ឥទ្ធិពល​នៃ​អំណាច​របស់​អ្នក​ធំ​នៅ​កម្ពុជា

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​ទ្រព្យធន​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន កំពុង​ប្រើប្រាស់​អំណាច​ដែល​បាន​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ដើម្បី​បង្ហាញ​ពី​មុខមាត់​ឲ្យ​គេ​កោតខ្លាច និង​ការពារ​មុខ​របរ​អាជីវកម្ម​របស់​ខ្លួន។

0:00 / 0:00

ការ​ស្វែង​រក​ប្រភព​អំណាច​មក​ដាក់​ខ្លួន​ឲ្យ​កាន់តែ​សម្បើម​បែប​នេះ គេ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​អស់ រាប់​ទាំង​ការ​បម្រើ​គាំទ្រ​នយោបាយ​បក្ស និង​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​តាម​ស្ថាប័ន​ជាតិ​នានា តាម​រយៈ​ការ​ចាយ​លុយ​កាក់​ដ៏​សម្បូរ​បែប​របស់​ពួកគេ។ មាន​អ្នក​ខ្លះ​បាន​បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច តាម​រយៈ​ការ​ថត​រូប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល មាន​ដូចជា​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា​ជាដើម យក​មក​ដាក់​តាំង​នៅ​ក្រុមហ៊ុន ឬ​ទីតាំង​ប្រកប​របរ​អាជីវកម្ម ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ផង​ដឹង​ថា ម្ចាស់​ គ្រឹះស្ថាន​មួយ​នេះ​មាន​ខ្នង​បង្អែក​រឹងមាំ មាន​ស្គាល់​ជិតដិត​ជាមួយ​អ្នក​ធំ និង​មាន​អំណាច​គ្រប់គ្រាន់។

សកម្មភាព​ទាំង​នេះ​ចង់​មិន​ចង់​ក៏​ធ្វើ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​តូចតាច​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ការ​ខ្លាច​រអា​ខ្លះ​ដែរ ឬ​គេ​ច្រើន​តែ​និយាយ​ថា ផ្ទះ​នោះ ឬ​ក្រុមហ៊ុន​នោះ​មាន​ខ្សែ​កថា​ក្រាស និង​មាន​អ្នក​ស្គាល់ បក្ខពួក មិត្តភ័ក្ដិ ជា​អ្នក​ធំ​មិន​អាច​ប៉ះពាល់​បាន។ ដូច​សុភា​សិត​មួយ​បាន​ពោល​ថា «បើ​ចង់​វាយ​ឆ្កែ​ត្រូវ​ឲ្យ​មើល​ម្ចាស់»។

ពលរដ្ឋ​ម្នាក់​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ចត​រ៉ឺម៉ក​រង់ចាំ​ភ្ញៀវ​នៅ​ជិត​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វារ មាន​ប្រសាសន៍​ពី​ការ​កត់​សម្គាល់​អំពី​រឿង​នេះ​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់​មួយ​ចំនួន​កំពុង​សប្បាយ​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ដែល​បាន​ពី​ការ​រាប់អាន​ជិតស្និទ្ធ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ យក​មក​គាប​សង្កត់​អ្នក​ក្រីក្រ និង​យក​ប្រៀប​លើ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​បាន​យក​តួនាទី​ដែល​មាន​ទៅ​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​ឡើយ។

«យើង​ចូល​ទៅ​ផ្ទះ​គេ គេ​ថត​ជាមួយ​អ្នក​ធំៗ យើង​ឃើញ​ហើយ​យើង​ដឹង​ថា អ្នក​នេះ​អង្គរក្ស​អ្នក​នេះ អ្នក​នេះ​ជិតដិត​នឹង​អ្នក​នេះ​ហើយ។ បើ​តាម​ខ្ញុំ​យល់ អា​ហ្នឹង​ដើម្បី​យក​អ្នក​ធំ​មក​អែប​ខ្លួន ដើម្បី​អំណាច ទី​១ ហើយ​ទី​២ ដើម្បី​ការ​រក​ស៊ី​ហ្នឹង ដើម្បី​ឃើញ​មាន​អ្នក​ធំ​អ៊ីចឹង ប៉ូលិស​មិន​សូវ​រក​រឿង​ប៉ុន្មាន​ទេ ព្រោះ​គេ​អ្នក​ធំ​ថត​ជាមួយ​អ្នក​ធំ»

