ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​រក​ចំណូល​ក្នុង​មួយ​ឆ្នាំ​ជិត​៣០០​លាន​ដុល្លារ

មន្ត្រី​ក្រសួង​ការងារ​មើល​ឃើញ​ថា ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បច្ចុប្បន្ន កំពុង​មាន​ការ​កើន​ឡើង ហើយ​បាន​ប៉ាន​ប្រមាណ​ថា​ជា​ទូទៅ ពលករ​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ឆ្នាំៗ ជិត ៣០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

0:00 / 0:00

ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​១៥ តុលា ក្នុង​ប្រធាន​បទ​ស្ដីពី​ប្រាក់​ចំណូល​របស់​កម្មករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស លោក ហ៊ូ វុឌ្ឍី អគ្គ​នាយក​រង អគ្គ​នាយកដ្ឋាន​ការ​ងារ នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា ក្រសួង​ការ​ងារ​មាន​ផែនការ​រៀបចំ​យុទ្ធ​សាស្ត្រ​ចំនួន​៥​ដំណាក់​កាល ដើម្បី​បង្កើន​ការ​គ្រប់​គ្រង​ការ​វិល​ត្រឡប់​របស់​ពលករ និង​ប្រាក់​ឈ្នួល​បញ្ជូន​មក​ពី​បរទេស ដែល​ពួក​គេ​កំពុង​ធ្វើ​ការ។

លោក ហ៊ូ វុឌ្ឍី មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ៖ «យើង​ពង្រឹង​ការ​គ្រប់គ្រង​តាំង​ពី​ជ្រើស​រើស ធ្វើ​ម៉េច​ការ​ជ្រើស​រើស​កុំ​ឲ្យ​មាន​បញ្ហា​ច្រើន ខ្ញុំ​ជឿ​ថា​មាន​ច្រើន ហើយ​ពេល​ការ​អប់រំ​រៀន​សូត្រ​ក៏​កុំ​ឲ្យ​មាន​បញ្ហា​ទៀត ព្រោះ​កន្លង​មក មាន​បញ្ហា​ច្រើន​ដែរ ឥឡូវ​យើង​កំពុង​តែ​កែ​ទម្រង់​បញ្ហា​ហ្នឹង​ហើយ ហើយ​ពេល​បញ្ជូន​ទៅ​កុំ​ឲ្យ​មាន បញ្ហា​ហ្នឹង​ដែរ ដល់​ពេល​ថា​ត្រឡប់​មក​វិញ និង​ការ​បញ្ជូន​ប្រាក់​ក៏​គ្រប់​គ្រង​ទៀត ដូច្នេះ ៥​ដំណាក់​កាល​ហ្នឹង​យើង​នឹង​ពង្រឹង​ទាំង​អស់​នៅ​ឆ្នាំ​២០១១ នេះ»

