ទស្សនៈ​បញ្ញវន្ត​ខ្មែរ​ជុំវិញ​រឿង​វិវាទ​ព្រំដែន​កម្ពុជា​-ថៃ

ការ​ប្រឈម​មុខ​ផ្នែក​យោធា​រវាង​ខ្មែរ​និង​ថៃ បាន​បន្ត​អូស​បន្លាយ​រយៈពេល​ជាង​៦​ខែ​មក​ហើយ ដោយសារ​តែ​ការ​មិន​ឯកភាព​គ្នា​លើ​ចំណុច​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ជា​ពិសេស គឺ​ទំនាស់​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក។
ដោយ ហ៊ុយ វណ្ណៈ
2009-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទាហាន​ថៃ​រៀបចំ​បោះតង់​សម្រាក​នៅក្នុង​ដី​ខ្មែរ ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​១៨ សីហា ២០០៨។ កម្ពុជា​-ថៃ​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី​ស្ដី​ពី​ជម្លោះ​ព្រំដែន នា​ថ្ងៃ​១៨ សីហា ២០០៨ នៅ​ប្រទេស​ថៃ។
ទាហាន​ថៃ​រៀបចំ​បោះតង់​សម្រាក​នៅក្នុង​ដី​ខ្មែរ ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​១៨ សីហា ២០០៨។ កម្ពុជា​-ថៃ​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី​ស្ដី​ពី​ជម្លោះ​ព្រំដែន នា​ថ្ងៃ​១៨ សីហា ២០០៨ នៅ​ប្រទេស​ថៃ។
RFA Photo/Savyuth

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​នយោបាយ​មួយ​រូប គឺ​លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​ថា វិបត្តិ​ព្រំដែន​កម្ពុជា​-ថៃ​នេះ នឹង​អាច​ដោះស្រាយ​រួច នៅ​ពេល​ដែល​គេ​កំណត់​បញ្ហា​ទំនាស់​នេះ​ឲ្យ​ច្បាស់ ៖ «យើង​ឈប់​និយាយ​ទៅ​ទំនាស់​ព្រំដែន យើង​ត្រូវ​តែ​ប្រើ​ពាក្យ​មួយ​ថា ការ​ឈ្លាន​ពាន។ ដើម្បី​អ្វី? ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​គេ​ចូល​ខ្លួន​មក​ដោះស្រាយ​ក្នុង​ពេល​ដែល​យើង​ប្ដឹង​គេ។ កាល​ណា​យើង​និយាយ​ពី​ទំនាស់ គឺ​ដាច់​ខាត​ជា​ទូទៅ​មិន​ដែល​មាន​រឿង​អង្គការ​សហប្រជាជាតិ​ចេញ​មុខ​ទេ។ ឧទាហរណ៍​យើង​ឃើញ​មាន​ទំនាស់​រវាង​កាស្មៀ រវាង​ហ្សកហ្ស៊ី រវាង​អី​ទាំង​អស់​ហ្នឹង យើង​ឧទាហរណ៍ ប៉ុន្តែ​បើ​សិន​ជា​រំលោភ ដូច​យើង​ឃើញ​ហើយ​នៅ​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​អ៊ីរ៉ាក់ រំលោភ​ទឹក​ដី គុយវ៉េត បាន​ន័យ​ថា អង្គការ​សហប្រជាជាតិ​ដើរ​តួនាទី​ក្នុង​ការ​ដោះស្រាយ»

សូម​ជម្រាប​ថា វិបត្តិ​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ បាន​នាំ​ឲ្យ​ប្រទេស​នៃ​សមាជិក​អាស៊ាន​មួយ​ចំនួន​ចង់​ដើរ​តួនាទី​រួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ផង​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ចំណែក​ឯ​សហគមន៍​អន្តរជាតិ​ដែល​រួម​មាន​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​បារាំង​ផង​នោះ បាន​ជំរុញ​ឲ្យ​កម្ពុជា​និង​ថៃ​បន្ត​ដោះស្រាយ​ដោយ​ទ្វេ​ភាគី។

រូបមន្ត​នេះ​គឺ​ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ និង​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​មើល​ឃើញ​ថា មិន​អាច​ទៅ​រួច​ឡើយ ក៏​ប៉ុន្តែ​រូបមន្ត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ស្រប​នឹង​នយោបាយ​របស់​ថៃ​ដែល​លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «នយោបាយ​របស់​ថៃ​ចង់​បិទ​បាំង​នូវ​ភាព​អាក្រក់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពិភពលោក​ថា​ខ្លួន​នៅ​តែ​ល្អ ខ្លួន​គ្មាន​បាន​ជ្រៀត​ជ្រែក​ទៅ​លើ​ប្រទេស​ណា​ទេ នេះ​វា​ជា​រឿង​នយោបាយ​ដោះស្រាយ​នៅ​ក្នុង​ព្រំដែន​តែ​ប៉ុណ្ណឹង។ ហើយ​តាម​ការ​ពិត​ថៃ បាន​រំលោភ​និង​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ពេញ​មុខ​ពេញ​មាត់ ដូច្នេះ​ហើយ​ថៃ​មិន​ចង់​ឲ្យ​ពិភពលោក​យល់​ដូច​ដែល​ប្រជាជន​កម្ពុជា ឬ​បញ្ញវន្ត​មួយ​ចំនួន​ដែល​គេ​យល់​ថា ថៃ​រំលោភ​បូរណ​ភាព​ទឹក​ដី មិន​មែន​ជា​រឿង​ព្រំដែន​ទេ»