បុរស​រូប​នេះ​យល់​ឃើញ​ថា ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ និង​បង្កើត​នូវ​បរិយាកាស​អាប់អួ កើត​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​វិទ្យាល័យ​មួយ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វប្បធម៌​ប្រើ​អំណាច​គំរាមកំហែង​អ្នក​ទន់​ខ្សោយ ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​អាង​មាន​ខ្សែ​រយៈ​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​នេះ កំពុង​ពេញ​និយម និង​កំពុង​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដោយសារ​ការ​ប្រើ​អំណាច​គ្មាន​ព្រំដែន​កំណត់​នេះ។

«សព្វថ្ងៃ​នរណា​អត់​មាន​ខ្នង អត់​មាន​បង្អែក អត់​មាន​ឧកញ៉ា​អី​ពី​ក្រោយ​ខ្នង រក​ស៊ី​អត់​បាន​ឋិតថេរ​យូរ​ទេ បើ​សិន​ជា​គ្មាន​ទេ​ហ្នឹង តិច​ទៀត​កន្លែង​ហ្នឹង​គេ​រក​លេះ​ទៅ​ចាប់​អ៊ីចេះ​មួយៗ​ឥឡូវ​ហ្នឹង ដើម្បី​រក​លេស​បិទ​ក្រុមហ៊ុន បិទ​ការ​រក​ស៊ី»

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ នាយ​ប៉ូលិស​មួយ​រូប​ដែល​កំពុង​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​វិថី​ម៉ៅសេទុង ក្នុង​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់ មុខមាត់​នៅ​ក្នុង​សង្គម តែង​តែ​ប្រើ​អំណាច​របស់​ខ្លួន ឬ​ឈ្មោះ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល មក​គាប​សង្កត់​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់​ក្រោម​តូចតាច​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​បំពេញ​ការងារ។

«ការ​ពិត​អ្នក​ធំ​តែម្ដង​មិន​សូវ​អី ណាស់​តែ​អ្នក​ស្គាល់​បង​ប្អូន​អី​ណាស់ កូន​ក្មួយ​អ្នក​ធំ​អី ល្មើស​អី ខុស​អី​មិន​ទទួល​កំហុស​ទេ តែងតែ​អាង​អ្នក​តូច​អាង​អ្នក​ធំ​អ៊ីចឹង តេ (ទូរស័ព្ទ) លិច តេ​កើត​អ៊ីចឹង​ណាស់ ជួនកាល​គាត់​មក​គាត់​រក​រឿង​សមត្ថកិច្ច​វិញ»

ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍ មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​អាង​អំណាច​ច្រើន​តែ​ល្មើស​​នឹង​ច្បាប់​ចរាចរណ៍ ប្រើ​រថយន្ត​ពុំ​មាន​ស្លាក​លេខ បើក​បរ​ពុំ​មាន​ប័ណ្ណ​បើកបរ ហើយ​នៅ​ពេល​សមត្ថកិច្ច​ណែនាំ​ឲ្យ​គោរព​ច្បាប់ អ្នក​ទាំង​នោះ​បាន​គំរាម និង​ប្រើ​ពាក្យ​សម្ដី​មើលងាយ​សមត្ថកិច្ច​ថែម​ទៀត​ផង ៖ «ជួប​បញ្ហា​អ៊ីចឹង​សម្រួល​ទៅ​តាម​ហ្នឹង។ ជួនកាល​គាត់​តេ​មក​សុំ​ជួប​យើង​សម្រួល​ជាមួយ​គាត់ និយាយ​ឲ្យ​ចំ​អ្នក​តូច​យើង​បាន​ត្រឹមតែ​ថា សម្រួល​ជា​មនោសញ្ចេតនា​វិញ យើង​អ្នក​តូច ប្រឆាំង​ជាមួយ​អ្នក​ធំ​ម៉េច​កើត»

