លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទនៃប្រទេសកម្ពុជាបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងបានទទួលបញ្ជាពីលោកឧបនាយករដ្ឋមន្រ្តី ស ខេង ជារដ្ឋមន្រ្តីក្រសួងមហាផៃ្ទ ឲ្យមានការបើកការស្រាវជ្រាវជុំវិញការចោទប្រកាន់ខាងលើនេះ ពីព្រោះគ្មានគោលការណ៍ណាមួយអនុញ្ញតដូច្នោះទេ ។
លោកបានបញ្ជាក់ឲ្យដឹងថា ក្រសួងគ្មានគម្រោងការបិទមណ្ឌលទាំងពីរនោះទេ ប៉ុនែ្តក្រសួងមហាផៃ្ទតម្រូវឲ្យមានការកែលម្អជាថ្មីអំពីការគ្រប់គ្រងនៅមណ្ឌលទាំងនោះ ពីព្រោះវាជាទីកន្លែងដែលមានស្រាប់មិនអាចលុបបំបាត់បានទេ ។
លោក អំ សំអាត មន្រ្តីគ្រប់គ្រងផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូដែលបានស៊ើបអង្កេតអំពីករណីខាងលើនេះកន្លងមក បានមានប្រសាសន៍ប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ឯកឧត្ដម ខៀវ សុភ័គ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកបានឆ្លើយថាលោកបានទទួលបណ្ដឹងអំពីអង្គការលីកាដូ ហើយលោកកំពុងតែធ្វើការស៊ើបអង្កេតទៅលើករណីនេះ ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា មណ្ឌលទាំងពីរនេះប្រហែលជាមិនបិទ ប៉ុន្តែប្រហែលជាមានការកែតម្រូវឡើងវិញ ។ ឃើញថាក្រោយពីមានការអន្តរាគមន៍ពីអង្គការលីកាដូមក មកទល់នឹងពេលនេះយើងមិនទាន់ឃើញមានការចាប់មនុស្សយកទៅឃុំឃាំងដូចមុនទៀតទេ ត្រូវបានផ្អាកមួយរយៈ ។ បើសិនជានេះជារឿងផ្អាកមួយរយៈដោយមានការធ្វើអន្តរាគមន៍ ហើយក្រោយមកបើមណ្ឌលទាំងអស់នោះធ្វើសកម្មភាពដូចដើមវិញនោះ គឺខាងអង្គការលីកាដូមិនអាចទទួលយកបានទេ ។ បើសិនជាមានមណ្ឌលរបៀបនេះ សូមបើកទូលាយឲ្យមានសាធារណជនអាចចូលបាន អង្គការនានាអាចចូលត្រួតពិនិត្យមើលរាល់សកម្មភាពទាំងអស់ហ្នឹងបាន ដែលបង្ហាញថាមណ្ឌលនេះពិតជាមានសុចរិត អប់រំមនុស្ស និងបង្កើនវិជ្ជាជីវៈដល់មនុស្សដែលគ្មានការងារធ្វើនោះមែន» ។
សូមរំឮកថាអង្គការសិទ្ធិមនុស្សលីកាដូ កាលពីដើមខែកក្កដាកន្លងទៅថ្មីៗនេះ បានចេញថែ្លងការណ៍មួយទាមទារសុំឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបិទមណ្ឌលទាំងពីរនេះទាំងស្រុង ។
ការទាមទារសុំឲ្យរដ្ឋាភិបាលបិទមណ្ឌលទាំងពីរខាងលើនោះ គឺក្រោយពីអង្គការសិទ្ធិមនុស្សលីកាដូ បានធ្វើការស៊ើបអង្កេតជាច្រើនខែកន្លងមកបានរកឃើញថា កន្លងមកអាជ្ញាធរបានចាប់ខ្លួនក្រុមក្មេងអនាថា ស្រ្តីរកស៊ីផ្លូវភេទ និងយុវជនញៀនគ្រឿងញៀនពីទីក្រុងភ្នំពេញ យកទៅឃុំខ្លួនចាក់សោក្នុងបន្ទប់តូចចង្អៀត គ្មានបង្គន់អនាម័យ ខ្វះម្ហូបអាហារ និងខ្វះទឹកស្អាតប្រើប្រាស់ ព្រមទាំងមានការធើ្វទារុណកម្មលើរាងកាយដោយក្រុមសន្តិសុខលើពួកគេទាំងនោះ ។
មណ្ឌលសង្គមកិច្ចមួយកនែ្លងគឺស្ថិតនៅព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ និងមួយកន្លែងទៀតនៅលើកោះគ ក្នុងស្រុកស្អាង ខេត្តកណ្តាល ជាអតីតមន្ទីរឃុំឃាំងរបស់ខែ្មរក្រហម ។
ផ្អែកតាមប្រភពបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានមន្ទីរឃុំឃាំងស្របច្បាប់ឬពន្ធនាគារចំនួនជាង២០កន្លែងប៉ុណ្ណោះសម្រាប់ឃុំខ្លួនទណ្ឌិតនិងជនសង្ស័យ ៕
