ភាព​មិន​ប្រក្រតី​ក្នុង​ការ​ជ្រើសរើស​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា

អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា លោក អ៊ុំ យូរ៉ាន់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​បោះឆ្នោត​រើស​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​អាណត្តិ​ថ្មី កើត​មាន​អំពើ​អយុត្តិធម៌​ដោយ​មាន​ការ​ឃុបឃិត​គ្នា​រវាង​សមាជិក​សហព័ន្ធ​ក្រោម​ឱវាទ​មួយ​ចំនួន​មាន​​គំនិត​អាក្រក់ រៀបចំ​ឯកសារ​បណ្តេញ​លោក​ចេញ​ពី​ប្រធាន​ដឹក​នាំ។

0:00 / 0:00

លោក អ៊ុំ យូរ៉ាន់ បន្ត​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ លោក​បាន​ធ្វើ​របាយការណ៍​​ជូន​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រសួង​ទេសចរណ៍​និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​និង​ចាត់​វិធានការ បើ​មិន​ដូច្នេះ​ទេ​វិស័យ​កីឡា​នៅ​កម្ពុជា​នឹង​មិន​មាន​រីក​ចម្រើន​នោះ​ទេ។

លោក អ៊ុំ យូរ៉ាន់ បាន​រៀប​រាប់​ឈ្មោះ​សមាជិក​សហព័ន្ធ​កីឡា​​ជាប់​ឆ្នោត​ថ្មី​រៀប​គម្រោង​ទម្លាក់​លោក​ចេញ​ពី​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​ដូច្នេះ ៖ «មេ​ធំ​គឺ តែម ម៉ឺន បន្ទាប់​មក ម៉ិល កាដូ បន្ទាប់​មក​មាន​ពីរ​បី​នាក់​ទៀត មាន​ដុកទ័រ ឆឹង យ៉ាវយ៉េន ខាង មាស សុខគ្រី។ ខាង​អាស៊ី​សេរី​ដាក់​ឲ្យ​ចំៗ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​ទទួល​ខុស​ត្រូវ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទំនាក់​ទំនង​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ទើប​ជាប់​ឆ្នោត​ថ្មី​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​ទេ​តាម​ទូរស័ព្ទ។ ប៉ុន្តែ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​កម្ពុជា លោក ឆឹង យ៉ាវយ៉េន មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​​​រើស​មេ​ដឹកនាំ​សហព័ន្ធ​កីឡា​អាណត្តិ​ទី​៣ បាន​ប្រព្រឹត្ត​ទៅ​មាន​ភាព​យុត្តិធម៌​និង​មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​​ក្រសួង​ពាក់ព័ន្ធ ដូចជា​មន្ត្រី​ក្រសួង​អប់រំ​និង​គណៈកម្មការ​កីឡា​អូឡាំពិក​មក​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​ក្រោម​ក្រសែ​ភ្នែក​អ្នក​កាសែត​ប្រកប​ដោយ​ប្រជាធិបតេយ្យ។

លោក ឆឹង យ៉ាវយ៉េន មាន​ប្រសាសន៍​ដូច្នេះ ៖ «តំណាង​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ថា ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​ហើយ​ប្រជាធិបតេយ្យ»

អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់ លោក អ៊ុំ យូរ៉ាន់ បាន​ចោទ​ប្រកាន់​ថា ការ​រៀបចំ​គម្រោង​បណ្តេញ​លោក​ចេញ​ពី​តួនាទី​ជា​ប្រធាន​​​សហព័ន្ធ​កីឡា គឺ​ដោយសារ​កន្លង​មក​លោក​បាន​ចាត់​វិធានការ​ក្តៅ​ទៅ​លើ​អំពើ​ពុករលួយ​នៃ​ការ​ចាប់​គូ​កីឡា​ប្រកួត​លើ​សង្វៀន ផ្តើម​ចេញ​គណៈកម្មាធិការ​ចាប់​គូ​​​ប្រកួត​ស្ថិត​ក្នុង​ចង្កោម​សមាជិក​សហព័ន្ធ​ប្រដាល់​អាណត្តិ​ថ្មី​នេះ។

លោក យ៉ាវយ៉េន អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទើប​ជាប់​ឆ្នោត​ថ្មី បាន​សន្យា​ថា លុប​បំបាត់​ភាព​មិន​ប្រក្រតី​កើត​ចេញ​ពី​ការ​ចាប់​គូ​កីឡា​ចូល​រួម​ប្រកួត​លើ​សង្វៀន​នេះ​ឲ្យ​បាន​ជា​ស្ថាពរ។

ប្រធាន​ក្លឹប​និង​ជា​គ្រូ​បង្វឹក លោក ឡុង សាលវ័ន្ត រំពឹង​ទុក​ថា ថ្នាក់​ដឹកនាំ​សហព័ន្ធ​អាណត្តិ​ថ្មី​នឹង​លុប​បំបាត់​អំពើ​ពុករលួយ​លើ​វិស័យ​កីឡា ជា​ពិសេស​​អំពើ​ពុក​រលួយ​នៃ​ការ​ចាប់​គូ​ប្រកួត​នៅ​លើ​សង្វៀន។

លោក ឡុង សាលវ័ន្ត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មេ​ដឹកនាំ​នេះ​ប្រហែល​ជា​មាន​ភាព​យុត្តិធម៌​ជាង​មេ​ដឹក​នាំ​មុន។ មេ​ដឹក​នាំ​មុន​ដូច​ជា​មិន​ស៊ី​ចង្វាក់​នឹង​កូនចៅ»

គ្រូ​បង្វឹក​កីឡា​ប្រដាល់​ក្លឹប​បក្សីស្លាបដែក លោក សួរ ប៊ុនសូត្រ មិន​ទាន់​មាន​ជំនឿ​ថា ថ្នាក់​ដឹក​នាំ​សហព័ន្ធ​អាណត្តិ​ថ្មី​អាច​ទប់​ស្កាត់​​បាន​អំពើ​ពុករលួយ​ក្នុង​ការ​ចាប់​គូ​ប្រដាល់​នេះ​ទេ ព្រោះ​សមាសភាព​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​អាណត្តិ​ថ្មី​គឺ​សុទ្ធ​តែ​ជា​បុគ្គល​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ​កន្លង​មក។

លោក អ៊ុំ យូរ៉ាន់ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ដើម្បី​រំលាយ​សមាសភាព​សហព័ន្ធ​កីឡា​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​នេះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​ប្តឹង​ផ្តល់​របស់​គាត់​មិន​បាន​សម្រេច​បាន​ជោគជ័យ លោក​នឹង​បង្កើត​សហព័ន្ធ​ថ្មី​មួយ​ទៀត៕