គណៈកម្មការ​ចម្រុះ​ចុះ​ស្រាវជ្រាវ​ករណី​កម្មករ​សន្លប់​នៅ​កំពង់ឆ្នាំង

គណៈកម្មការ​ចម្រុះ​ដែល​ចុះ​ទៅ​ធ្វើ​ការ​វិភាគ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ អ៊ឹមវ៉េ អន្តរជាតិ លីមីធិត អះអាង​ថា ពុំ​មាន​សារធាតុ​ពុល​អ្វី​ទេ នៅ​ក្នុង​បណ្ដា​អគារ​នៃ​រោងចក្រ​នេះ។ កម្មករ​ប្រមាណ ៤០០​នាក់​បាន​ដួល​សន្លប់ ២​ថ្ងៃ​បន្ត​បន្ទាប់​គ្នា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខណៈ​កំពុង​ធ្វើការ។

0:00 / 0:00

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ប្រាក់ វ៉ុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ សីហា ថា តាម​ការ​ស្រាវជ្រាវ និង​ធ្វើ​វិភាគ​យ៉ាង​ហ្មត់ចត់​តាម​វេជ្ជសាស្ត្រ ក្នុង​បណ្ដា​អគារ​ដែល​មាន​កម្មករ​សន្លប់ ឬ​ក្នុង​បរិវេណ​រោងចក្រ​ក្ដី គេ​ពុំ​ឃើញ​មាន​សញ្ញា ឬ​តឹកតាង​អ្វី​ដែល​បង្ហាញ​ពី​វត្តមាន​នៃ​សារធាតុ​ពុល​នោះ​ឡើយ។

លោក ប្រាក់ វ៉ុន បាន​ឲ្យ​ដឹង​ថា ៖ «យើង​អត់​មាន​ហេតុ​ផល​វេជ្ជសាស្ត្រ​ណា​មួយ ដើម្បី​បញ្ជាក់​ថា កម្មករ​ទាំង​នោះ​ពុល​នោះ​ទេ។ តែ​យើង​បាន​ទាក់ទង​ជាមួយ​ខាង​មន្ទីរ​ការងារ និង​ខាង​រោងចក្រ​សុំ​ឲ្យ​កម្មករ​ទាំង​នោះ​បាន​ឈប់​មួយ​ថ្ងៃ ដើម្បី​ស្ដារ​កម្លាំង​ឡើង​វិញ»

ប្រភព​ពី​មន្ទីរ​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​ដែល​រួម​មាន​មន្ទីរ​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ, មន្ទីរ​សុខាភិបាល, មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត បាន​បើក​ការ​ស្រាវជ្រាវ និង​ធ្វើ​វិភាគ​យ៉ាង​ហ្មត់ចត់ ចំពោះ​ករណី​ដែល​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់​កាល​ពី​ថ្ងៃ​២០ និង ២១ សីហា​កន្លង​ទៅ នៅ​ក្នុង​រោងចក្រ អ៊ឹមវ៉េ។

ប្រធាន​មន្ទីរ​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ថ្លែង​ថា ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី គឺ​បណ្ដាល​មក​ពី​កត្តា​ទុស្សេ​ចរន្ត​អគ្គិសនី និង​ផ្ទុះ​ម៉ូទ័រ បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​កម្មករ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «ទុស្សេ​ខ្សែ​ឡើង​ពិប​ទៅ វា​ដាច់​ចរន្ត កង្ហារ​ទាំង​អស់​ឈប់​វិល ធ្វើ​ឲ្យ​ហប់​អត់​ខ្យល់ អ្នក​ដែល​ខ្សោយ​ៗ អាច​សន្លប់ គួប​ផ្សំ​នឹង​ការ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ ទើប​កើត​ជា​បញ្ហា​សន្លប់​ច្រើន​ដូច្នេះ»

ប្រធាន​សហជីព​ឧស្សាហកម្ម​វាយនភណ្ឌ​ប្រចាំ​រោងចក្រ អ៊ឹមវ៉េ គឺ​អ្នកស្រី ជួប សំអុល បាន​ឲ្យ​ដឹង​ថា តាម​សំណូមពរ​របស់​សហជីព ថៅកែ​រោងចក្រ​អ៊ឹមវ៉េ បាន​យល់​ព្រម​ឲ្យ​កម្មករ កម្មការិនី នៃ​បណ្ដា​អគារ​ដែល​មាន​បញ្ហា​កាល​ពី​ថ្ងៃ​២០ និង ២១ សីហា​កន្លង​ទៅ បាន​ឈប់​សម្រាក​រយៈពេល ១​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​២៣ សីហា ដោយ​រក្សា​ប្រាក់​ខែ​គោល និង​ប្រាក់​បន្ថែម​ដដែល។

អ្នកស្រី ជួប សំអុល បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​បាន​ជួប​ជាមួយ​លេខា​ផ្ទាល់​របស់​ថៅកែ គាត់​យល់​ព្រម​ជាមួយ​ខាង​សហជីព ថា​នឹង​ពិនិត្យ និង​រៀបចំ​អ្វី​ៗ​ទាំង​អស់​ឲ្យ​ធម្មតា​ឡើង​វិញ។ខ្ញុំ​ឃើញ​ខាង​ជំនាញ និង​អាជ្ញាធរ ក៏​គេ​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ​ដែរ ដូច្នេះ​ស្អែក​នេះ​យើង​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ហើយ»

ប្រភព​ពី​មន្ត្រី​មន្ទីរ​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​អគារ​ផ្សេង​ទៀត​ដែល​ពុំ​មាន​បញ្ហា​កាល​ពី​ថ្ងៃ​២០ និង ២១ សីហា​កន្លង​ទៅ កម្មករ​ទាំង​អស់​កំពុង​ដំណើរការ​ការងារ​ជា​ធម្មតា ពុំ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ៕