បំរាមហាមមិនឲ្យជក់បារីនៅទីកន្លែងធ្វើការរដ្ឋរបស់ក្រសួងមហាផ្ទៃបានធ្វើឡើងដោយយោងតាមខ្លឹមសារនៃលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីគោលការណ៍ហាមជក់បារីនៅក្នុងកន្លែងធ្វើការរបស់មន្ត្រីរាជការ សាលប្រជុំ រោងមហោស្រព និងផលវិបាកនៃការជក់បារីនិងស្រូបផ្សែងបារីពីអ្នកជក់ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណជន បរិស្ថាន ធ្វើឲ្យបាត់បង់ថវិកាគ្រួសារនិងសេដ្ឋកិច្ចជាតិផង។
ពលរដ្ឋវ័យចំណាស់ឈ្មោះ ជាម សេក រស់នៅសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដែលបានឈប់ពិសាបារីចំនួន ៥ឆ្នាំមកហើយ មានប្រសាសន៍ថា រូបគាត់គឺមានសុខភាពល្អជាងពេលគាត់នៅពិសាបារី។
លោក ជាម សេក បានឲ្យដឹងថា ៖ «គិតថា ឈប់តែម្ដងកុំឲ្យវាមានបញ្ហាលើសឈាម លើសអីអ៊ីចឹង! សុខភាពវាតាមដំណើរ អត់ជក់បារីវាម៉្យាង»។
សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលវិទ្យុអាស៊ីសេរីទើបទទួលបាននៅថ្ងៃទី១ ខែកុម្ភៈ បានណែនាំដល់មន្ត្រីរាជការនិងនគរបាលក្នុងទីស្តីការក្រសួងមហាផ្ទៃ ហាមដាច់ខាតមិនឲ្យមានជក់បារីនៅក្នុងអគារ ឬបន្ទប់ធ្វើការរបស់មន្ត្រីរាជការ នគរបាល ក្នុងទីស្តីការក្រសួង និងតាមផ្លូវចេញ-ចូលនៃអគារធ្វើការរបស់មន្ត្រីរាជការនិងនគរបាលទាំងនោះ។
សេចក្តីណែនាំនេះក៏តម្រូវឲ្យអនុវត្តនៅតាមខេត្តក្រុង និងតាមឃុំសង្កាត់នៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ ឬកាត់បន្ថយការជក់បារីរហូតឈានដល់ការលះបង់ទម្លាប់ជក់បារីទាំងស្រុង។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលធ្វើការពាក់ព័ន្ធថ្នាំជក់ លោកវេជ្ជបណ្ឌិត មុំ គង់ បានសាទរទៅនឹងបំរាមរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែអ្វីដែលអង្គការសង្គមស៊ីវិលចង់បាននោះគឺរដ្ឋាភិបាលត្រូវធ្វើការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈទាំងស្រុងទើបជាការប្រសើរបំផុត។
លោកវេជ្ជបណ្ឌិត មុំ គង់ បានមានប្រសាសន៍ថា ៖ «ចង់ឃើញរាជរដ្ឋាភិបាលយើងធ្វើការហាមឃាត់ការជក់បារីនៅទីសាធារណៈទាំងអស់»។
បន្ថែមលើសពីនេះលោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ឲ្យដឹងថា អ្នកជក់បារីក្រៅពីបានប៉ះពាល់ដល់សុខភាព ពេលវេលា និងថវិកា ការជក់បារីបានកាត់បន្ថយអាយុចំនួន ១១នាទីកន្លះក្នុងបារី ១ដើម មានន័យថា ជក់បារីកាន់តែច្រើន អ្នកជក់មានអាយុកាន់តែខ្លី។ លោកបានគន់គូរថា អ្នកជក់បារីបានខាតអាយុពី ២២ឆ្នាំ ទៅដល់ ២៥ឆ្នាំក្នុងមួយជីវិត។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា អត្រាអ្នកស្លាប់ដោយសារការជក់បារីនៅក្នុងពិភពលោកមានចំនួន ៥,៤លាននាក់ក្នុងមួយឆ្នាំៗ។ ចំនួននេះក៏នឹងកើតមានទៅដល់បណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាផងដែរ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីពេលថ្មីៗបានដាក់ចេញសារព្រមានពីគ្រោះថ្នាក់ដោយសារផ្សែងបារីចំនួន៥ បិទភ្ជាប់នៅលើកញ្ចប់បារី ដើម្បីព្រមានដល់អ្នកជក់បារីឲ្យយល់ដឹងពីបញ្ហាដែលបង្កឲ្យមានជំងឺ ដើម្បីសម្រេចចិត្តឈានទៅកាត់បន្ថយមុននឹងឈប់ជក់បារី។ សារទាំង ៥នោះ រួមមាន ទី១ ជក់បារីនាំឲ្យកើតជំងឺមហារីកសួត ទី២ ជក់បារីនាំឲ្យកើតជំងឺហើមសួត ទី៣ ជក់បារីបណ្តាលឲ្យកើតជំងឺបេះដូង ទី៤ ជក់បារីបណ្តាលឲ្យដាច់សសៃឈាមក្នុងខួរក្បាល និងទី៥ ជក់បារីធ្វើឲ្យពុកធ្មេញ៕
