សន្និសីទអាស៊ីអន្តរជាតិដែលមានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពី១៧ប្រទេសនៃទី្វបអាស៊ី អាមេរិកនិងអឺរុប ចូលរួមពិភាក្សាគ្នានៅខេត្តសៀមរាបដើម្បីរកដំណោះស្រាយពេលដែលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ បានមើលឃើញថា ប្រទេសកម្ពុជាមានផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកដែរលើវិស័យទេសចរណ៍ ផ្នែកសហគ្រាសផលិត ផ្នែកខាងសំណង់និងវិស័យកាត់ដេរជាដើម។
លោក ឡូរេន អេច្ឆ. ហ្វាយ (Lawrence H. White) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Mason នៃសហរដ្ឋអាមេរិក បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចសម្រាកសន្និសីទថា ប្រទេសកម្ពុជាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ សហគ្រាសផលិត វិស័យសំណង់និងកាត់ដេរ លើកលែងតែកសិករប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក ឡូរេន អេច្ឆ. ហ្វាយ បានមានប្រសាសន៍ថា ៖ "ខ្ញុំគិតស្មានថា ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ចនេះ វិស័យទេសចរណ៍ សហគ្រាសផលិតទំនិញ សំណង់និងវិស័យកាត់ដេររបស់កម្ពុជាបានធ្លាក់ចុះបន្តិច ហើយផ្នែកកសិកម្មពុំបានប៉ះពាល់ទេ ប៉ុន្តែខ្ញុំមិនដឹងប្រាកដថា កសិករកម្ពុជាមានខ្ចីលុយធនាគារដែរឬអត់? បើសិនជាកសិករមានជំពាក់ប្រាក់ធនាគារ គឺមានផលប៉ះពាល់ដូចគ្នា"។
ទោះយ៉ាងណាអ្នកសេដ្ឋកិច្ចខ្មែរបានយល់ឃើញថា ផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជាមិនបានធ្វើឲ្យមានការបារម្ភធំពេកទេ អ្វីដែលព្រួយបារម្ភគឺខ្លាចការគោរពច្បាប់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមិនបានពិតប្រាកដ។
លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាអភិវឌ្ឍន៍ និងជាអ្នកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នដូចជាមិនធ្ងន់ធ្ងរប៉ុន្មានទេ ពីព្រោះកម្ពុជានៅមានកំណើនសេដ្ឋកិច្ចបន្តទៀត។
លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន បានបញ្ជាក់ថា ៖ «អ្វីដែលយើងព្រួយបារម្ភគឺខ្លាចការគោរពច្បាប់សេដ្ឋកិច្ចមិនបានពិតប្រាកដ ដូចជាការកេងបន្លំទៅលើគុណភាព ការកេងបន្លំទៅលើតម្លៃ ឬក៏ការមិនស្មើភាពគ្នានៅក្នុងការដេញថ្លៃគម្រោងទាំងអស់ហ្នឹង»។
លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន បានមានប្រសាសន៍ទៀតថា ការគោរពច្បាប់សេដ្ឋកិច្ចជារឿងសំខាន់ ជាពិសេសការព្រួយបារម្ភនៅក្នុងរឿងទំនាស់ដីធ្លី ការចែកដីសម្បទានទៅធ្វើជាសិទ្ធិសេដ្ឋកិច្ចជាដើម។
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃសុក្រថា ច្បាប់គឺជាអាទិភាពមួយដែលជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមិនបានចែងឲ្យមានភាពខុសគ្នារវាងអ្នកវិនិយោគទុនជាតិនិងបរទេសនោះទេ លើកលែងតែកម្មសិទ្ធិដីធ្លីប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាគឺជាប្រទេសមិត្តភាពខាងជំនួញដើម្បីទាក់ទាញផ្នែកឯកជនឲ្យចូលរួមមកធ្វើជំនួញដើម្បីភាពលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស។
សន្និសីទអាស៊ីអន្តរជាតិដែលមានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពី១៧ប្រទេសនៃទី្វបអាស៊ី អាមេរិកនិងអឺរុប ចូលរួមពិភាក្សាគ្នានៅខេត្តសៀមរាប បានបញ្ចប់កាលពីល្ងាចថ្ងៃសៅរ៍ ទី១០ ខែតុលា៕
