ទោះបីជាមានឧបសគ្គនេះក៏ដោយ ពលករកម្ពុជា ភាគច្រើននៅតែធ្វើការចំណាកស្រុកខុសច្បាប់ ដោយសារតែភាពខ្វះខាតការផ្សព្វផ្សាយព័ត៌មានការងារគ្រប់គ្រាន់ ហើយការធ្វើចំណាកស្រុកដោយខុសច្បាប់ ទទួលបានបៀវត្សខ្ពស់ជាងពលកម្មក្នុងប្រទេសកម្ពុជា។
សេចក្ដីប្រកាសក្រុងបាងកក ស្ដីពីទេសន្តរប្រវេសក៍មិនស្របច្បាប់ បានប្រកាសថា ទេសន្តរប្រវេសក៍អន្តរជាតិ ជាពិសេសទេសន្តរប្រវេសក៍មិនស្របច្បាប់ បានក្លាយជាក្ដីកង្វល់កាន់តែច្រើនឡើងដល់សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងសន្តិសុខ នៅប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាក់ស្ដែងប្រទេសកម្ពុជា មានពលករធ្វើការចំណាកស្រុកទៅក្រៅប្រទេសច្រើនជាង ៣សែន ៥ម៉ឺននាក់ ភាគច្រើនធ្វើការងារមិនស្របច្បាប់ ជាពិសេសនៅប្រទេសថៃ និងម៉ាឡេស៊ី។
ការចំណាកស្រុកនេះ បានបង្កជាក្ដីព្រួយបារម្ភដល់អ្នកធ្វើគោលនយោបាយ ឬរដ្ឋាភិបាល អំពីភាពខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ ទេសន្តរប្រវេសក៍មិនស្របច្បាប់ ជាបញ្ហារសើប ស្មុគស្មាញ និងពិបាកបំផុត ដោយបានចោទជាបញ្ហាខាងគ្រប់គ្រងដល់ប្រទេសបញ្ជូន និងប្រទេសទទួល ហើយជារឿយៗការធ្វើដំណើរឆ្លងកាត់ ធ្វើឡើងនៅក្រៅក្របខ័ណ្ឌច្បាប់រវាងប្រទេសទាំងពីរ ដូច្នេះបញ្ហានេះពិបាកកត់ត្រា និងពិនិត្យតាមដានអំពីពលករទាំងនោះ។
ទោះជាយ៉ាងណា ទេសន្តរប្រវេសក៍មិនស្របច្បាប់ក៏បានចោទជាបញ្ហាខាងកិច្ចការពារដែរ។ ស្ថានភាពខុសច្បាប់ បានដាក់ទោសដល់អ្នកដែលឆ្លងដែនធ្វើការដោយមិនស្របច្បាប់ ឲ្យស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរបំផុត ដូចជាការរំលោភបំពាន និងការកេងប្រវ័ញ្ចពីសំណាក់ថៅកែ ឬនិយោជក ហើយពួកគេពុំបានទទួលកិច្ចការពារតាមផ្លូវច្បាប់ទេ។
ការសិក្សាជាច្រើន បានបង្ហាញលើលក្ខខ័ណ្ឌរស់នៅ និងការងាររបស់ពលករមិនស្របច្បាប់ បានបង្ហាញពីវត្តមានកម្រិតខ្ពស់នៃការកេងប្រវ័ញ្ច ដែលជាទូទៅមានទម្រង់ជាលក្ខណៈបោកបញ្ឆោតលើប្រាក់ឈ្នួល ការកាត់ប្រាក់ខែ ការដកហូតលិខិតឆ្លងដែន និងឯកសារសម្គាល់ខ្លួន ការឃុំខ្លួន លក្ខខ័ណ្ឌការងារក្រោមស្តង់ដារ និងមានការគំរាមកំហែងពីអាជ្ញាធរ។
