ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​សមាគម​អាដហុក​ធ្វើ​ការ​ហែ​ក្បួន​នៅ​រតនគិរី

ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​យល់ព្រម​ឲ្យ​សមាគម​អាដហុក​ខេត្ត​រតនគិរី ប្រារព្ធ​យុទ្ធនាការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​បង្អស់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការប្រតិបត្តិ​ច្បាប់​និង​បទបញ្ជា​នានា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ទាក់ទិន​ទៅ​នឹង​កិច្ច​បង្រ្កាប​សកម្មភាព​កាប់​ព្រៃ​ឈើ​និង​ការទន្រ្ទាន​កាន់​កាប់​ដី​ធ្លី​ទ្រព្យ​សម្បត្តិ​ជាតិ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ជន​ជាតិ​ដើម​ក្នុង​ខេត្ត​នេះ នា​ថ្ងៃ​ទី​២៨ តុលា សប្តាហ៍​ក្រោយ​នេះ។

0:00 / 0:00

សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​តាមរយៈ​លិខិត​ជម្រាប​ជូន​អភិបាល​ខេត្ត​រតនគិរី ចុះ​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០០៨។

មន្រ្តី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ហៅ​សេចក្តី​សម្រេច​ខាង​លើ​ថា ជា​ជំហាន​ជោគជ័យ​ដ៏​មាន​សារសំខាន់​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ជា​ពិសេស ការពារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​នៃ​ជន​ជាតិ​ដើម​ដែល​កំពុង​រង​ការរំលោភ​បំពាន។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​ដែល​ធ្ងន់ធ្ងរ​ហ្នឹង គឺ​ការ​កាប់​រាន​ដី​ព្រៃ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ហ្នឹង កាប់​រំលំ​ឈើ​ប្រណីត យក​មក​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ហ្នឹង ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ប្រឈម​ចំពោះ​មុខ​យើង​រាល់​ថ្ងៃ»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​បដិសេធ​សំណើ​ខាង​លើ​នេះ ជា​លើក​ទី​៣ កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០០៨ បន្ទាប់​ពី​បាន​បដិសេធ​ដូច​គ្នា​ពីរ​លើក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៧ និង​ខែ​ឧសភា ឆ្នាំ​២០០៨ ហើយ​បាន​បង្រ្កាប​ដោយ​កម្លាំង​យោធា ប៉ូលិស និង​កង​រាជ​អាវុធហត្ថ រួម​ទាំង​រថយន្ត​បាញ់​ទឹក​ទៅ​លើ​ក្បួន​យុទ្ធនាការ​ចូលរួម​ដោយ​មនុស្ស​ជិត ២០០​នាក់់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​សំខាន់ៗ​នៃ​អាជ្ញាធរ​ខេត្ត​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​លើ​លិខិត​ក្រសួង​មហាផ្ទៃ​បាន​ទេ ក៏​ប៉ុន្តែ​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ក្រសួង​មហាផ្ទៃ លោក ម៉ី ណារ៉ាត់ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «សួរ​ខាង​អាដហុក ព្រោះ​ខ្ញុំ​បាន​ជូន​ទៅ​អាដហុក​ហើយ»

យ៉ាង​នេះ​ក្តី បើ​តាម​លិខិត​ក្រសួង​មហាផ្ទៃ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ក្រសួង​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​សហការ​និង​ជួយ​សម្រួល​ការពារ​សុវត្ថិភាព សន្តិសុខ​និង​សណ្តាប់ធ្នាប់​ដល់​ពិធី​ហែ​ក្បួន​ដោយ​សន្តិវិធី។

តំណាង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ លោក ពុយ យ៉ុង សម្ដែង​ការភ្ញាក់​ផ្អើល ៖ «ខ្ញុំ​គាំទ្រ​ពេញ​ទំហឹង​ហើយ ការអនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​ហ្នឹង គឺ​ជា​ជោគជ័យ​របស់​ពលរដ្ឋ ការពារ​ធម្មជាតិ ចំពោះ​ខ្ញុំ​នេះ​ពិបាក​ចិត្ត​ដែរ ឈើ​ជិត​អស់​ហើយ»

ចំណែក​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​គាំទ្រ​សម្ព័ន្ធភាព​សហគមន៍​ជនជាតិ​ដើម​ខេត្ត​រតនគិរី លោក ឯក យោធិន មាន​ប្រសាសន៍​ថា ៖ «ជា​រឿង​មួយ​ល្អ​ដែរ បើ​សិន​ជា​អាជ្ញាធរ​ហ្នឹង គាត់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​វិញ​ហ្នឹង យើង​គិត​ថា អាជ្ញាធរ​មាន​គោរព​បូជា ធ្វើការ​ផ្ទាល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ច្រើន​ជាង»

គួរ​បញ្ជាក់​ដែរ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ រួមទាំង​ឈើ​ប្រណីត​មាន​តម្លៃ​និង​សកម្មភាព​ទន្ទ្រាន​ចូល​កាន់កាប់​ដី​ធ្លី​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ខេត្ត​រតនគិរី បើ​តាម​របាយការណ៍​របស់​ប្រជាសហគមន៍​កើត​មាន​រាប់​ពាន់​ហិកតារ ធ្វើ​ឲ្យ​ព្រៃ​ឈើ រួម​ទាំង​ឈើ​មាន​តម្លៃ​ក្នុង​ឧទ្យានជាតិ​វីរជ័យ ក៏​រង​ការ​កាប់​បំផ្លាញ​ដោយ​មិន​មាន​ការទប់​ស្កាត់។

បើ​តាម​លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា លោក​នឹង​ធ្វើ​លិខិត​អំពាវនាវ​មួយ​ទៀត​ជូន​មន្រ្តី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​អំពី​យុទ្ធនាការ​ខាង​លើ ហើយ​ថា​តើ​ពួក​គេ​នឹង​ចួលរួម​ឬ​បដិសេធ៕