កុមារ​លើក​ឡើង​អំពី​សិទ្ធិ​នៅ​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា

នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​នៅ​ឆ្នាំ​២០០៩​នេះ មាន​កុមារ​ជាង​៥០០​នាក់​មក​ពី​មណ្ឌល​កុមារ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល និង​សិស្ស​សាលា​នានា​បាន​នាំ​គ្នា​លើក​ឡើង​ពី​សិទ្ធិ​ពួក​គេ​ដែល​សង្គម​និង​មនុស្ស​ចាស់ ធ្វើ​ឲ្យ​គេ​រៀន​មិន​បាន​ចប់​ថ្នាក់​ទី​៩ និង​សុំ​ឲ្យ​រដ្ឋាភិបាល​សង់​ថែម​ថ្នាក់​និង​សាលា​រៀន​និង​សុំ​ឲ្យ​បន្ថយ​ល្បែង​នានា​នៅ​ក្បែរ​សាលា សុំ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​អង្គ​ទូត​នានា ម្ចាស់​ជំនួយ និង​សង្គម​ស៊ីវិល​ជួយ​ដោះស្រាយ។

RFA Photos/Ouk Savborey

កុមារី ឡេង ឡែន តំណាង​កុមារ​ដែល​បាន​ចូលរួម​បាន​ថ្លែង​ថា ផ្អែក​តាម​តួលេខ​ក្រសួង​អប់រំ​ឆ្នាំ​២០០៧​-២០០៨ កុមារ​ចុះ​ឈ្មោះ​ចូល​រៀន ៩៣% ប៉ុន្តែ​ការ​បោះបង់​ចោល​ការ​សិក្សា​មាន​ចំនួន​ច្រើន​ដែរ ពិសេស​កុមារី​ជា​មូលហេតុ​នាំ​ឲ្យ​ពួក​គេ​ជួប​នូវ​បញ្ហា​ជួញ​ដូរ​ផ្លូវ​ភេទ ចំណាក​ស្រុក ធ្វើ​ការងារ​ធ្ងន់​លើស​កម្លាំង​កុមារ​ដើម្បី​ចិញ្ចឹម​គ្រួសារ ឬ​មនុស្ស​ចាស់ គ្មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​សិក្សា​រវាង​ប្រុស​និង​ស្រី​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​នៅ​ក្នុង​សង្គម​និង​អស្ថិរភាព​សង្គម​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ។

កុមារី ឡេង ឡែន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ធ្វើ​ការ​លុប​បំបាត់​ការ​ដាក់​ធុង​ហ្គេម​តាម​ផ្ទះ ពិសេស​តាម​ផ្ទះ​ដែល​មាន​ទីតាំង​នៅ​ជិត​សាលា​រៀន ដែល​ធ្វើ​ឲ្យ​កុមារ​មិន​បាន​ចូល​រៀន រៀន​មិន​ទាន់​ពេល ហើយ​ឈាន​ទៅ​ដល់​ការ​បោះ​បង់​ចោល​ការ​សិក្សា»

សិស្ស​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ឈ្មោះ រដ្ឋា និយាយ​ថា មនុស្ស​ចាស់​បង្ខំ​ឲ្យ​កុមារ​រក​ចំណូល​ចិញ្ចឹម​ពួក​គេ។

ប្រធាន​គណៈកម្មាធិការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ លោក ម៉ិច សុខា ថ្លែង​ថា វិស័យ​អប់រំ​នៅ​តែ​ប្រឈម​ទៅ​នឹង​បញ្ហា​នៅ​ឡើយ។ រដ្ឋាភិបាល ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​និង​អង្គការ​ដៃគូ​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​ទៅ​នឹង​បញ្ហា​កុមារ ឲ្យ​គេ​ទទួល​បាន​ការ​រៀន​សូត្រ​រហូត​ថ្នាក់​ដល់​ទី​៩ ឬ​អប់រំ​មូលដ្ឋាន ៩​ឆ្នាំ​ដែរ។

ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ លោក​ជំទាវ ម៉ែន សំអន ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ច្បាប់​គោល​នយោបាយ​និង​ផែនការ​ជាតិ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​កុមារ ៖ «ផលិតភាព​និង​សីលធម៌​វិជ្ជាជីវៈ​របស់​ប្រជាជន​អាស្រ័យ​លើ​ការ​ប្រើ​ប្រាស់​ធន​ធាន​មនុស្ស រួម​ទាំង​ការ​អភិវឌ្ឍ​កុមារ​ផង​ដែរ»

ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក អ៊ិត សំហេង ថ្លែង​ថា ផ្អែក​តាម​ច្បាប់​ស្តីពី​ការ​អប់រំ​ពលរដ្ឋ​គ្រប់​រូប ឲ្យ​មាន​សិទ្ធិ​ទទួល​បាន​ការ​រៀន​យ៉ាង​តិច ៩​ឆ្នាំ ដោយ​មាន​គុណភាព​និង​ឥត​បង់​ថ្លៃ​នៅ​សាលារៀន​សាធារណៈ។

លោក​ថា ក្នុង​ឆ្នាំ​២០០៧​-២០០៨ សាលារៀន​បាន​កើន​៧៦៥​សាលា។ ក្នុង​នោះ មតេយ្យ​កើន ១៥១ សាលា​បឋម​សិក្សា​កើន ១១១​សាលា អនុវិទ្យាល័យ​កើន ១៦០​សាលា វិទ្យាល័យ​កើន ២៩​សាលា៕