របាយការណ៍ដែលសិក្សាដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (ស៊ី.ឌី.អរ.អាយ = CDRI) ប្រចាំឆ្នាំ២០១១ ទេសន្តរប្រវេសក៍មិនស្របច្បាប់នៅកម្ពុជា បានបង្ហាញថា នៅកម្ពុជា ទេសន្តរប្រវេសក៍ភាគច្រើនមិនស្របច្បាប់។ មូលហេតុធំដែលជំរុញឲ្យគាត់ចំណាកស្រុកដោយខុសច្បាប់ រួមមាន ភាពក្រីក្ររ៉ាំរ៉ៃ ការលំបាកក្នុងការរកចំណូល បញ្ហាផ្សេងៗរាំងស្ទះដល់ការធ្វើចំណាកស្របច្បាប់ រួមទាំងកង្វះការងារជាដើម។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏ធ្លាប់បានអះអាងថា ការងារនៅប្រទេសកម្ពុជា មានគ្រប់គ្រាន់សម្រាប់ស្រូបយកពលកម្ម ប៉ុន្តែកត្តាដែលជំរុញពលករចំណាកស្រុក គឺភាពខ្វះខាតព័ត៌មានទីផ្សារការងារក្នុងប្រទេសកម្ពុជា។
បញ្ហានេះ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា ទោះបីជាមានការផ្សព្វផ្សាយក៏ដោយ ប៉ុន្តែកត្តាទាក់ទាញពលករចំណាកស្រុកនោះ គឺការផ្ដល់ប្រាក់បៀវត្សខ្ពស់ជាងការងារនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍សេដ្ឋកិច្ចនេះនឹងជំរុញឲ្យមានពលកម្មចំណាកស្រុកច្រើនទៅក្រៅប្រទេស ដូចជាប្រទេសថៃ និងម៉ាឡេស៊ី ជាដើម។
លោក យ៉ា ណាវុធ មានប្រសាសន៍បន្តយុទ្ធសាស្ត្រមួយដែលអាចអនុវត្តន៍បានសម្រាប់ការកាត់បន្ថយពលករចំណាកស្រុក គឺការលើកកម្ពស់ស្ថានភាពការងារ៖ «បើសិនជាយើងអាចកែលំអពីលក្ខខ័ណ្ឌការងារឲ្យបានល្អប្រសើរ ហើយយើងអាចបង្កើនប្រាក់បៀវត្សយើងឲ្យច្រើនជាងហ្នឹងបន្តិច»។
ទោះជាយ៉ាងណា ក្នុងករណីភាគច្រើន ពលករមិនស្របច្បាប់តែងមានការជួយសម្រួលដោយពលករផ្សេងដែលមានបទពិសោធន៍ ឬឈ្មួញកណ្ដាល ហើយដំណើរការវាងាយស្រួល និងថោកជាងការជ្រើសរើសផ្លូវការ។ ការធ្វើលិខិតឆ្លងដែននៅប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាងគេ ដែលតាមការប៉ាន់ស្មានមានចំនួនជាង ១៣០ដុល្លារអាមេរិក ហើយប្រទេសដែលមានតម្លៃលិខិតឆ្លងដែនទាបជាងគេ គឺប្រទេសវៀតណាម និងហ្វីលីពីន ដែលចំណាយតិចជាង ២០ដុល្លារអាមេរិក។
