ្ជើញស្ដាប់។ សូមអញ្ជើញទំនាក់ទំនងតាមប៉ុណ្ណេះៗ អាហ្នឹងមិនត្រូវទេ ព្រោះអាហ្នឹងជានាម...។ បើសិនថា សូមអញ្ជើញធ្វើទំនាក់ទំនងជាមួយនឹងអ្នកណាហ្នឹងត្រូវ។ បើសិនថា អញ្ជើញទំនាក់ទំនងទៅតែម្ដង គឺអត់បានទេ ព្រោះអាហ្នឹងយើងយកនាមធ្វើជាកិរិយាសព្ទវាអត់ត្រូវតាមក្បួនខ្នាតគេ»។
ចំពោះការរិះគន់នេះ ត្រូវបានពិធីករ និងពិធីការិនី ឆ្លើយតបខុសៗ គ្នា។ ក៏ប៉ុន្តែ ពិធីករ ពិធីការិនីភាគច្រើន បានស្ដីបន្ទោសថា កំហុសទាំងនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា មិនមានសាលាឱ្យគេចូលវិជ្ជាជីវៈនេះ។
លោក អិត សេដ្ឋា ពិធីករដ៏ល្បីប្រចាំទូរទស្សន៍ ស៊ី.ធី.អិន (CTN) បដិសេធមិនអធិប្បាយរឿងនេះទេ។ ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា តារាភាពយន្តខ្មែរល្បី និងជាពិធីករិនីឯករាជ្យ ឬ Freelance announcer មានប្រសាសន៍ថា អ្នកនាងមិនចង់ធ្វើអត្ថាធិប្បាយរឿងនេះទេ ព្រោះវាអាចនាំឲ្យមានការយល់ច្រឡំថា ជាការវាយប្រហារលើតារា ឬពិធីករ ពិធីការិនីគ្នាឯង។
អ្នកនាង ចន ច័ន្ទលក្ខិណា ៖ «ភាគច្រើន ៩៩% គឺឡើងនិយាយ។ ប៉ុន្តែ ចំពោះអ្នកដែលឡើងនិយាយហ្នឹងចំនួនខ្លះ គេដូចជារៀនបានខ្ពង់ខ្ពស់អ៊ីចឹង ប្រើវាក្យសព្ទខ្ញុំគិតថាគេប្រើបានល្អ។ អ្នកខ្លះទៀតគេរៀនអត់បានខ្ពង់ខ្ពស់មែន ប៉ុន្តែបទពិសោធគេយូរឆ្នាំ គេក៏ជាពិធីករមួយល្អដែរ»។
រីឯអ្នកនាង ឌួង ហ្សូរីដា ពិធីការិនីប្រចាំទូរទស្សន៍អាស៊ីអគ្នេយ៍ ស៊ីធីវី (SEATV) បញ្ដាក់ថា នាងប្រឹងប្រែងកែតម្រូវ និងប្រឹងប្រែងធ្វើការនេះដោយផ្អែកលើចំណេះដឹងផ្ទាល់ខ្លួនឯង ព្រោះថានាងនិស្សិតចប់បរិញ្ញាប័ត្រ និងជានិស្សិតខាងគណនេយ្យ ហើយជារៀងរាល់ថ្ងៃនាងស្ដាប់ដំបូន្មានមន្ត្រីជើងចាស់ខ្លះមួយចំនួន ដូចជាលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានជាដើម ជួយកែតម្រូវជាបន្តបន្ទាប់។ តែទោះជាយ៉ាងណាក្ដីអ្នកនាងសុំឲ្យរដ្ឋាភិបាលបង្កើតសាលាជំនាញពិធីករ ទើបការងារនេះបានប្រសើរឡើង។
អ្នកនាង ឌួង ហ្សូរីដា ៖ «ក្នុងនាមជាពិធីករ ពិធីការិនីនេះ ខ្ញុំគិតថាជាអាជីពមួយ ដែលត្រូវការសិក្សាស្វែងយល់រហូត។ អ្វីដែលជាសំណូមពររបស់នាងខ្ញុំ ខ្ញុំចង់ឱ្យបង្កើតសិក្ខាសាលាណាមួយ ដែលមានសាស្ត្រាចារ្យអក្សរសាស្ត្រចូលរួម។ មួយទៀត ឱ្យលោកអ៊ំចាស់ៗ ដែលគាត់មានជំនាញខាងផ្នែកហ្នឹង ឬក៏អ្នកដែលគាត់មានការទើសទាល់ ឬទើសចិត្តហ្នឹងឱ្យគាត់ថា ពិធីករ ពិធីការិនីហ្នឹងកើតឡើងដោយអត់មានសាលា។ អ៊ីចឹងសុំមេត្តាឱ្យគាត់យល់។ មិនមែនថាពួកយើងមិនចង់ចូលរៀនទេ គឺចង់ចូលរៀន ប៉ុន្តែ សាលានោះនៅឯណា?»
លោក ម៉ៅ អយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកផ្នែកសិល្បៈ មានប្រសាសន៍ថា ក្រសួងព័ត៌មានមិនមានលទ្ធភាពបង្កើតសាលាបង្រៀនពិធីករ ពិធីការិនីនេះទេ ហើយការជ្រើសរើសពិធីករកន្លងមក គឺផ្អែកលើទេពកោសល្យភាគច្រើន ដោយមិនសូវគិតកម្រិតវប្បធម៌ប៉ុន្មានទេ។ មកទល់នឹងពេលនេះ ពិធីកររៀនតាមៗ គ្នា មិនមានសាលាបង្រៀនត្រឹមត្រូវទេ។
លោកបញ្ជាក់ថា ទោះយ៉ាងណាក្ដីសាលាវិជ្ជាជីវៈពិធីករ មិនសូវសំខាន់ប៉ុន្មានទេ រឿងដែលសំខាន់នោះ គឺផ្អែកលើកម្រិតវប្បធម៌អក្សរសាស្ត្ររបស់ពិធីករ ពិធីការិនីរៀងៗ ខ្លួន។ តែលោកអះអាងថា បើគេរៀនបានជ្រៅជ្រះចាប់ពីកម្រិតវិទ្យាល័យឡើងទៅ គេអាចនឹងអាចមានសមត្ថភាពធ្វើជាពិធីករ ពិធីការិនីបានគ្រប់គ្រាន់ហើយ៕