ក៏​ប៉ុន្តែ​លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា បាន​ថ្លែង​ក្ដី​ចម្ងល់​ថា តើ​ក្រសួង​ការ​ងារ​ធ្វើ​ការ​គណនា​ប្រាក់​ចំណូល​របស់​កម្មករ​នោះ​របៀប​ណា។ លោក​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ធ្វើ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ពលករ​បាន​ចំណាយ​ទៅ​លើ​ការ​ចាយ​វាយ​ផ្ទាល់​ខ្លួន ចំណាយ​ប្រាក់​ទៅ​លើ​បញ្ហា​សុខភាព ចំណាយ​ទៅ​លើ​បំណុល​ដែល​ខ្លួន​បាន​ជំពាក់​ក្រុមហ៊ុន និង​អ្នក​រួម​ការ​ងារ រួម​ទាំង​ចំណាយ​ទៅ​លើ​សំលៀក​បំពាក់​ក្នុង​ការ​រស់​នៅ និង​ផ្ញើ​ឲ្យ​ក្រុម​គ្រួសារ​ផង ៖ «ពលករ​ដែល​ថា បាន​ប្រាក់​ខែ​ហ្នឹង សុទ្ធ​ហ្នឹង គឺ​ថា ២០០​ដុល្លារ​មិន​មែន​បាន​លុយ​ហ្នឹង​ទាំង​ដុល​ទេ គឺ​ថា​ត្រូវ​ចំណាយ​ទៅ​អស់​វិញ ហើយ​យើង​មើល​តាម​រយៈ​បញ្ជូន​លុយ​តាម​ប្រព័ន្ធ​នៃ​ការ​បញ្ជូន​លុយ បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ប្រទេស​កូរ៉េ ភាគ​ច្រើន​គឺ​មាន​គណនី​ផ្ទាល់​ខ្លួន ក៏​ប៉ុន្តែ​យើង​ពិនិត្យ​មើល​ប្រទេស​ថៃ​វិញ ការ​បញ្ជូន​លុយ គឺ​ច្រើន​តែ​ធ្វើ​ទៅ​តាម​មាន​សាច់​ញាតិ​ស្គាល់​គ្នា ឬ​តាម​មេ​ខ្យល់។ អ៊ីចឹង​លុយ​ហ្នឹង​មិន​ដឹង​ថា ពេល​ផ្ញើ​មក​ហើយ​វា​ត្រូវ​កាត់​កង​ចំណាយ​អី​បន្ថែម​ទៀត»

អ្នក​ទូរស័ព្ទ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​មួយ​រូប​ឈ្មោះ សុធា នៅ​ខេត្ត​កំពង់ចាម មាន​យោបល់​ថា ប្រសិន​ណា​បើ​ទំនាស់​ដីធ្លី​នៅ​កើត​មាន​នោះ ប្រជា​ពល​រដ្ឋ​នៅ​តែ​បន្ត​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​ទទួល​រង​នៅ​គ្រោះ​ថ្នាក់​ការ​ងារ​ដដែល ៖ «ខ្ញុំ​ចង់​សួរ​ថា តើ​ថ្ងៃ​ណា​ទៅ បាន​ឈប់​លក់​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស សំណួរ​ទី​១ ទី​២ តើ​ថ្ងៃ​ណា​ទៅ​បាន​ទើប​រដ្ឋាភិបាល​ឈប់​ប្លន់​ដី​ប្រជា​ពល​រដ្ឋ បើ​សិន​ជា​នៅ​មាន​ប្លន់​ដី​ទៀត ខ្មែរ​ត្រូវ​តែ​នៅ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​បរទេស»

ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់​លោក សុធា រស់​នៅ​ខេត្ត​កំពង់ចាម លោក ហ៊ូ វុឌ្ឍី អគ្គ​នាយក​រង អគ្គ​នាយកដ្ឋាន​ការ​ងារ នៃ​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល និង​វិជ្ជាជីវៈ បាន​បំភ្លឺ​ថា លោក​មិន​អាច​កំណត់​បាន​ទេ​ថា ថ្ងៃ​ណា​នឹង​ឈប់​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​នោះ។ ពី​ព្រោះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ឃើញ​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​ខ្មែរ​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ៖ «មាន​ពិសោធន៍​ថា នៅ​ប្រទេស​លើ​លោក​នេះ មិន​ត្រឹម​តែ​ប្រទេស​យើង ដែល​ទើប​តែ​អភិវឌ្ឍន៍​បាន​ប៉ុណ្ណឹង​ទេ ប្រទេស​គេ​ដែល​អភិវឌ្ឍន៍​មុន​យើង ហើយ​អភិវឌ្ឍន៍​ខ្ពស់​ជាង​យើង​ទៀត ក៏​នៅ​តែ​បញ្ជូន​ពលករ​ទៅ​បរទេស​ដែរ។ ឧបមា​កូន​ក្មួយ​លោក សុធា ទៅ​ប្រាក់​ហ្នឹង​មក​ចូល​ដល់​លោក សុធា ហ្មង អត់​មាន​ចូល​ថវិកា​រដ្ឋ​ទេ»

