ដំណឹងដកស្រង់ចេញពីសារព័ត៌មាន អេអេហ្វភី (AFP) បានឲ្យដឹងថា លោកមេធាវី ស សូវ៉ាន នឹងប្តឹងឲ្យដកលោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) ចេញពីសាលាក្តីខ្មែរក្រហម ព្រោះតែចោទថាមានភាពលម្អៀងនៅក្នុងការស៊ើបអង្កេតលើសំណុំរឿងក្ដីឧក្រិដ្ឋកម្មទាក់ទងនឹងកូនក្តីរបស់លោក។
ការទាមទារឲ្យដកសហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺលោក ម៉ាកសែល ឡឺម៉ុង ចេញពីសាលាក្តីខ្មែរក្រហម ត្រូវបានលោកមេធាវី ស សូវ៉ាន ថ្លែងប្រាប់សារព័ត៌មាន អេអេហ្វភី ថា ព្រោះតែលោក ម៉ាកសែល ឡឺម៉ុង មិនគោរពឯករាជភាពក្នុងការស៊ើបអង្កេត។
ការទាមទាររបស់លោក ស សូវ៉ាន មេធាវីការពារក្តីឲ្យលោក ខៀវ សំផន គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីលោក អៀង សារី បានធ្វើញត្តិដូចគ្នានេះកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក អាង ឧត្តម សហមេធាវីកម្ពុជាការពារក្តីឲ្យលោក អៀង សារី ថ្លែងថា ញត្តិរបស់លោកមិនទាន់មានការឆ្លើយតបនៅឡើយទេ។ លោកក៏មិនបានពិភាក្សាជាមួយក្រុមមេធាវីដទៃទៀតដែរ។
លោក អាង ឧត្ដម បានបញ្ជាក់ថា ៖ «អត់ទាន់មានពេលជួបគ្នាសោះ ប៉ុន្តែបើមានអ្នកណាចេញអីមួយ អ្នកណាចង់ធ្វើតាម គ្រាន់តែយល់ព្រមឬគាំទ្រទៅ។ បើគេចង់ធ្វើដោយឡែក អាហ្នឹងតាមឯករាជ្យរបស់ក្រុមមួយៗ។ នៅពេលខ្លះយើងសហការគ្នា ពេលខ្លះយើងធ្វើដោយឡែកគ្នា ទិសដៅតែមួយ...»។
ចំណែកឯលោក សុន អរុណ មេធាវីការពារក្តីឲ្យលោក នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កាលពីរសៀលថ្ងៃច័ន្ទ ទី១២ តុលា ថា លោកកំពុងសិក្សាអំពីរឿងនេះ ថាតើសម្ដីរបស់លោក ម៉ាកសែល ឡឺម៉ុង ជាការពិតឬយ៉ាងណា។ លោកមេធាវី សុន អរុណ ថ្លែងថា ប្រសិនបើសម្ដីរបស់លោក ម៉ាកសែល ឡឺម៉ុង ជាការពិត លោកក៏នឹងប្តឹងដូចមេធាវីក្រុមផ្សេងទៀតដែរ។
សូមជម្រាបថា លោក ម៉ាកសែល ឡឺម៉ុង ត្រូវបានគេស្រង់សម្ដីរបស់លោកនៅក្នុងការសន្ទនាមួយ កាលពីដើមខែសីហាកន្លងទៅ ដែលនិយាយថា លោកត្រូវតែស្វែងរកភស្តុតាងដាក់បន្ទុកឲ្យបានច្រើន។
លោក សុន អរុណ មេធាវីការពារក្តីឲ្យលោក នួន ជា ថ្លែងថា សម្ដីរបស់លោក ម៉ាកសែល ឡឺម៉ុង មិនមែនជាការត្រឹមត្រូវទេ ព្រោះក្នុងនាមលោកជាចៅក្រមស៊ើបអង្កេត លោកត្រូវតែស៊ើបអង្កេតរកភស្តុតាងទាំងសងខាង គឺទាំងភស្តុតាងដាក់បន្ទុកថាមានកំហុស និងភស្តុតាងដោះបន្ទុកថាមិនមានកំហុស នៅក្នុងរឿងក្តីឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម។
លោក ម៉ាកសែល ឡឺម៉ុង ចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមពុំអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅរសៀលថ្ងៃច័ន្ទនេះ។
រហូតមកដល់ពេលនេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមចំនួន៤រូបនៅក្នុងសំណុំរឿងលេខ០០២កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
តុលាការខ្មែរក្រហមមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់លើចៅក្រមអន្តរជាតិ ម៉ាកសែល ឡឺម៉ុង
លោក ម៉ាកសែល ឡឺម៉ុង បច្ចុប្បន្ននេះ គឺជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងក្តីទី២ ដើម្បីធ្វើការចោទប្រកាន់ទៅលើរូបអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន៤រូបទៀត គឺលោក ខៀវ សំផន, អៀង សារី និងលោកស្រី អៀង ធីរិទ្ធ ដែលជាភរិយា ហើយនិង នួន ជា។
ទាក់ទងនឹងការចោទប្រកាន់របស់មេធាវីការពារក្តីរបស់លោក ខៀវ សំផន និង អៀង សារី ទៅលើលោក ម៉ាកសែល ឡឺម៉ុង ថាមិនគោរពឯករាជភាពក្នុងការស៊ើបអង្កេតលើសំណុំរឿងទាក់ទងនឹងកូនក្តីរបស់លោកនោះ, មន្រ្តីនាំពាក្យនៃតុលាការខ្មែរក្រហម លោក ឡារស៍ អលសិន (Lars Olsen) ដែលមានប្រសាសន៍ជំនួសមុខឲ្យលោក ម៉ាកសែល ឡឺម៉ុង បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អេអេហ្វភី កាលពីថ្ងៃទី១២ ខែតុលាថា ចៅក្រមមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់នោះទេ ប៉ុន្តែនឹងផ្តល់ព័ត៌មានចាំបាច់ទាំងឡាយអំពីប្រការនេះជូនទៅតុលាការ។
ក្នុងតុលាការបស្ចិមប្រទេស ភារកិច្ចរកភស្តុតាងនិងហេតុផលថា ជនជាប់ចោទគ្មានកំហុស គឺមេធាវីការពារក្តីជនជាប់ចោទ៕
