ការស៊ើបអង្កេតនេះធ្វើឡើងកាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០០៩ ក៏ប៉ុន្តែពុំមានលទ្ធផលណាមួយត្រូវបានគេទម្លាយឲ្យដឹងនៅឡើយទេ។
លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលដឹកនាំការស៊ើបអង្កេត មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០០៩ ថា ៖ «ដូចតែវិទ្យុអាស៊ីសេរីអ៊ីចឹង ចាំតែមើលតាមហ្នឹង។ ឥឡូវខ្ញុំកំពុងធ្វើរបាយការណ៍»។
ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០០៩ បានឡាយព្រះហត្តលេខាលើព្រះលិខិតមកក្រសួងយុត្តិធម៌ដើម្បីធ្វើការស៊ើបអង្កេតទៅលើលិខិតទូលថ្វាយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងការស្នើសុំឲ្យមានការផ្អាកជាបណ្តោះអាសន្នតួនាទីជាចៅក្រមស៊ើបអង្កេតរបស់លោក ថោ សារ៉ន នៅគ្រប់ករណីទាំងឡាយពាក់ព័ន្ធទៅនឹងការដណ្តើមដីជនជាតិដើមភាគតិចនៅភូមិប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ដោយក្រុមហ៊ុនឌីអឹមហ្គ្រូប។
លោក ថោ សារ៉ន បដិសេធមិនធ្វើអត្ថាធិប្បាយពិស្តារជុំវិញការស៊ើបអង្កេតមកលើរូបលោកទេ ៖ «ជាកិច្ចការផ្ទៃក្នុង ខ្ញុំមិនអាចជម្រាបជូនបានទេ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការស៊ើបអង្កេតនេះជាជំហានវិជ្ជមានមួយ។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា ៖ «យើងសង្ឃឹមថា នឹងឈានទៅដល់ការរកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋព្នង ជនជាតិដើមភាគតិច រួមនឹងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានរងនូវការគំរាមកំហែង»។
លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ហៅកាត់ថា អាដហុក មានប្រសាសន៍ដែរថា ៖ «គួរតែធ្វើដូច្នេះជាទៀងទាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋលេចឮនូវភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការ»។
មជ្ឈមណ្ឌលសិទ្ធិកម្ពុជានិងអង្គការលីកាដូ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៩ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយផ្តោតទៅលើទង្វើមិនត្រឹមត្រូវរបស់លោក ថោ សារ៉ន រួមមាន បានស្នើសុំដីជាថ្នូរនឹងការដោះលែងអ្នកភូមិជនជាតិដើមទំពួនដែលបានឃុំខ្លួនដោយសារការប្រឆាំងនិងតវ៉ាការដណ្តើមដីដោយក្រុមហ៊ុនឌីអឹមហ្គ្រូប, ធ្វើឱសានវាទឲ្យលោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ចាកចេញពីខេត្តរតនគិរី ឬប្រឈមមុខនឹងការចោទពីបទញុះញង់ឲ្យមានភេរវកម្មដោយសារបានគាំទ្រអ្នកភូមិ, ប្រើប្រាស់រថយន្តដែលរឹបអូសបានដោយប៉ូលិសក្នុងអំឡុងពេលស៊ើបអង្កេតករណីប្លន់ដែលបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់, គំរាមចាប់ខ្លួននិងចោទទៅលើសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកសារពត៌មានពីបទញុះញង់ឬសមគំនិតញុះញង់, មានឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីទំហំ៣ហិតារដែលជាកម្មសិទ្ធិរបស់ជនជាប់ចោទក្នុងរឿងក្តីបង្ករបួសស្នាម និងបានហ៊ុមព័ទ្ធយកដីតំបន់ព្រៃឈើកម្មសិទ្ធិរបស់រដ្ឋ ហើយនាពេលចុងក្រោយនេះ សមាគមអាដហុកបានរកឃើញសេចក្តីចោទប្រកាន់លោកពីបទដឹកនាំធ្វើឯកសារឲ្យអ្នកភូមិប្តឹងមន្ត្រីអាដហុកនិងអ្នកសារព័ត៌មាន៕