សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​សារាចរ​បញ្ជា​ឲ្យ​បិទ​អ៊ីនធឺណិត​កាហ្វេ​នៅ​ក្បែរ​សាលា​រៀន

រាជ​រដ្ឋាភិបាល​បាន​ចេញ​នូវ​សារាចរ​ថ្មី​មួយ ដោយ​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​សាល​អ៊ីនធឺណិត​កាហ្វេ ដែល​មាន​ទីតាំង​ក្នុង​ចម្ងាយ ៥០០​ម៉ែត្រ​ពី​គ្រឹះស្ថាន​អប់រំ និង​សាលា​រៀន។

0:00 / 0:00

ទាញ​យក​សារាចរ​ណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍Opens in new window ]

សារាចរ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក៏​បាន​រឹត​បន្តឹង​ថែម​ទៀត​ផង​ដែរ ដោយ​មិន​កំណត់​ត្រឹម​តំបន់​ដែល​ប៉ះពាល់​ដល់​សាលា​រៀន​ឡើយ រាល់​អាជីវកម្ម​សាល​អ៊ីនធឺណិត​កាហ្វេ ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ហាម​ប្រាម​នូវ​ការ​លេង "រាល់​ល្បែង​ហ្គេម​គ្រប់​ប្រភេទ"។

ទាក់​ទង​នឹង​សារាចរ​នេះ ទីប្រឹក្សា​ក្រុម​យុវជន​ឯករាជ​ផ្តល់​យោបល់​ទាក់​ទង​សិទ្ធិ​កុមារ លោក អ៊ុល សុភ័គ្រ សម្ដែង​នូវ​ការ​គាំទ្រ​ថា​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​សិស្សានុសិស្ស​ពី​ការ​គេច​សាលា​ទៅ​លេង​ល្បែង​ហ្គេម៖ «បាទ ខ្ញុំ​យល់​ថា​ល្អ សម្រាប់​រដ្ឋាភិបាល​ដែល​ចេញ​សារាចរ​ណែនាំ​ទៅ​ដល់​អ៊ីនធឺណិត​នៅ​តាម​របង​សាលា​ត្រូវ​តែ​បិទ​នោះ ព្រោះ​ជាក់ស្តែង​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន ភាគ​ច្រើន​ក្មេង​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ហ្គេម​អនឡាញ (Game online) ដោយ​ក្មេងៗ​មួយ​ចំនួន​គេច​សាលា​ទៅ​លេង ដែល​បណ្ដាល​ឱ្យ​មាតាបិតា​អាណាព្យាបាល​ជាច្រើន មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​សិក្សា​របស់​ក្មេង»

ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​នូវ​ក្តី​បារម្ភ​ថា សារាចរ​នេះ​ដែល​អាច​ស្ទើរ​តែ​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​ជាច្រើន នៅ​កណ្ដាល​រាជធានី​ភ្នំពេញ នឹង​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​សេរីភាព​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ត្រួត​ពិនិត្យ​រឹត​បន្តឹង​ការ​គ្រប់គ្រង​សិស្សានុសិស្ស និង​និស្សិត​នៅ​តាម​សាលា​រៀន​វិញ​ប្រសើរ​ជាង៖ «យើង​ដឹង ទទួល​ស្គាល់​ថា និស្សិត ជាពិសេស​សិស្ស​សាលា​ក្មេងៗ​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​សម្រាប់​លេង​ហ្គេម​ផង សម្រាប់​ប្រើ​ហ្វេសប៊ុក (Facebooks) ផង ប៉ុន្តែ​ការ​ឆ្លើយ​តប​នេះ​ហាក់​ដូច​ជា​ការ​ប្រើ​កណ្ដាប់​ដៃ​ដែក​ខ្លាំង​ពេក។ បញ្ហា​ត្រង់​ថា ប្រព័ន្ធ​អប់រំ​របស់​យើង​មិន​បាន​អប់រំ​ក្មេង ជាពិសេស​នៅ​ម៉ោង​រៀន​សូត្រ គឺ​ជា​កំហុស​ប្រព័ន្ធ​អប់រំ ជា​កំហុស​សាលា​ទេ ដែល​ក្មេង​អាច​ចេញ​មក​លេង​ហ្គេម​បាន​នោះ ដូច្នេះ​ការ​បិទ​អ៊ីនធឺណិត​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ»

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​គូស​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បិទ​នូវ​កន្លែង​ដែល​មាន​ផ្តល់​នូវ​សេវា​អ៊ីនធឺណិត​ថោក​សមរម្យ និង​ងាយ​ស្រួល​រក​បាន​សម្រាប់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​គ្មាន​មូលហេតុ​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បំណង​យ៉ាង​ច្បាស់​ក្នុង​ការ​បិទ​នូវ​ផ្នែក​ខ្លះ​នៃ​ការ​ទទួល​បាន​ប្រភព​ព័ត៌មាន ដែល​មាន​ឯករាជ​របស់​ប្រជាពលរដ្ឋ​ពី​គេហទំព័រ​ថ្មីៗ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដូច​ជា​ហ្វេសប៊ុក​ជាដើម។

ទាក់​ទង​នឹង​ទោស​បញ្ញត្តិ​សម្រាប់​ការ​បំពាន​សារាចរ គឺ​ជា​ការ​បង្ក្រាប ការ​រឹបអូស​យក​នូវ​សម្ភារៈ និង​ការ​ឃាត់​ខ្លួន ប្រសិន​បើ​បទ​ល្មើស​ព្រហ្មទណ្ឌ​ត្រូវ​បាន​ប្រព្រឹត្ត​នោះ។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ គូស​បញ្ជាក់​ថា គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណា​មួយ​សម្រាប់​កំណត់​ទោស​បញ្ញត្តិ​ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​ហាង ឬ​ក៏​ការ​លេង​ល្បែង​ហ្គេម​នៅ​លើ​កុំព្យូទ័រ​ឡើយ។ យោង​តាម​មាត្រា​១ នៃ​ច្បាប់​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា លិខិត​គតិយុត្តិ​ដែល​បាន​ចេញ​ដោយ​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​គ្រាន់​តែ​អាច​កំណត់​នូវ​បទ​ល្មើស​លហុ ដែល​អាច​ពិន័យ​បាន​ដោយ​ការ​ផាក​ពិន័យ​ប៉ុណ្ណោះ (ដោយ​មិន​មាន​ឃុំ​ខ្លួន ឬ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ឯកជន​ឡើយ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។