សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​លាលែង​ពី​តំណែង

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង លោក ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper-Ansermet) បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១២។

0:00 / 0:00

ក្នុង​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក ឡូរ៉ង់ កាស្ពែរ បាន​ផ្តល់​ហេតុផល​ថា លោក​មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ និង​សេរី​បាន​ទៀត​ឡើយ នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។

ទាក់ទង​នឹង​ការ​លាលែង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង​រូប​នេះ លោក ប្រែត អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី មាន​ប្រសាសន៍​ថា វា​ជា​រឿង​មួយ​គួរ​អោយ​សោកស្តាយ​ណាស់​សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ប្រែត អាដាម៖ «ខ្ញុំ​គិត​ថា លោក កាស្ពែរ បាន​ព្យាយាម​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់​គាត់​ក្នុង​ការ​ស៊ើប​អង្កេត ក្នុង​ការ​ប្រមូល​ភស្តុតាង​ឧក្រិដ្ឋកម្ម ទាក់​ទង​នឹង​មនុស្ស​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បទឧក្រិដ្ឋ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ខុស​គ្នា​ពី​លោក ប្លុង ដែល​មិន​បាន​ព្យាយាម​ ស៊ើប​អង្កេត​នោះ។ លោក កាស្ពែរ ព្យាយាម​ស៊ើប​អង្កេត​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​លោក យូ ប៊ុនឡេង សហ​ចៅក្រម​ស៊ើប​អង្កេត​ពី​ខាង​ភាគី​កម្ពុជា ពីព្រោះ​លោក យូ ប៊ុនលេង ជា​អ្នក​ធ្វើ​តាម​ការ​បញ្ជា និង​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ជំទាស់​មិន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី ០០៣ និង ០០៤ បន្ត​ទៅ​មុខ​ទៀត​ឡើយ។ ដូច្នេះ​ហើយ​លោក ហ៊ុន សែន បាន​រារាំង​ការ​ស៊ើប​អង្កេត​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​លោក កាស្ពែរ សម្រេច​ចិត្ត​ថា ការ​ស៊ើប​អង្កេត​នោះ​នឹង​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ឡើយ ទើប​គាត់​លាលែង»

នេះ​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ទី​២​ហើយ ដែល​បាន​លាលែង​ពី​តំណែង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​លើក​ទី​១ គឺ​លោក ស៊ីកហ្វ្រីក ប្លាំង (Siegfried Blunk) បាន​លាលែង​កាល​ពី​ឆ្នាំ​ទៅ ដោយ​ហេតុផល​ថា រដ្ឋាភិបាល​បាន​ជ្រៀតជ្រែក​កិច្ចការ​របស់​សាលាក្តី​ខ្មែរ​ក្រហម ដែល​នាំ​អោយ​គាត​មិន​អាច​បំពេញ​ការងារ​បាន។

​អ្នក​ស្រី ម៉ៅ សុធានី បាន​សាកសួរ​ទៅ​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម ទាក់​ទង​នឹង​ការ​លាលែង​នេះ៖

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។