អ្នកវិភាគសេដ្ឋកិច្ច លោក លឹម សុវណ្ណារ៉ា បានអះអាងថា ក្រៅពីបញ្ហាប្រឈមទាំងនោះដែលជំរុញឲ្យពលករចំណាកស្រុក គឺមានបញ្ហាបន្ថែមសំខាន់ផ្សេងទៀតដែលបានកើតឡើងនាពេលបច្ចុប្បន្ន នោះគឺភាពខ្វះខាតដីធ្លីគ្រប់គ្រាន់៖ «ក្រោយមក កត្តាសំខាន់ដែលយើងឃើញ មានការកើនឡើងប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន គឺកត្តាដី។ យើងឃើញប្រជាពលរដ្ឋដែលខ្វះដី មានកាន់តែច្រើនទៅៗ អាហ្នឹងជាមូលហេតុសំខាន់។ ខ្ញុំគិតថា មូលហេតុដែលអត់ដី ជាមូលហេតុមួយតែមិនជាសំខាន់ណាស់ណា ប៉ុន្តែពេលនេះ មូលហេតុដែលអត់ដីកាន់តែសំខាន់ប្រៀបធៀបទៅនឹងបីបួនឆ្នាំមុន»។
ទោះជាយ៉ាងណា ផលប៉ះពាល់អាក្រក់ដល់អ្នកធ្វើចំណាកស្រុកដោយខុសច្បាប់ គឺតែងតែទទួលការរំលោភបំពាន និងការកេងប្រវ័ញ្ចនានា ហើយករណីធ្ងន់ធ្ងរបំផុត គឺត្រូវរងគ្រោះដោយការជួញដូរមនុស្សថែមទៀត។ របាយការណ៍មួយរបស់គម្រោងអន្តរទីភ្នាក់ងារសហប្រជាជាតិ ស្ដីពីការជួញដូរមនុស្ស បានបង្ហាញថា បុរសស្ត្រី និងកុមារកម្ពុជា ត្រូវបានគេជួញដូរទៅប្រទេសថៃ ម៉ាឡេស៊ី ម៉ាកាវ និងតៃវ៉ាន់។ ចំពោះបុរស គេជួញដូរឲ្យទៅធ្វើការដោយបង្ខំក្នុងវិស័យកសិកម្ម នេសាទ និងសំណង់។ ស្ត្រី គេជួញដូរទៅធ្វើការបម្រើផ្លូវភេទ និងធ្វើពលកម្មដោយបង្ខំនៅក្នុងរោងចក្រ ឬធ្វើជាអ្នកបម្រើតាមផ្ទះ។
របាយការណ៍ទេសន្តរប្រវេសក៍មិនស្របច្បាប់របស់ ស៊ី.ឌី.អរ.អាយ បានបង្ហាញថា បញ្ហាទេសន្តរប្រវេសក៍មានច្រើនពាសពេញ អាចពាក់ព័ន្ធមួយចំណែកទៅនឹងកង្វះខាតគោលនយោបាយ និងច្បាប់ល្អៗ។ កម្ពុជា ជាអ្នកថ្មីថ្មោងក្នុងការគ្រប់គ្រង និងដំណើរការរដ្ឋបាលលើទេសន្តរប្រវេសក៍ពលកម្ម ហើយគេមើលឃើញថា ក្របខ័ណ្ឌច្បាប់ និងស្ថាប័ននៅកម្ពុជា នៅទន់ខ្សោយ និងគ្មានប្រសិទ្ធភាព។ ច្បាប់ផ្សេងៗនៅមានតិច មានចោះៗ និងខ្វះការគ្របដណ្ដប់គ្រប់ជ្រុងជ្រោយ ជាពិសេស ក្នុងដំណើរការគ្រប់គ្រងដំណើរទេសន្តរប្រវេសក៍ពលកម្ម កិច្ចការពារពលករទេសន្តរប្រវេសក៍ និងការធ្វើសមាហរណកម្មពលករដែលវិលត្រឡប់មកវិញ។
របាយការណ៍បានបន្ថែមថា ស្ថាប័នសាធារណៈនៅខ្វះខាតការទទួលខុសត្រូវច្បាស់លាស់ ការសម្របសម្រួល ធនធានមនុស្ស និងហិរញ្ញវត្ថុ។ ភាពទន់ខ្សោយផ្នែកច្បាប់ និងស្ថាប័ន វាកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារមិនបានគិតគូរពីបញ្ហាទេសន្តរប្រវេសក៍មិនស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
