មូលហេតុ​ជនជាតិ​ដើម​ភាគ​តិច​ចង់​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូលហភាព

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី កាន់​តែ​ច្រើន​បាន​នាំ​គ្នា​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់ ដើម្បី​សុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល​ទទួល​ស្គាល់​ផ្លូវ​ការ​បង្កើត​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ក្នុង​គោល​បំណង​សំខាន់ គឺ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ពួក​គាត់​ជា​លក្ខណៈ​សមូហភាព​សហគមន៍។

0:00 / 0:00

តើ​មូលហេតុ​អ្វី​បាន​ជា​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ចង់​បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព?

នេះ​គឺ​ជា​បទ​ភ្លេង និង​ចំរៀង​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ ប្រគំ​បើក​កម្មវិធី​ប្រជុំ​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​សហគមន៍ ភូមិ​កាលង ឃុំ​ល្បាំងមួយ ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​បញ្ចប់​ឯកសារ​នៃ​ការ​បង្កើត​សហគមន៍​ផ្លូវ​ការ និង​ឈាន​ទៅ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

ពិធី​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះ និង​មាន​ក្រុម​សហគមន៍​ជាង​១០០​នាក់ រួម​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម ក្រោម​ការ​គាំទ្រ​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ នៃ​អាជ្ញាធរ​ខេត្ត អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី និង​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហគមន៍​អឺរ៉ុប (EU)។

ប្រធាន​សហគមន៍​ភូមិ​កាលង លោក ប៉ាង ហ៊ាន មាន​ប្រសាសន៍​បើក​ពិធី​នេះ​ថា បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ គឺ​បញ្ឈប់​កុំ​ឲ្យ​មាន​ការ​ទិញ​លក់ ឬ​ការ​ចូល​កាន់​កាប់​ដីធ្លី​ជនជាតិ​ដើម​បាន​ត​ទៅ​ទៀត និង​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ មាន​ព្រៃ​ឈើ សត្វ​ព្រៃ និង​ដើម្បី​ថែ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ជនជាតិ​ព្រៅ បាន​នៅ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «មាន​ប្រយោជន៍ យើង​បាន​ដី​គង់វង្ស​ត​កូន​ចៅ កុំ​ឲ្យ​មាន​អ្នក​ខាង​ក្រៅ​គេ​ជ្រែក​ក្នុង​សហគមន៍​របស់​យើង។ យើង​ការពារ​បាន​ដី ព្រៃ​ឈើ ប្រភព​ទឹក ដី​តំបន់​ការពារ​ភ្នំ ថ្ម​ទាំង​អស់»

ភូមិ​កាលង គឺ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ពីរ​ផ្សេង​ទៀត​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច នៅ​ខេត្ត​រតនគិរី គឺ​ជនជាតិ​ដើម​ទំពួន ភូមិ​ប៉ាអរ ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ដែល​បាន​ប្រារព្ធ​ពិធី​ដូច​គ្នា​នេះ កាល​ពី​ថ្ងៃ​អង្គារ និង​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​កាំ ឃុំ​ល្អក់ ក្នុង​ស្រុក​អូរជុំ ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៣០ ខែ​សីហា ឆ្នាំ​២០១២។

ប្រធាន​សហគមន៍​ភូមិ​កាំ លោក តាវ៉ាងព្រាវ ប្រកាស​នៅ​ចំពោះ​មុខ​សមាជិក​សហគមន៍​ថា ធនធាន​ព្រៃ​ឈើ​ដីធ្លី​ក្នុង​តំបន់​ជនជាតិ​ដើម​ធ្លាប់​រស់​អាស្រ័យ​ផល បាន​បាត់​បង់​កាន់​តែ​ច្រើន ដោយ​សារ​ការ​អភិវឌ្ឍ​វិស័យ​ដីធ្លី ព្រៃ​ឈើ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ ដូច្នេះ​គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព អាច​ជួយ​ឲ្យ​ការ​ប្រើប្រាស់​ដីធ្លី និង​ធនធាន​ធម្មជាតិ​ក្នុង​ភូមិ​រក្សា​បាន​ស្ថិរភាព​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ៖ «ពី​មុន​ហ្នឹង អត់​មាន​ខាង​ក្រុមហ៊ុន ឬ​ក៏​អាជ្ញាធរ​ខាង​ថ្នាក់​លើ ខាង​រដ្ឋ គេ​មិន​សូវ​ធ្វើ​វិនិយោគ​ទេ។ ឥឡូវ​នេះ យើង​គិត​ថា បើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ បើ​យើង​មិន​ឲ្យ​ខាង​ក្រសួង​ទទួល​ស្គាល់​ទេ គេ​ប្រហែល​នឹង​យក​អស់»

