លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំបូកសរុបកាលពីម្សិលមិញនេះបានមានប្រសាសន៍ថា គោលដៅរបស់ក្រសួងព័ត៌មានគឺចង់ឲ្យប្រជាពលរដ្ឋជាទូទៅ ទោះបីនៅតំបន់ដាច់ស្រយាលចុងកាត់មាត់ញកក៏ដោយ ក៏អាចទទួលបានព័ត៌មានពិតត្រឹមត្រូវនិងសមធម៌។
អង្គការ Human Rights Watch កាលពីពេលថ្មីៗនេះធ្លាប់បានរិះគន់ថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនសព្វថ្ងៃនេះបានត្រួតត្រា និងគ្រប់គ្រងទាំងស្រុងនូវបណ្តាស្ថានីយទូរទស្សន៍ទាំងអស់ និងស្ថានីយវិទ្យុភាគច្រើន ហើយថា អ្នកកាសែតដែលរិះគន់រដ្ឋាភិបាលត្រូវបានទទួលរងការគំរាមកំហែងប្តឹងផ្តល់ និងចាប់ដាក់គុក ដូចជាករណីលោក ហង្ស ចក្រា នាយកកាសែតខ្មែរម្ចាស់ស្រុក ជាដើម និងមិនដែលវែកមុខឃាតករដែលបានបាញ់សម្លាប់អ្នកកាសែតឲ្យឃើញយកមកផ្តន្ទាទោសឡើយ។
នៅទន្ទឹមគ្នានេះដែរអង្គការ Freedom House ក៏បានវាយតម្លៃថា កម្ពុជាគឺជាប្រទេសដែលគ្មានសេរីភាព ប៉ុន្តែការឲ្យពន្ទុនេះត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រតិកម្មថា ការវាយតម្លៃរបស់អង្គការ Freedom House មិនឆ្លុះបញ្ចាំងការពិតនោះទេ៕
