មន្ត្រីក្រសួងយុត្តិធម៌បានបញ្ចប់ការស៊ើបអង្កេតទៅលើរបាយការណ៍ចោទប្រកាន់ប្រធានតុលាការខេត្តរតនគិរីនិងមន្ត្រីក្រឡាបញ្ជីក្នុងរឿងពុករលួយជំរិតទារប្រាក់ហើយ ក៏ប៉ុន្តែលទ្ធផលយ៉ាងណាមិនត្រូវបានគេបញ្ចេញឲ្យដឹងនោះទេ។
ការស៊ើបអង្កេតនេះធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី១ កក្កដា ឆ្នាំ២០០៩នេះ ដោយក្រុមការងារមួយក្រុមនៃក្រសួងយុត្តិធម៌បានមកកាន់ខេត្តរតនគិរី បន្ទាប់ពីអ្នកភូមិពីរនាក់បងប្អូនរស់នៅភូមិមួយ ឃុំឡាមីញ ស្រុកបរកែវ ដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ។
អគារធិការនៃអគារធិការដ្ឋានក្រសួងយុត្តិធម៌ លោក សូ ចាន់ធី មានប្រសាសន៍ថា ៖ «ខ្ញុំមកមែន មកធ្វើការងារហ្នឹង ប៉ុន្តែអ្វីដែលខ្ញុំបានធ្វើវាចប់សព្វគ្រប់ហើយ ចាំគាត់ទទួលតាមព័ត៌មានចុងក្រោយ»។
ស្ត្រីពីរនាក់បងប្អូនបង្កើតឈ្មោះ មាស សន្ធន និង មាស សូភា បានចោទប្រកាន់ប្រធានតុលាការ លោក លូ ស៊ូសម្បត្តិ និងមន្ត្រីក្រឡាបញ្ជី លោក យ៉ន ថន ថាបានជំរិតទារប្រាក់គាត់៥០០ដុល្លារបន្ទាប់ពីគាត់ស្នើសុំឲ្យមានការដោះលែងកូនប្រុសគាត់ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តជាងពីរឆ្នាំហួសនីតិវិធីកំណត់ដោយពុំមានការជម្រះក្តី។
ប្រធានតុលាការខេត្ត លោក លូ ស៊ូសម្បត្តិ កាលពីថ្ងៃទី១០ មិថុនា មិនព្រមធ្វើអត្ថាធិប្បាយជុំវិញសេចក្តីចោទប្រកាន់នេះទេ ដោយលើកហេតុផលថា លោកមិនមានអ្វីត្រូវនិយាយ ព្រោះលោកទើបផ្ទេរភារកិច្ចមកកាន់ខេត្តនេះ។ ក៏ប៉ុន្តែមន្ត្រីក្រឡាបញ្ជីបានចោទប្រកាន់លោកថាជាអ្នកបញ្ជាឲ្យទារប្រាក់ពីអ្នកភូមិ។ នៅថ្ងៃទី១ កក្កដានេះ លោកបដិសេធសេចក្ដីចោទប្រកាន់របស់អ្នកភូមិ រួមទាំងមន្រ្តីក្រឡាបញ្ជីលោកផង។
លោក លូ ស៊ូសម្បត្តិ បានបញ្ជាក់ថា ៖ «ខ្ញុំអត់បានជំរិតទារលុយគាត់ផង ហើយខ្ញុំក៏មិនបានជាប់មាត់អីជាមួយគាត់ និយាយជាមួយគាត់»។
ចំណែកមន្រ្តីក្រឡាបញ្ជី លោក យ៉ន ថន មានប្រសាសន៍រក្សាសេចក្តីចោទទៅលើប្រធានថាជាអ្នកបញ្ជាឲ្យទារប្រាក់នោះពីអ្នកភូមិ ៖ «ប្រធានគេឲ្យជួប ខ្ញុំថាលោកប្រធានអ្នករកលុយ ខ្ញុំមិនមែនអ្នករកលុយទេ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ស្វាគមន៍ការស៊ើបអង្កេតហើយលោកអំពាវនាវឲ្យមានការស៊ើបអង្កេតធ្វើឡើងក្នុងភាពយុត្តិធម៌។
លោក ប៉ែន ប៊ុណ្ណារ៍ បានមានប្រសាសន៍ថា ៖ «យើងសង្ឃឹមថានឹងមានការដោះស្រាយតាមច្បាប់ មិនយកប្រយោជន៍បុគ្គលជាធំទេ មានន័យថាការអនុវត្តច្បាប់ឲ្យស្មើភាពគ្នា»។
កាលពីថ្ងៃអង្គារកន្លទៅនេះ ជនជាប់ចោទឈ្មោះ កែវ សីលា ជាកូនស្ត្រីខាងលើត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយជាមួយជនជាប់ចោទពីរនាក់ទៀតដែលតុលាការឃុំខ្លួនហួសនីតិវិធីកំណត់ដោយពុំបានជម្រះក្តីដូចគ្នា។
ប្រភពពីស្តី្រឈ្មោះ មាន សន្ធន ជាដើមបណ្តឹង បញ្ជាក់ថា គាត់បានបំភ្លឺជូនមន្ត្រីស៊ើបអង្កេតក្រសួងយុត្តិធម៌រួចហើយ គាត់នៅតែចង់បានយុត្តិធម៌ក្នុងរឿងនេះ៕
នាយករដ្ឋមន្ត្រីសម្រេចយកសម័យប្រជុំថ្ងៃ១១ ធ្នូ ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់អំពើពុករលួយ
នគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតរងការចោទថាបន្តជំរិតប្រាក់ពីកម្មករ
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
អង្គការអន្តរជាតិ៖ អំពើពុករលួយនៅកម្ពុជាប្រសើរជាងឆ្នាំមុន
ពលរដ្ឋនៅកំពង់ធំត្អូញពីបញ្ហាការទារប្រាក់ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដី
ភាពយឺតយ៉ាវក្នុងការធ្វើលិខិតរៀបការរវាងខ្មែរនិងជនបរទេសរងការរិះគន់
អាជ្ញាធររងការចោទថាជំរិតទារប្រាក់អ្នកភូមិពេលធ្វើអត្តសញ្ញាណប័ណ្ណ
មជ្ឈមណ្ឌលសិទ្ធិមនុស្សទាមទារឲ្យស៊ើបអង្កេតមន្ត្រីតុលាការខែត្ររតនគិរីជាថ្មី
តំណាងរាស្ត្រស.រ.អា.ថ្កោលទោសការរីករាលដាលនៃអំពើពុករលួយនៅកម្ពុជា
មន្រ្តីបរិស្ថានខេត្តកំពង់ធំរងការចោទថាបានជំរិតទារប្រាក់ពីពលរដ្ឋ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.