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា បញ្ហា​អស់​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ​មិន​បាន​បង្ហាញ​ពី​លក្ខណៈ​ដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​យក​ច្បាប់​ជា​ធំ។ ផ្ទុយ​ទៅ​វិញ គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​និយម​ប្រើ​អំណាច​បុគ្គល បាន​ន័យ​ថា បុគ្គល​ណា​មាន​តួនាទី​ខ្ពស់ បុគ្គល​នោះ​មាន​អំណាច​ខ្លាំង ដើម្បី​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​ស្រេច​តែ​ចិត្ត ហើយ​ថ្នាក់ដឹកនាំ​កំពូល​បាន​ទុក​ឱកាស​ឲ្យ​អ្នក​ទាំង​អស់​នោះ​យក​អំណាច​ទៅ​រក​លុយ​កាក់ ដើម្បី​បំប៉ន​អំណាច​ក្នុង​ក្រុម ឬ​បក្ស​របស់​គេ​នោះ។

«យើង​មិន​អាច​បង្ក្រាប​អំពើ​ពុករលួយ ការ​ប្រើប្រាស់​អំណាច​ទៅ​លើ​អ្នក​ទន់​ខ្សោយ ដោយសារ​ពុករលួយ​វា​ជា​ប្រព័ន្ធ ហើយ​អ្នក​កាន់​អំណាច​ថ្នាក់​លើ​ហ្នឹង វា​ជា​លក្ខណៈ​គ្រួសារ​និយម បក្សពួក​និយម បុគ្គល​និយម​អ៊ីចឹង​ទៅ»

​លោក កឹម សុខា បាន​បញ្ជាក់​ទៀត​ថា អំពើ​នេះ​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​សង្គម​បាន​ទេ វា​ជា​សង្គម​មួយ​ដណ្ដើម​គ្នា​រស់ មិន​មែន​ជា​សង្គម​ដែល​ចែក​គ្នា​រស់​ដូច​នៅ​ប្រទេស​ដែល​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ ៖ «អ៊ីចឹង​នរណា​មាន​អំណាច​ច្រើន​អ្នក​នោះ​រស់​បាន​ស្រួល អ្នក​ណា​អត់​អំណាច​រស់​ពិបាក នេះ​ហើយ​ជា​សង្គម​ដែល​គេ​រៀបចំ។ មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​របស់​ប្រជាពលរដ្ឋ​យើង»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ជាម យៀប ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សព្វថ្ងៃ​ពិត​ជា​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ប្រើ​តួនាទី និង​ឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេង​ផ្ទុយ​ពី​ច្បាប់​កំណត់ ប៉ុន្តែ​លោក​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​មិន​មែន​ជា​ចេតនា ឬ​ឆ្លុះ​បញ្ចាំង​ពី​ឧត្ដមគតិ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​គាំទ្រ ឬ​សមគំនិត​ជាមួយ​ជន​ល្មើស​ទាំង​នោះ​ដែរ។

«ថ្នាក់ដឹកនាំ ទាំង​អង្គការ​នីតិប្បញ្ញត្តិ ទាំង​ប្រតិបត្តិ ដែល​ស្ថិត​នៅ​គណបក្ស​កាន់​អំណាច យើង​ឃើញ​ថា លោក​អត់​ដែល​កាន់​ជើង​អត់​ដែល​អី​ទេ​បុរស​អ៊ីចឹង នារី​អស់​អ៊ីចឹង គឺ​ថា ត្រូវ​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត»

លោក​បន្ត​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជានិច្ចកាល​តែងតែ​បាន​អប់រំ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​មាន​ក្រម​សីលធម៌​ល្អ ធ្វើ​ការ​គោរព​តាម​តួនាទី​ដែល​បាន​កំណត់ ហើយ​កុំ​ធ្វើ​អំពើ​ទាំង​ឡាយ​ណា​ជា​អំពើ​ល្មើសច្បាប់​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ថ្នាក់ដឹកនាំ។ ប៉ុន្តែ​បើ​ជន​ទាំង​នោះ​នៅ​ប្រព្រឹត្ត​បទល្មើស គឺ​មាន​តែ​ច្បាប់​ទេ​ជា​អ្នក​តម្រឹម ឬ​កំណត់​វាសនា​ជន​ល្មើស​ទាំង​នោះ។

