មានប្រសាសន៍ក្នុងឱកាសពិធីប្រកាសតែងតាំងតួនាទីនិងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប៉ូលិសជាតិនារសៀលថ្ងៃ២១ វិច្ឆិកា នៅទីស្តីការក្រសួង លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍រិះគន់និងស្តីបន្ទោសយ៉ាងចំៗចំពោះថ្នាក់ដឹកនាំប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចថា ពុំបានបំពេញតួនាទីរបស់ខ្លួនក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឡើយ តែផ្ទុយទៅវិញគឺបានប្រព្រឹត្តអំពើពុករលួយដោយធ្វើការពង្រាយកម្លាំងប៉ូលិសដើម្បីស្វែងរកលាភសក្ការៈនិងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ស ខេង មានប្រសាសន៍ថា ៖ «អ៊ីចឹង ខ្ញុំសួរថា តើនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់យើងចូលរួមចំណែកប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប៉ុន្មានកន្លងទៅ? អត់មានទេ! ខ្ញុំមិនដែលបានទទួលរបាយការណ៍ពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទេ មានតែរបាយការណ៍គេប្ដឹង។ របាយការណ៍ស្នាដៃនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើបានអត់មានទេ»។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានផ្តាំផ្ញើឲ្យលោក នេត សាវឿន ដែលទើបត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤និងប្រកាសតែងតាំងជាអគ្គស្នងការប៉ូលិសជាតិជំនួសលោក ហុក ឡងឌី នោះ ត្រូវពិនិត្យនិងបំបាត់បាតុភាពនេះឲ្យបាន។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍បន្ថែមដូច្នេះថា ៖ «ក្រៅពីហ្នឹង [នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច]មានតែលួចពង្រាយកម្លាំងដើម្បីយកលុយយកកាក់។ ឥឡូវ សូមអំពាវនាវទៅប្រជាពលរដ្ឋដែលលោកដឹងបញ្ហា យើងខ្ញុំទទួលព័ត៌មានពីបញ្ហានេះ ឲ្យតែព័ត៌មាននោះជាការពិតដើម្បីដោះស្រាយ។ ហើយបញ្ឈប់ពីថ្ងៃហ្នឹងទៅ កម្លាំងទៅឯណាខ្លះ ដកមកវិញទាំងអស់។ ឥឡូវនេះ អគ្គស្នងការនគរបាលកំពុងតែធ្វើតួនាទីភារកិច្ចមួយ ក្នុងនោះចែងមួយឃ្លាថា គ្មានសិទ្ធិដើម្បីពង្រាយកម្លាំងដើម្បីធ្វើដូច្នោះទេ»។
មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទេនៅរសៀលថ្ងៃដដែលនេះ។
ប៉ុន្តែ អគ្គស្នងការប៉ូលិសជាតិ លោក នេត សាវឿន បានធ្វើការប្តេជ្ញាចិត្តក្នុងឱកាសដែលលោកត្រូវបានតែងតាំងនិងដំឡើងឋានន្តរស័ក្តិនោះថា ៖ «ខ្ញុំសូមធ្វើការប្ដេជ្ញាចិត្តនៅចំពោះមុខឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងនៅចំពោះមុខវិញ្ញាណក្ខន្ធឯកឧត្ដម នាយឧត្ដមសេនីយ៍ ហុក ឡងឌី ដូចតទៅ៖ ស្មោះស្ម័គ្រ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ គោរពនិងប្រតិបត្តិចំពោះច្បាប់ ការពារសច្ចធម៌ យុត្តិធម៌ និងប្រឆាំងដាច់ខាតរាល់អំពើពុករលួយ។ ស្មោះត្រង់ជានិច្ចក្នុងបេសកកម្មបម្រើជាតិ រក្សាសេចក្ដីសុខក្សេមក្សាន្ត និងផលប្រយោជន៍របស់ប្រជារាស្ត្រនិងមាតុភូមិកម្ពុជា និងធ្វើការអភិវឌ្ឍ លើកតម្កើងនិងការពារផលប្រយោជន៍ ព្រមទាំងកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ»។
គួរបញ្ជាក់ដែរថា កន្លងមក ក្រុមពាណិជ្ជករនិងអ្នកលក់ដូរតែងរអ៊ូរទាំថា ពួកគាត់តែងត្រូវមន្ត្រីស្ថាប័នសេដ្ឋកិច្ចនានា ជាពិសេសមន្ត្រីប៉ូលិសសេដ្ឋកិច្ចទាមទារឲ្យបង់ប្រាក់ក្រៅផ្លូវការដែលធ្វើឲ្យមានការរំខាននិងប៉ះពាល់ដល់ផលរបររបស់ពួកគេយ៉ាងខ្លាំង៕