អតិផរណា​បង្ខំ​កម្មការិនី​រោងចក្រ​ឲ្យ​ចាកចោល​ម៉ាស៊ីន​ដេរ​ទៅ​ធ្វើ​ស្រី​លក់​ស្រាបៀរ

កាសែត​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អតិផរណា​ដែល​ចេះ​តែ​ហក់​ឡើង​ខ្ពស់​និង​ប្រាក់​បៀវត្ស​ដែល​មិន​ព្រម​ឡើង​តាម​នោះ បាន​ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​ផលិត​សម្លៀក​បំពាក់​ច្រើន​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ចាកចោល​ម៉ាស៊ីន​ដេរ​ទៅ​ធ្វើ​ស្រី​ឡង់សេ​ស្រាបៀរ ឬ​ធ្វើការ​តាម​បារ៍ រង្គសាល និង​ហាង​ខារ៉ាអូខេ​វិញ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍ លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ថា តាំង​ពី​ខែ​មីនា​មុន​នេះ​មក ស្រីៗ​ជាង​២​ម៉ឺន​៧​ពាន់​នាក់ បាន​ឈប់​ធ្វើការ​រោងចក្រ​ព្រោះ​ប្រាក់​ខែ​តាម​តម្លៃ​ទំនិញ​មិន​ទាន់ ហើយ​មាន​អំពើ​ពុករលួយ​នៅ​គ្រប់​ទីកន្លែង​ក្នុង​រោងចក្រ។ ដូច្នេះ​ហើយ​បាន​ជា​ស្រីៗ កាន់តែ​ច្រើន​បាន​បង្ខំ​ចិត្ត​រក​ការងារ​ថ្មី​ដែល​ផ្តល់​ចំណូល​ឲ្យ​ច្រើន​ជាង។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្តី កញ្ញា ហ៊ុន ដាណែត ឲ្យ​ដឹង​ថា នាង​ធ្លាប់​បាន​ប្រាក់​ខែ​ពី​៦០ ទៅ ១២០​ដុល្លារ​កាល​ពី​ធ្វើការ​នៅ​រោងចក្រ។ តែ​ឥឡូវ ក្នុង​ឋានៈ​ជា​ស្រី​ឡង់សេ នាង​បាន​ចំណូល​៣០០​ដុល្លារ។ ពី​មុន មិន​សូវ​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ​ម្តាយ​នៅឯ​ស្រុក​ទេ តែ​ឥឡូវ​នាង​អាច​ផ្ញើ​ឲ្យ​ម្តាយ ១០០​ដុល្លារ រៀង​រាល់​ខែ។ នាង​ថា មិន​ចូលចិត្ត​មុខ​របរ​ថ្មី​នេះ​ឡើយ តែ​ពុំ​អាច​រក​ការងារ​ណា​ផ្សេង​ទៀត ដែល​ផ្តល់​កម្រៃ​ច្រើន​ជាង៕