«ឮ​សូរ​អ៊ីចឹងៗ គឺ​ថា​សុទ្ធ​តែ​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ថា ត្រូវ​តែ​ប្រាប់ និង​ណែនាំ គឺ​ថា ត្រូវ​ដក​ចេញ​នូវ​បញ្ជី នូវ​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​កាត់​ទោស​ទៅ​តាម​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នេះ​ជា​វិធានការ​រួម ជា​ទូទៅ​នៃ​ទីប្រឹក្សា​របស់​គ្រប់​ថ្នាក់ដឹកនាំ​ទាំង​អស់»

អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ឡើយ ដោយសារ​តែ​អ្នក​មាន​អំណាច អ្នក​មាន​លុយ​កាក់​ច្រើន​នៅ​តែ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ហើយ​អ្នក​ទន់​ខ្សោយ មាន​ដូចជា​ពលរដ្ឋ​ក្រីក្រ​ជាដើម នៅ​តែ​បង្ហូរ​ទឹក​ភ្នែក​ដោយសារ​ទទួល​ភាព​អយុត្តិធម៌​ពី​ការ​សម្រេច​ក្ដី​របស់​ចៅក្រម​តុលាការ​ពេល​មាន​ជម្លោះ​ម្តងៗ។

«តុលាការ​យើង​នេះ​មិន​ឯករាជ្យ​ទេ ដោយសារ​ថា ចំពោះ​ភាគី​ដើម​ចោទ ឬ​ចុង​ចោទ ឲ្យ​តែ​នរណា​មាន​អំណាច​មាន​បុណ្យស័ក្ដិ មាន​ខ្នង​បង្អែក​ធំ​អ៊ីចឹង គឺ​ដំណើរការ​នៃ​ការ​កាត់​ក្ដី​ផ្សេងៗ គឺ​ថា គាត់​ទទួល​បាន​ជោគជ័យ​ហើយ គ្នា​អ្នក​មិន​សូវ​មាន​ប្រាក់កាស ទន់​ខ្សោយ​អ៊ីចឹង គេ​ទទួល​បាន​នូវ​បរាជ័យ ហើយ​ការ​តវ៉ា​របស់​ប្រជាជន មន្ត្រី​រាជការ​តូចតាច​អ៊ីចឹង វា​គ្មាន​ប្រសិទ្ធភាព​ទេ ដោយសារ​តុលាការ​យើង​វា​មាន​ឥទ្ធិពល​ខាង ជា​ពិសេស​គណបក្ស​នយោបាយ គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ»

ការ​ប្រើ​អំណាច​លើសលប់​ដែល​ខ្លួន​មាន​របស់​មនុស្ស​មួយ​ចំនួន​ដែល​ស្គាល់​អ្នកធំ អ្នក​មាន​អំណាច​ក្នុង​សង្គម បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​ថ្មីៗ​នេះ។ នាយិកា​ពិធីការ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន គឺ​អ្នកស្រី ផេង គន្ធាបូរី និង​អតីត​ទីប្រឹក្សា រួម​ទាំង​ជំនួយការ​ចំនួន ៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​បទ​ឆ​បោក​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ ហើយ​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ មក​ទល់​ពេល​នេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ។

នៅ​ក្នុង​ពេល​មនុស្ស​ទាំង​នោះ​នៅ​ក្នុង​អំណាច​នៅ​ឡើយ មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ពួក​គាត់​ឡើយ។ តែ​នៅ​ពេល​នេះ ចៅហ្វាយ​នាយ​របស់​គាត់​បាន​ចោទ​គាត់ និង​ប្ដឹង​ទៅ​តុលាការ​ថា ពួកគាត់​បាន​ក្បត់​ការ​ទុក​ចិត្ត​របស់​ចៅហ្វាយនាយ​គាត់។ មនុស្ស​ទាំង​អស់​ចាំ​មើល​ថា តើ​មនុស្ស​ដែល​ស្គាល់​អ្នក​ធំ​ទាំង​នោះ​បាន​ទទួល​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ ឬ​ទេ? តើ​ការ​កាត់​ទោស​មនុស្ស​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​ដែល​និយម​ប្រើ​អំណាច​អ្នក​ធំ​ធ្វើ​បាប​អ្នក​តូចតាច​នោះ មាន​ការ​ខ្លាច​រអា ឬ​ទេ?