សង្គម​ស៊ីវិល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​មណ្ឌលគិរី

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ករណី​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​ច្បាប់។

0:00 / 0:00

លោក ឆាយ ធី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​ផ្តល់​សម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ចាប់​ពី​ដើម​ខែ​សីហា​មក​ទល់​ពេល​នេះ លោក​បាន​រក​ទៅ​ឃើញ​ថា​មាន​៣​ករណី​ហើយ​ដែល​ច្បាប់​មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លោក ឆាយ ធី បាន​បញ្ជាក់​ថា ៖ «ចៅក្រម​តុលាការ​ខេត្ត​មណ្ឌលគិរី​នេះ ការ​ហៅ​និង​ការ​ចាប់​ខ្លួន​កន្លង​មក​ពុំ​មាន​ភាព​ប្រក្រតី​ទៅ​លើ​រឿង​ហេតុ​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ កោះ​ហៅ​មក​ធ្វើ​ការ​ចាប់​ខ្លួន ហើយ​ធ្វើ​ការ​ដោះលែង​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់។ នេះ​ជា​អំពើ​អយុត្តិធម៌​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ទន់​ខ្សោយ»

អ្នកស្រី ហេង ស្រីពៅ នៅ​ភូមិ​អូរបួន​ក្នុង​ស្រុក​កោះញែក បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ត្រូវ​បាន​តុលាការ​កោះ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ថា​បាន​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ដោយ​ក្នុង​ការ​សាកសួរ​នោះ អ្នកស្រី​ថា តុលាការ​បែរ​ជា​បង្ខំ​ឲ្យ​បង់​ប្រាក់​ជា​ថ្នូរ​ទៅ​នឹង​ការ​មិន​ឃុំ​ខ្លួន​ក្នុង​ការ​មក​បំភ្លឺ​នោះ​ទៅ​វិញ។

អ្នកស្រី ហេង ស្រីពៅ បាន​ឲ្យ​ដឹង​ថា ៖ «តុលាការ​ហ្នឹង​គាត់​ហៅ​ខ្ញុំ ចោទ​ខ្ញុំ​ពី​បទ​រំលោភ​ការ​ទុក​ចិត្ត​អ៊ីចឹង ហើយ​គាត់​ដាក់​កំណត់​ឲ្យ​ខ្ញុំ​ហ្នឹង​រក​លុយ​២​ពាន់​ដុល្លារ​ឲ្យ​គាត់។ គាត់​ថា​បើ​មិន​មាន​លុយ​ឲ្យ គេ​ចាប់​ខ្ញុំ​ដាក់​គុក​ពី​៦​ខែ​ទៅ​១​ឆ្នាំ ធ្វើ​កិច្ច​សន្យា​ខែ​កក្កដា ខែ​៧ ថ្ងៃ​ទី​១៧ ដល់​ពេល​ខ្ញុំ​ចេញ​មក​គេ​នៅតែ​គំរាម​ខ្ញុំ​អ៊ីចឹង ខ្ញុំ​ទៅ​អង្គការ​អាដហុក​ទៅ ហើយ​គាត់​ធ្វើ​អន្តរាគមន៍​ទៅ​ជួប​មេ​តុលាការ​ហ្នឹង។ តាំង​ពី​ហ្នឹង​មក​ខ្ញុំ​អត់​ដែល​បាន​ជួប​គាត់​ផង ខ្ញុំ​រវល់​តែ​មក​ស៊ី​ឈ្នួល​គេ​ទៅ​យក​អង្ករ»

អ្នកស្រី ពៅ បាន​ឲ្យ​ដឹង​បន្ថែម​ថា រឿងរ៉ាវ​កើត​ឡើង​ដោយសារ​មាន​អ្នក​ទិញ​ដី​អ្នកស្រី ហើយ​កក់​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ដោយ​ធ្វើ​កិច្ច​សន្យា​កំណត់​ថ្ងៃ​ខែ​ត្រូវ​សង​ឲ្យ​គ្រប់ តែ​ដល់​ថ្ងៃ​ខែ​កំណត់​បែរ​ជា​មិន​យក ហើយ​ទារ​ប្រាក់​កក់​ចំនួន​២៥០០​ដុល្លារ​វិញ តែ​អ្នកស្រី​បាន​សង​គ្រប់​ដោយ​ចង់​យក​ដី​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត ហើយ​ក៏​ត្រូវ​តុលាការ​អញ្ជើញ​ទៅ​សាកសួរ ហើយ​ក៏​មាន​ការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ធានា​នោះ​ឡើង។

ចៅក្រម​ស៊ើប​អង្កេត​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​គឺ​លោក មេង តូនី បាន​ពន្យល់​ដោយ​ខ្លី​ពី​ករណី​ចោទ​ប្រកាន់​នេះ​ថា ពុំ​មែន​ជា​ការ​កំណត់​ដោយ​បុគ្គល​ខ្លួន​លោក​នោះ​ទេ គឺ​ជា​ច្បាប់។

លោក មេង តូនី បាន​បញ្ជាក់​ថា ៖ «ដាក់​ធានា​តាម​ផ្លូវ​តុលាការ ដូច​២២៣​អ៊ីចឹង​ហើយ ទៅ​មើល​ច្បាប់​មាត្រា​ហ្នឹង​ទៅ គេ​និយាយ​ថា​ម៉េច?»

លោក ឆាយ ធី មន្ត្រី​នៃ​សមាគម​អាដហុក បាន​ឲ្យ​ដឹង​បន្ថែម​ថា បុរស​ម្នាក់​ទៀត​នៅ​ភូមិ​អូរបួន ស្រុក​កោះញែក ក៏​ត្រូវ​បាន​តុលាការ​គំរាម​ឃុំ​ខ្លួន ដោយ​ទាមទារ​ប្រាក់​ត​ថ្លៃ​គ្នា​ពី​៨០០​ដុល្លារ​នៅ​ត្រឹម​៥០០​ដុល្លារ​ទើប​រួច​ខ្លួន​ពី​បទ​ចោទ​ថា​បាន​ប្លន់​មាស ដែល​លោក​បញ្ជាក់​ថា នឹង​លើក​យក​ករណី​នេះ​ទៅ​ដាក់​ជូន​គណៈកម្មការ​ស្រាវជ្រាវ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដើម្បី​ត្រួត​ពិនិត្យ​អំពី​ដំណើរការ​របស់​ចៅក្រម​ឲ្យ​មាន​យុត្តិធម៌​និង​ប្រសិទ្ធភាព៕