នៅ​ក្នុង​ករណី​ដែល​មិន​ទាន់​មាន​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ ឬ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ទី​៣ លើ​ទំនាស់​ខ្មែរ​-ថៃ​នោះ លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​ថា មាន​ចំណុច​គន្លឹះ​មួយ​ចំនួន ដែល​ជម្លោះ​នេះ​នឹង​អាច​ត្រូវ​ដោះស្រាយ​ចេញ​រួច​តាម​រយៈ​ទ្វេ​ភាគី។

លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​ឧទាហរណ៍​កន្លង​មក ដែល​ប្រទេស​ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ដែល​ក្នុង​នោះ ថៃ​មាន​ទំនាស់​ព្រំដែន​ជា​មួយ​ប្រទេស​លាវ​នៅ​ឆ្នាំ​១៩៨៤ ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​១៩៩១ និង​ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ភូមា​នៅ​ឆ្នាំ​២០០១ មក​អធិប្បាយ​យ៉ាង​ដូច្នេះ​ថា ៖ «បញ្ហា​ព្រំដែន​រវាង​ប្រទេស​នៅ​ជុំវិញ​របស់​ប្រទេស​ថៃ​ហ្នឹង យើង​ឃើញ​ថា វា​គ្មាន​ដំណោះស្រាយ​ណា​ដែល​បរទេស​លូក​ដៃ​ទេ គឺ​មាន​តែ​ប្រទេស​ជម្លោះ​ហ្នឹង​បង្ហាញ​តុល្យភាព។ ឧទាហរណ៍​នៅ​ភូមា ឧទាហរណ៍​នៅ​ម៉ាឡេស៊ី ឧទាហរណ៍​នៅ​លាវ ចុង​ក្រោយ នៅ​ខ្មែរ​យើង​ហ្នឹង​ឯង។ យើង​ឃើញ​ហើយ​ប្រវត្តិសាស្រ្ដ​គឺ​ថា លើកលែង​តែ​ម៉ាឡេស៊ី​មួយ​ទេ ដែល​ថៃ​សុខ​ចិត្ត​អង្គុយ​ដោះស្រាយ ហើយ​ថៃ​សុខ​ចិត្ត​អត់​ប្រើ​កម្លាំង​យោធា​ទេ ដោយសារ​តែ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង​ប្រទេស​ថៃ អ៊ីចឹង​គេ​ដោះស្រាយ ហើយ​ប្រទេស​ម៉ាឡេស៊ី​គេ​ធ្វើ​របង ក្រៅ​តែ​ពី​ហ្នុង​គឺ​ថា​ប្រើ​កម្លាំង​យោធា​ទាំង​អស់។ នៅ​ភូមា​មាន​រហូត​ដល់​កាត់​ក្បាល​ទាហាន​ថៃ​ទៀត នៅ​ប្រទេស​លាវ ក៏​ដូច​គ្នា​ដែរ តាម​របាយ​ការណ៍​ដែល​យើង​ស្រាវជ្រាវ​ហ្នឹង ងាប់​ទាំង​សងខាង ១​ពាន់ ប៉ុន្តែ​ការ​ពិត មិន​មែន​ប៉ុណ្ណឹង​ទេ»

នៅ​ក្នុង​ករណី​របស់​កម្ពុជា​វិញ លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​ចំណុច​សំខាន់​៤​ទៀត ដើម្បី​ជា​កម្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដែល​ក្នុង​នោះ​រួម​មាន កម្ពុជា​ត្រូវ​ពង្រឹង​កម្លាំង​យោធា បង្ហាញ​នូវ​ឯករាជ​ភាព​ខាង​សេដ្ឋកិច្ច ពង្រីក​នយោបាយ​ការ​បរទេស​និង​ប្រមូល​ការ​គាំទ្រ​ពី​មហាជន​និង​បញ្ញវន្ត​ខ្មែរ។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ពី​តុល្យភាព​កម្លាំង​យោធា​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ប្រទេស​កម្ពុជា យើង​រក​ដំណោះស្រាយ​ការ​ទូត ប៉ុន្តែ​ក៏​យើង​មិន​អាច​បំភ្លេច​នូវ​កម្លាំង​តុល្យភាព​ខាង​យោធា​បាន​ដែរ។ យើង​ឃើញ​ហើយ​ថា សង្ឃឹម​បរទេស យើង​សង្ឃឹម​តិច​តួច​ណាស់ សំខាន់​គឺ​ខ្លួន​យើង​ហ្នឹង​តែ​ម្ដង គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​មាន​កម្លាំង​យោធា​មាន​តុល្យភាព មិន​មាន​តុល្យភាព​យ៉ាង​ម៉េច គឺ​ថា​បង្ហាញ​អំពី​កម្លាំង​របស់​យើង ថា​យើង​នឹង​អាច​ឆ្លើយតប​គ្រប់​ពេល​វេលា​នៅ​ពេល​ណា​ដែល​ប្រទេស​ជិត​ខាង​រំលោភ​បូរណភាព​ទឹក​ដី​យើង»