របាយការណ៍​របស់​កម្មវិធី​សហគមន៍​ថ្នាក់​ជាតិ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ អាយឡូ (ILO) ឲ្យ​ដឹង​ថា ចាប់​ពី​រាជ​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​លើ​គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជា​កម្មសិទ្ធិ​សមូហភាព​មក មាន​ភូមិ​ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី និង​ភូមិ​ចំនួន​មួយ​នៅ​ខេត្ត​មណ្ឌលគិរី បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​សាក​ល្បង។ ទន្ទឹម​នេះ​ដែរ ក្រុម​ជនជាតិ​ដើម​ចំនួន​៤៨​សហគមន៍ នៃ​ខេត្ត​ទាំង​ពីរ បាន​ចុះ​បញ្ជី​អត្តសញ្ញាណ​ជនជាតិ​ដើម ទទួល​ស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​បង្កើត​សហគមន៍​ជនជាតិ​ដើម ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។

អ្នក​សម្រប​សម្រួល​អង្គការ​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី អាយ.ស៊ី.អេស.អូ (ICSO=Indigenous Community Support Organization) លោក ទេព បូរិន កត់​សម្គាល់​ថា ការ​ចុះ​បញ្ជី​ដីធ្លី​កម្មសិទ្ធិ​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​មាន​ភាព​យឺតយ៉ាវ ដោយ​សារ​ការ​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ទទួល​ស្គាល់​របស់​សហគមន៍​នីមួយៗ ត្រូវ​ចំណាយ​ពេល​ប្រមាណ​មួយ​ឆ្នាំ​ជា​មធ្យម។

លោក​បន្ត​ថា ប្រការ​នេះ​ធ្វើ​ឲ្យ​ដីធ្លី និង​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ ដែល​ក្រុម​សហគមន៍​ធ្លាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​លក្ខណៈ​ប្រពៃណី បាន​បាត់​បង់​កាន់​តែ​ច្រើន ហើយ​ក្រុម​សហគមន៍​នឹង​មិន​មាន​ដីធ្លី​គ្រប់គ្រាន់​ដើម្បី​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព៖ «យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សម្រប​សម្រួល​គាត់​ឲ្យ​មាន​ការ​គាំទ្រ​ខាង​ផ្លូវ​ច្បាប់ រាជ​រដ្ឋាភិបាល ទាំង​ជំនាញ យើង​ប្រឹង​ជាមួយ​សង្គម​ស៊ីវិល។ ច្បាប់​ភូមិបាល​ក៏​ទទួល​ស្គាល់​នៅ​ឡើយ ព្រោះ​គាត់​មាន​សិទ្ធិ​បន្ត​ការ​ប្រើប្រាស់​ទំនៀម​ទម្លាប់​របស់​គាត់។ ប៉ុន្តែ​យើង​មិន​ធានា​ថា​ទៅ​អនាគត គាត់​មាន​សន្តិសុខ និរន្តរភាព​នៃ​ការ​ប្រើប្រាស់​នេះ​ទេ»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី លោក ទឹម ស៊ីណាត បាន​ពន្យល់​ថា ក្រុម​សហគមន៍ និង​អាជ្ញាធរ​ដែនដី​មន្ត្រី​ជំនាញ មាន​តួនាទី​សំខាន់ កំណត់ និង​អភិរក្ស​ដី ឬ​តំបន់​ព្រៃ​ឈើ ដែល​សហគមន៍​ប្រើប្រាស់​អាស្រ័យ​ផល ដើម្បី​រក្សា​ដី​នោះ​ទុក​ចុះ​បញ្ជី​ដី​សហគមន៍។

លោក​បន្ត​ថា គោលការណ៍​បន្ថែម​របស់​រាជ​រដ្ឋាភិបាល ក៏​កំណត់​មិន​ឲ្យ​ក្រុម​ការងារ​វាស់វែង​ដី ជាពិសេស​ក្រុម​និស្សិត​វាស់វែង​ជា​ដី​កម្មសិទ្ធិ​ឯកជន ចំពោះ​ដី​ណា​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​មាន​បំណង​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សហគមន៍៖ «ក្រុមហ៊ុន​គាត់​ត្រូវ​គោរព​ដី​កប់​ខ្មោច ទៅ​កាប់​របស់​គាត់​ម៉េច​បាន។ ដី​ព្រៃ​អារក្ស​របស់​គាត់ អាជ្ញាធរ​ដែនដី​ត្រូវ​ទប់ស្កាត់​ទៅ កុំ​ឲ្យ​ទៅ​កាប់​ព្រៃ​របស់​គាត់​ហ្នឹង។ មេ​ភូមិ មេ​ឃុំ គេ​ទទួល​ស្គាល់​តើ ថា​អា​ហ្នឹង​ដី​កប់​ខ្មោច​របស់​ខ្ញុំ អា​ហ្នឹង​ដី​ព្រៃ​អារក្ស​របស់​ខ្ញុំ​ទេ»