អ្នក​ទូរស័ព្ទ​ចូល​រួម​មួយ​រូប​ទៀត មក​ពី​ខេត្ត​តាកែវ លោក ចាន់ សុខ បាន​សំណូមពរ​ឲ្យ​ក្រសួង​ការ​ងារ​ធ្វើ​ការ​អង្កេត​ពី​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​បញ្ជូន​ពលករ ដើម្បី​ជៀស​វាង​ការ​បោក​ប្រាស់​កម្មករ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ ៖ «តើ​ក្រសួង​ការ​ងារ​បាន​ពិនិត្យ​មើល​ទេ ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​បង្កើត​ក្រុមហ៊ុន​ហ្នឹង តើ​ក្រសួង​បាន​ពិនិត្យ ឬ​ក៏​តាម​ដាន​ទេ តើ​អាច​បញ្ជូន​ទៅ​ស្រប​ច្បាប់​ទេ»

លោក ហ៊ូ វុឌ្ឍី អគ្គ​នាយក​រង អគ្គ​នាយកដ្ឋាន​ការ​ងារ នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​មាន​ក្រុមហ៊ុន​នាំ​ពលករ​ចំនួន ២៩​ក្រុមហ៊ុន ដែល​ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ទាំង​នោះ បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​ទៅ​ប្រទេស​ថៃ។ លោក​ថា ក្រសួង​ការ​ងារ​មាន​មន្ត្រី​តាម​ឃ្លាំ​មើល​ការ​ងារ​របស់​ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់ ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ទៅ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល ដែល​ខ្លួន​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រសួង​ការងារ។

លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា បាន​សំដែង​ការ​គាំទ្រ​ចំពោះ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​លោក​សុំ​ឲ្យ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការ​ងារ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​យន្តការ​នៃ​ការ​បញ្ជូន​ពលករ​ឲ្យ​កាន់​តែ​ប្រសើរ ជៀស​វាង​បញ្ហា​ការ​ក្រៀប​សង្កត់ រំលោភ​បំពាន បោក​ប្រាស់ និង​កេង​ប្រវ័ញ្ច​កម្មករ​ខ្មែរ ៖ «តាម​ពិត​ការ​ប៉ាន់​ស្មាន​វា​មាន​លក្ខណៈ​ខុសៗ គ្នា តាម​របាយការណ៍​របស់ World Bank ដែល​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​ឆ្នាំ​២០០៧ បាន​ប៉ាន់​ប្រមាណ​ថា និង​មាន​រហូត​ដល់ ៣២២​លាន អ៊ីចឹង​យើង​ឃើញ​ថា​ចំនួន​នេះ​ច្រើន​ណាស់។ ហើយ​គឺ​បាន​ប៉ាន​ស្មាន​ទៀត​ដែរ​ថា វា​តំណាង​ឲ្យ​ប្រហែល​ជា ៤.១%​នៃ​ផលិត​ទុន​សរុប​របស់​ជាតិ នេះ​ជា​ចំណូល​មួយ​ខ្ពស់​ណាស់​សម្រាប់​កម្ពុជា​យើង»

ប្រភព​ពី​អង្គការ​ខារ៉ាម​កម្ពុជា​ឲ្យ​ដឹង​ថា របាយការណ៍​ធនាគារ​ពិភព​លោក ធ្លាប់​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ចំណូល​របស់​កម្មករ​ក្នុង ១​ឆ្នាំៗ អាច​នឹង​កើន​ដល់ ៥០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ប្រសិន​បើ​កម្ពុជា​ធ្វើ​ការ​គ្រប់​គ្រង​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​បាន​ប្រសើរ ទាក់​ទង​ទៅ​និង​យន្តការ​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នោះ៕