ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​លើ​មណ្ឌល​អប់រំ​សង្គមកិច្ច​២

ក្រសួង​មហាផៃ្ទ​នៃ​ប្រទេស​កម្ពុជា​កំពុង​តែ​បើក​ការស៊ើបអង្កេត​មួយ​នៅ​គ្រា​ដែល​មាន​ការចោទ​ប្រកាន់​ថា មណ្ឌល​អប់រំ​សង្គម​កិច្ច​ចំនួន​ពីរ​កន្លែង​កំពុងតែ​ក្លាយ​ជា​ជំរំ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់​ដើម្បី​ធ្វើ​ទារុណកម្ម ហើយ​ក្រសួង​បាន​បញ្ជា​ឲ្យ​មាន​ការផ្អាក​សកម្មភាព​នៃ​ការដឹក​ជញ្ជូន​មនុស្ស​បន្ថែម​យក​ទៅ​ឃុំឃាំង​នៅ​ទី​នោះ ។

0:00 / 0:00

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួង​បាន​ទទួល​បញ្ជា​ពី​លោក​ឧប​នាយក​រដ្ឋមន្រ្តី ស ខេង ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផៃ្ទ ឲ្យ​មាន​ការបើក​ការស្រាវជ្រាវ​ជុំវិញ​ការចោទ​ប្រកាន់​ខាង​លើ​នេះ ពីព្រោះ​គ្មាន​គោលការណ៍​ណា​មួយ​អនុញ្ញត​ដូច្នោះ​ទេ ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​គ្មាន​គម្រោងការ​បិទ​មណ្ឌល​ទាំង​ពីរ​នោះ​ទេ ប៉ុនែ្ត​ក្រសួង​មហាផៃ្ទ​តម្រូវ​ឲ្យ​មាន​ការកែលម្អ​ជា​ថ្មី​អំពី​ការគ្រប់គ្រង​នៅ​មណ្ឌល​ទាំង​នោះ ពីព្រោះ​វា​ជា​ទី​កន្លែង​ដែល​មាន​ស្រាប់​មិន​អាច​លុប​បំបាត់​បាន​ទេ ។

លោក អំ សំអាត មន្រ្តី​គ្រប់គ្រង​ផែ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ស៊ើបអង្កេត​អំពី​ករណី​ខាង​លើ​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ឯកឧត្ដម ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក​បាន​ឆ្លើយ​ថា​លោក​បាន​ទទួល​បណ្ដឹង​អំពី​អង្គការ​លីកាដូ ហើយ​លោក​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ ។ ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា មណ្ឌល​ទាំង​ពីរ​នេះ​ប្រហែល​ជា​មិន​បិទ ប៉ុន្តែ​ប្រហែល​ជា​មាន​ការកែតម្រូវ​ឡើងវិញ ។ ឃើញ​ថា​ក្រោយពី​មាន​ការអន្តរាគមន៍​ពី​អង្គការ​លីកាដូ​មក មក​ទល់​នឹង​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​មាន​ការចាប់​មនុស្ស​យក​ទៅ​ឃុំឃាំង​ដូច​មុន​ទៀត​ទេ ត្រូវ​បាន​ផ្អាក​មួយ​រយៈ ។ បើសិន​ជា​នេះ​ជា​រឿង​ផ្អាក​មួយរយៈ​ដោយ​មាន​ការធ្វើអន្តរាគមន៍ ហើយ​ក្រោយ​មក​បើ​មណ្ឌល​ទាំងអស់​នោះ​ធ្វើ​សកម្មភាព​ដូច​ដើម​វិញ​នោះ គឺ​ខាង​អង្គការ​លីកាដូ​មិន​អាច​ទទួល​យក​បាន​ទេ ។ បើសិន​ជា​មាន​មណ្ឌល​របៀប​នេះ សូម​បើក​ទូលាយ​ឲ្យ​មាន​សាធារណជន​អាច​ចូល​បាន អង្គការ​នានា​អាច​ចូល​ត្រួតពិនិត្យ​មើល​រាល់​សកម្មភាព​ទាំងអស់​ហ្នឹង​បាន ដែល​បង្ហាញ​ថា​មណ្ឌលនេះ​ពិត​ជា​មាន​សុចរិត អប់រំ​មនុស្ស និង​បង្កើន​វិជ្ជាជីវៈ​ដល់​មនុស្ស​ដែល​គ្មាន​ការងារ​ធ្វើ​នោះ​មែន»

សូម​រំឮក​ថា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ចេញ​ថែ្លងការណ៍​មួយ​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បិទ​មណ្ឌល​ទាំង​ពីរ​នេះ​ទាំងស្រុង ។

ការទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​ទាំង​ពីរ​ខាង​លើ​នោះ គឺ​ក្រោយពី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ធ្វើការ​ស៊ើបអង្កេត​ជា​ច្រើន​ខែ​កន្លង​មក​បាន​រក​ឃើញ​ថា កន្លងមក​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ក្រុម​ក្មេង​អនាថា ស្រ្តី​រកស៊ី​ផ្លូវ​ភេទ និង​យុវជន​ញៀន​គ្រឿង​ញៀន​ពី​ទីក្រុង​ភ្នំពេញ យក​ទៅ​ឃុំ​ខ្លួន​ចាក់​សោ​ក្នុង​បន្ទប់​តូច​ចង្អៀត គ្មាន​បង្គន់​អនាម័យ ខ្វះ​ម្ហូប​អាហារ និង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ព្រមទាំង​មាន​ការធើ្វ​ទារុណកម្ម​លើ​រាងកាយ​ដោយ​ក្រុម​សន្តិសុខ​លើ​ពួក​គេ​ទាំង​នោះ ។

មណ្ឌល​សង្គមកិច្ច​មួយ​កនែ្លង​គឺ​ស្ថិត​នៅ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ និង​មួយ​កន្លែង​ទៀត​នៅ​លើ​កោះ​គ ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​អតីត​មន្ទីរ​ឃុំឃាំង​របស់​ខែ្មរ​ក្រហម ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​មន្ទីរ​ឃុំឃាំង​ស្រប​ច្បាប់​ឬ​ពន្ធនាគារ​ចំនួន​ជាង​២០​កន្លែង​ប៉ុណ្ណោះ​សម្រាប់​ឃុំ​ខ្លួន​ទណ្ឌិត​និង​ជន​សង្ស័យ ៕