អ្នក​សម្រប​សម្រួល​កម្មវិធី​សហគមន៍​ថ្នាក់​ជាតិ នៃ​អង្គការ​អាយឡូ លោក សេក សោភ័ណ្ឌ ចាប់​អារម្មណ៍​ថា ទំនាស់​ដីធ្លី​នានា​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ក៏​ជា​ឧបសគ្គ​រំខាន​ដល់​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍។ ហេតុ​នេះ ប្រការ​សំខាន់ ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជ​រដ្ឋាភិបាល​ប្រញាប់​ចាត់​វិធានការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​បាន​រួច​រាល់ ដើម្បី​សហគមន៍​បាន​ទទួល​សិទ្ធិ​ចុះ​បញ្ជី​ដីធ្លី​តាម​បំណង​ប្រាថ្នា៖ «អ្នក​ដែល​ពាក់ព័ន្ធ​រឿង​នេះ​មាន​ច្រើន ជាពិសេស​សហគមន៍​ខ្លួន​ឯង​ហ្នឹង ត្រូវ​ពង្រឹង​សាមគ្គីភាព​សហគមន៍​ដែរ។ ដឹង​ថា​ដី​ខ្លួន​ឯង​សល់​ប៉ុន្មាន សមាជិក​មាន​ប៉ុន្មាន​នាក់ ហើយ​សមាជិក​ទាំង​អស់​ហ្នឹង​ព្រមព្រៀង​គ្នា​ចុះ​ជា​សហគមន៍ ហើយ​គ្រប់គ្រង​ដី​ជា​សមូហភាព​តាម​ច្បាប់ ឬ​តាម​ប្រពៃណី​របស់​ខ្លួន​ត​ទៅ​ទៀត​ទេ?»

ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​លំផាត់ លោក ហា ណែន មាន​ប្រសាសន៍​គាំទ្រ​គោល​បំណង​ចុះ​បញ្ជី​ដីធ្លី​ជនជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​ទទួល​ស្គាល់​ដែរ​ថា កន្លង​ទៅ​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម ត្រូវ​បាន​ទិញ​លក់ ក្នុង​នោះ​តំបន់​ព្រៃ​ឈើ ដី​ចម្ការ​វិល​ជុំ​ត្រៀម​បម្រុង​សហគមន៍ បាន​បាត់​បង់​ដោយ​សារ​អាជ្ញាធរ និង​សហគមន៍​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ៖ «ធ្វើ​ម៉េច យើង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស ទាំង​ដី ទាំង​ឈើ គ្មាន​ដី​ធ្វើ​ស្រែ គ្មាន​ដី​ធ្វើ​ចម្ការ គ្មាន​ឈើ​ធ្វើ​ផ្ទះ គ្មាន​ឈើ​ធ្វើ​អុស គ្មាន​ជម្រក​សត្វ។ យើង​សំណូម​ពរ​សហគមន៍​យើង ធ្វើ​ម៉េច​ឲ្យ​បាន​ល្អ»

អនុក្រឹត្យ​ស្ដីពី​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ គឺ​រដ្ឋ​មាន​គោលការណ៍​ចុះ​បញ្ជី​ដី​ដល់​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ណា​ដែល​ចង់​បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។ ក្នុង​នោះ រដ្ឋ​មាន​គោល​នយោបាយ​ផ្តល់​ដី​តំបន់​កប់​សព​ប្រពៃណី​សហគមន៍ មិន​លើស​ពី​៧​ហិកតារ។ ដី​តំបន់​ព្រៃ​សម្រាប់​ធ្វើ​សក្ការបូជា មិន​លើស​ពី​៧​ហិកតារ និង​ដី​ត្រៀម​បម្រុង​មួយ​ចំណែក​ទៀត ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ដី​ត្រៀម​បម្រុង ដែល​មាន​នៅ​ក្នុង​សហគមន៍​នីមួយៗ ដើម្បី​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​សហគមន៍ ប៉ុន្តែ ចំណែក​ដី​ទាំង​អស់​នោះ​មិន​អាច​លក់​ដូរ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។