គោលបំណងសំខាន់នៃអង្គសន្និសីទដែលមានតំណាងពីកម្ពុជា ចូលរួមដែរនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់របស់ស្ត្រីដែលឆ្លង និងផ្ទុកមេរោគអេដស៍នៅទូទាំងពិភពលោក។
សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍រៀបចំធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ប៉ុន្តែនៅឆ្នាំនេះ គឺផ្ដោតសំខាន់ក្នុងការផ្ដល់អាទិភាពដល់ស្ត្រីដែលមានផ្ទុកជំងឺអេដស៍ ដើម្បីឲ្យពួកគេទទួលបានសិទ្ធិស្មើគ្នាដូចជាបុរសទទួលបានសេវាព្យាបាល និងថែទាំសុខភាព។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី កាលពីថ្ងៃទី២០ ខែកក្កដា នេះ បានឲ្យដឹងថា ស្ត្រីដែលកើតអេដស៍ត្រូវបានសង្គមរើសរើសអើង និងរងការរំលោភបំពានលើស ៣ដងនៃស្ត្រីធម្មតា ដែលពុំមានកើតជំងឺអេដស៍នៅទូទាំងពិភពលោក។
ប្រធានចាត់ចែងសន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍ លោក ហាឌ្រីន ប៊ុនណូដ (Hadrien Bonnaud) មានប្រសាសន៍ថា សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នៅឆ្នាំនេះ គឺពង្រឹងអំណាចដល់ស្ត្រីដែលកើតអេដស៍ហ៊ានតស៊ូមតិដើម្បីអោយខ្លួនទទួលបាននូវការយកចិត្តទុកដាក់ពីក្រុមអ្នកធ្វើសេចក្ដីសម្រេចចិត្ត និងក្រុមប្រទេសម្ចាស់ជំនួយ។
លោកថា បន្ថែមពីនេះ គឺជំរុញឲ្យរដ្ឋាភិបាលក្នុងប្រទេសនីមួយៗ ក្រុមសង្គមស៊ីវិល ផ្ដល់វេទិកាគាំទ្រ និងយកចិត្តទុកដាក់ដល់ក្រុមបណ្ដាញស្ត្រី និងអង្គការក្រៅរដ្ឋាភិបាល ដែលផ្ដល់សេវាថែទាំដល់ស្ត្រីកើត និងឆ្លងជំងឺអេដស៍នៅក្នុងប្រទេសទាំងនោះ។
លោក ជា សារឹត ប្រធានសមាគមនារីអភិវឌ្ឍសេដ្ឋកិច្ច និងអនាម័យ (Women Organization for Modern Economy and Nursing-WOMEN) ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទពិភពលោកលើកទី១៩ ស្ដីពីជំងឺអេដស៍នេះ មានប្រសាសន៍ថា វត្តមានរបស់លោកក្នុងសន្និសីទអន្តរជាតិលើកនេះ គឺដើម្បីសិក្សាថែមទៀតអំពីវិធីសាស្ត្រថ្មី ដែលជួយអោយកម្មវិធីផ្ដល់សេវាថែទាំ និងថ្នាំព្យាបាលដល់អ្នកកើតអេដស៍នៅកម្ពុជា ទទួលបានជោគជ័យ។
លោក ជា សារឹត៖ «គឺចង់បានព័ត៌មានថ្មីៗទាក់ទងនឹងការវិវត្តន៍ជំងឺអេដស៍ ពាក់ព័ន្ធនឹងការអប់រំ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីជំងឺអេដស៍ វិធីសាស្ត្រនៃការថែទាំថ្មីៗ និងព័ត៌មានទាក់ទងនឹងឱសថប្រឆាំងនឹងជំងឺអេដស៍។ តាមការស្មានរបស់ខ្ញុំ មានប្រតិភូមកចូលរួមប្រមាណ ៥០នាក់ ទាំងស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលធ្វើការខាងផ្នែកមេរោគ និងជំងឺអេដស៍នេះ»។
សន្និសីទអន្តរជាតិស្ដីពីជំងឺអេដស៍នៅឆ្នាំនេះ រៀបចំធ្វើឡើង ៦ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី២២ រហូតដល់ថ្ងៃសុក្រ ទី២៧ ខែកក្កដា នេះ ហើយចែកចេញជាច្រើនវគ្គ ដែលក្នុងវគ្គនីមួយៗ មានវាគ្មិនជាច្រើនរូបពីខាងអង្គការសហប្រជាជាតិនៃជំងឺអេដស៍ និងអង្គការសុខភាពពិភពលោកជាដើម ដើម្បីថ្លែងពីទុក្ខលំបាករបស់ស្ត្រីកើតអេដស៍ និងផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីផ្ដល់សេវាគាំទ្រសុខភាពដល់ស្ត្រីទាំងនោះ។ ក្នុងចំណោមវាគ្មិនដែលមកចូលរួមដែរនោះ គឺមានស្ត្រីខ្មែរវ័យក្មេងមួយរូបឈ្មោះ ដាលីស ព្រំ ដែលរូបនាងផ្ទាល់កើតជំងឺអេដស៍។
កញ្ញា ដាលីស ព្រំ បច្ចុប្បន្នធ្វើការជាអ្នកសម្របសម្រួលនៃសហគមន៍ស្ត្រីខ្មែរដែលផ្ទុកជំងឺអេដស៍នៅកម្ពុជា ហៅកាត់ថា (CCW)។ កញ្ញាបានឲ្យដឹងថា កញ្ញានឹងខិតខំធ្វើការឲ្យអស់សមត្ថភាពទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីផ្ដល់ការគាំទ្រដល់ស្ត្រីខ្មែរដែលមានផ្ទុកជំងឺអេដស៍នៅកម្ពុជា អាចមានសុខភាពល្អ រស់នៅបានយូរឆ្នាំតទៅទៀត។
ស្ថិតិរបស់អង្គការសហប្រជាជាតិនៃជំងឺអេដស៍ (UNAIDS) បានឲ្យដឹងថា នៅឆ្នាំ២០១១ មានអ្នកផ្ទុក និងកើតជំងឺអេដស៍ចំនួន ៣៤លាននាក់ នៅទូទាំងពិភពលោក។ ក្នុងនោះ ១លាន៨សែននាក់បានស្លាប់។ ក្នុងចំណោមអ្នកផ្ទុក និងកើតអេដស៍ ៣៤លាននាក់នោះ គឺជិត ៥០% បានទទួលថ្នាំព្យាបាល ដើម្បីពន្យារជីវិត Antiretroviral។ ចំណែកនៅប្រទេសកម្ពុជាវិញ មានអ្នកកើតអេដស៍ចំនួន ៦៧.២០០នាក់ ក្នុងនោះប្រមាណជា ៤ម៉ឺននាក់ បានទទួលថ្នាំពន្យារជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។