ចំណែក​ឯ​ការ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​និង​ការ​ពង្រីក​នយោបាយ​ការបរទេស​វិញ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ៖ «យើង​បង្ហាញ​អំពី​សេដ្ឋកិច្ច​ដែល​យើង​អាច​មិន​ពឹង​ពាក់​គេ​បាន នោះ​ហើយ​ដែល​យើង​អាច​យក​ប្រទេស​ដែល​មាន​ទំនាស់​មក​អង្គុយ​លើ​តុ​ចរចា​បាន។ ចំណុច​ទី​៣ ក្នុង​សំណួរ​ទី​២​ហ្នឹង​ដដែល គឺ​យើង​ត្រូវ​ពង្រឹង​យ៉ាង​រឹងមាំ​ជាមួយ​ប្រទេស​មហា​អំណាច។ យើង​ដឹង​ហើយ​ថា ប្រទេស​មហា​អំណាច ពីព្រោះ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ថៃ​ច្រើន​ណាស់ ច្រើន​មែន​ទែន អ៊ីចឹង​យើង​គិត​មើល​ថា​តើ​យើង​ត្រូវ​ចាប់​ខាង​ណា នេះ​ជា​នយោបាយ​របស់​រដ្ឋាភិបាល ខ្ញុំ​មិន​មាន​សិទ្ធិ​អី ចូល​ទៅ​ក្នុង​កិច្ចការ​ហ្នឹង​ទេ។ អ៊ីចឹង​ដើម្បី​ឲ្យ​ឃើញ​ថា ឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​នយោបាយ​ការបរទេស ដើម្បី​ឲ្យ​គេ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ»

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត សុខ ទូច ថ្លែង​ទៀត​ថា ការ​រួបរួម​កម្លាំង​បញ្ញាជន​និង​មហាជន​ទាំង​ក្នុង​និង​ក្រៅ​បរទេស​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត​របស់​កម្ពុជា ៖ «ជា​ការ​ពិត​ណាស់ នៅ​ទី​នេះ កម្លាំង​ពលរដ្ឋ​និង​កម្លាំង​បញ្ញវន្ត​ហ្នឹង​ជា​បញ្ហា​សំខាន់​ណាស់ ដែល​ត្រូវ​ជួយ​កម្លាំង​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល កម្លាំង​ទឹក​ចិត្ត កម្លាំង​ជួយ​ឧបត្ថម្ភ កម្លាំង​គាំទ្រ។ បញ្ញវន្ត​ផ្ដល់​នូវ​ចក្ខុវិស័យ​និង​ត្រី​វិស័យ​ដើម្បី​ដោះស្រាយ»

សូម​ជម្រាប​ថា ទំនាស់​នៅ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​មួយ​នោះ បាន​កាន់​តែ​ក្តៅ​ឡើង រហូត​ឈាន​ដល់​មាន​ការ​ផ្ទុះ​អាវុធ​មួយ​ឈុត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ ហើយ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ទាហាន​ទាំង​សង​ខាង។

ជា​មួយ​គ្នា​នេះ ស្រប​ពេល​ដែល​ភាគី​ថៃ​ព្យាយាម​រក​ការ​ដោះស្រាយ​ទ្វេ​ភាគី​នោះ ថៃ​ក៏​បាន​បន្ត​ចល័ត​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​និង​បញ្ជូន​កម្លាំង​ចូល​ទន្ទ្រាន​នៅ​តាម​តំបន់​ខ្មែរ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ដែរ ដូច​ជា​ការ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​តំបន់​ច្រក​ជាំ​ស្រងាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​បញ្ចូល​កម្លាំង​ទ័ព​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តា​ក្របី​ជា​ដើម។

បើ​ទោះ​បី​ជា​ការ​ផ្ទុះ​អាវុធ​បាន​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​សេចក្តី​រាយការណ៍​ពី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទាហាន​ទាំង​សង​ខាង​បន្ត​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ព្រំដែន​នៅ​ឡើយ៕

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល