អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

2009-10-10

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បរទេស​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ខេត្ត​សៀមរាប​ថា កម្ពុជា​មាន​ផល​ប៉ះពាល់​ផ្នែក​ទេសចរណ៍ សហគ្រាស​ផលិត​ទំនិញ​និង​វិស័យ​កាត់​ដេរ​ជា​ដើម ខណៈ​ដែល​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

AFP Photo

ក្រុម​ទេសចរ​បរទេស មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខែត្រ​សៀមរាប ។

សន្និសីទ​អាស៊ី​អន្តរជាតិ​ដែល​មាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មក​ពី​១៧​ប្រទេស​នៃ​ទី្វប​អាស៊ី អាមេរិក​និង​អឺរុប ចូលរួម​ពិភាក្សា​គ្នា​​នៅ​ខេត្ត​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ពេល​ដែ​ល​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ បាន​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែរ​លើ​វិស័យ​ទេសចរណ៍ ផ្នែក​សហគ្រាស​ផលិត ផ្នែក​ខាង​សំណង់​និង​វិស័យ​កាត់​ដេរ​ជាដើម។

លោក ឡូរេន អេច្ឆ. ហ្វាយ (Lawrence H. White) សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សកល​វិទ្យាល័យ Mason នៃ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​កិច្ច​សម្រាក​សន្និសីទ​ថា ប្រទេស​កម្ពុជា​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ សហគ្រាស​ផលិត វិស័យ​សំណង់​និង​កាត់​ដេរ លើកលែង​តែ​កសិករ​ប៉ុណ្ណោះ​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

លោក ឡូរេន អេច្ឆ. ហ្វាយ បាន​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​គិត​ស្មាន​ថា ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ វិស័យ​ទេសចរណ៍ សហគ្រាស​ផលិត​ទំនិញ សំណង់​និង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​បន្តិច ហើយ​ផ្នែក​កសិកម្ម​ពុំ​បាន​ប៉ះពាល់​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា កសិករ​កម្ពុជា​មាន​ខ្ចី​លុយ​ធនាគារ​ដែរ​ឬ​អត់? បើ​សិន​ជា​កសិករ​មាន​ជំពាក់​ប្រាក់​ធនាគារ គឺ​មាន​ផល​ប៉ះពាល់​ដូច​គ្នា"។

ទោះ​យ៉ាង​ណា​អ្នក​សេដ្ឋកិច្ច​ខ្មែរ​បាន​យល់​ឃើញ​ថា ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ធំ​ពេក​ទេ អ្វី​ដែល​ព្រួយ​បារម្ភ​​គឺ​ខ្លាច​ការ​គោរព​ច្បាប់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ពិត​ប្រាកដ។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន នាយក​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​អភិវឌ្ឍន៍ និង​ជា​អ្នក​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ដូ​ចជា​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ពីព្រោះ​កម្ពុជា​នៅ​មាន​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត។

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​បញ្ជាក់​ថា ៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺ​ខ្លាច​ការ​គោរព​ច្បាប់​សេដ្ឋកិច្ច​មិន​បាន​ពិត​ប្រាកដ ដូច​ជា​ការ​កេង​បន្លំ​ទៅ​លើ​គុណភាព ការ​កេង​បន្លំ​ទៅ​លើ​តម្លៃ ឬ​ក៏​ការ​មិន​ស្មើ​ភាព​គ្នា​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​ទាំង​អស់​ហ្នឹង»

លោក​បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​គោរព​ច្បាប់​សេដ្ឋកិច្ច​ជា​រឿង​សំខាន់ ជា​ពិសេស​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី ការ​ចែក​ដី​សម្បទាន​ទៅ​ធ្វើ​ជា​សិទ្ធិ​សេដ្ឋកិច្ច​ជា​ដើម។

លោក គាត ឈន់ ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ច្បាប់​គឺ​ជា​អាទិភាព​មួយ​​​ដែល​ជា​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល ច្បាប់​ស្តីពី​ការ​វិនិយោគ​របស់​កម្ពុជា​មិន​បាន​ចែង​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​អ្នក​វិនិយោគ​ទុន​ជាតិ​និង​បរទេស​នោះ​ទេ លើកលែង​តែ​កម្មសិទ្ធិ​ដី​ធ្លី​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មិត្តភាព​ខាង​ជំនួញ​ដើម្បី​ទាក់ទាញ​ផ្នែក​ឯកជន​ឲ្យ​ចូលរួម​មក​ធ្វើ​ជំនួញ​ដើម្បី​ភាព​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស។

សន្និសីទ​អាស៊ី​អន្តរជាតិ​ដែល​មាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មក​ពី​១៧​ប្រទេស​នៃ​ទី្វប​អាស៊ី អាមេរិក​និង​អឺរុប ចូលរួម​ពិភាក្សា​គ្នា​នៅ​ខេត្ត​សៀមរាប បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែ​តុលា៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ហេតុអ្វី​មិន​មាន​អ្នក​វិនិយោគ​ជប៉ុន​ច្រើន​នៅ​កម្ពុជា?

កិច្ច​ប្រជុំ​ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៅ​រតនគិរី

ចមប្រសិទ្ធ៖ វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ

ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​នៅ​រតនគិរី

កម្ពុជា​នឹង​ធ្វើ​​ពិធី​តាំង​ពិព័រណ៍​ផលិតផល​នៃ​ប្រទេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

អង្គការ​JETRO​របស់​ជប៉ុន​បើក​ការិយាល័យ​នៅ​ភ្នំពេញ

ផល​ប៉ះពាល់​នៃ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ចុះ​ទាប

កម្ពុជា​អាច​ផលិត​អំបិល​មិន​គ្រប់​តាម​ផែនការ​កំណត់​ក្នុង​ឆ្នាំ​២០១០

កម្មករ​ប្រមាណ​៦​ពាន់​នាក់​មក​សុំ​ពាក្យ​ប្រឡង​ទៅ​ធ្វើការ​នៅ​កូរ៉េ

ចិន​ចង់​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​៦​ម៉ឺន​ហិកតា​ធ្វើ​ចម្ការ​កៅស៊ូ