គ្រូបង្រៀនមួយរូបនៅខែត្រព្រះសីហនុសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី២៧ កក្កដា ថា នៅពេលប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំនេះ គ្រូក្នុងបន្ទប់ប្រឡងបានទទួលសំណូកពីសិស្សក្នុងមួយពេលគឺពី ២ម៉ឺន ទៅ ៤ម៉ឺនរៀល ដើម្បីអនុគ្រោះឲ្យបេក្ខជនប្រឡងចម្លងតាមគ្នា និងលួចមើលឯកសារចម្លើយជាដើម។
លោកគ្រូដដែលបានបញ្ជាក់អំពីគ្រូដែលទទួលសំណូកពីសិស្សដូច្នេះ ៖ «គាត់ត្រូវសូកប៉ាន់គេ ដើម្បីរកប៉ុស្តិ៍ដែលល្អៗហ្នឹង។ ខែត្រក្រុងណាដែលគាត់ចង់ទៅហ្នឹង គាត់ត្រូវចំណាយលុយពី ១០ដុល្លារ ទៅ ១៥ដុល្លារ ចំណុចទី១។ ចំណុចទី២ អនុរក្ស កុងកូល័រ រហូតដល់ប្រធានមណ្ឌល អនុប្រធាន មណ្ឌលហ្នឹង ក៏មានមួយចំនួនត្រូវសូកប៉ាន់គេដែរ»។
ប្រភពដដែលបានលើកឡើងទៀតថា នៅតាមមណ្ឌលប្រឡងមួយចំនួននៅខែត្រព្រះសីហនុ មានបែកវិញ្ញាសារូបវិទ្យាផងដែរ ៖ «ព្រឹកមិញហ្នឹងរូបវិទ្យាហ្នឹងបែកមកត្រូវទាំងអស់! ប៉ុន្តែអ្នកធ្វើលេខចែកហ្នឹង ចែកខុស! ដូច្នេះក្មេងៗហ្នឹងក៏អាចមានបញ្ហាត្រង់ហ្នឹងដែរ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ លោក រ៉ុង ឈុន បានឲ្យដឹងថា មិនមែនមានតែមណ្ឌលប្រឡងនៅខែត្រព្រះសីហនុប៉ុណ្ណោះទេ ដែលមានអំពើពុករលួយកើតឡើងក្នុងពេលប្រឡងនេះ គឺមានស្ទើរតែគ្រប់មណ្ឌលប្រឡងទាំងអស់ ពិសេសបញ្ហាទូរស័ព្ទទាក់ទងគ្នាមកខាងក្រៅរបស់បេក្ខជនប្រឡងជាដើម។
លោក រ៉ុង ឈុន បានចាត់ទុកថា នៅពេលប្រឡងសញ្ញាបត្រទុតិយភូមិនេះ ជារដូវកាលរកលុយរបស់គ្រូបង្រៀនមួយចំនួន ប៉ុន្តែលោកបញ្ជាក់ថា គ្រូបង្រៀនមួយចំនួនក៏មានឆន្ទៈក្នុងការមិនទទួលយកលុយសំណូកពីសិស្សនេះដែរ ប៉ុន្តែពួកគាត់មានថវិកាឧបត្ថម្ភពីក្រសួងមានចំនួនតិច ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តយកលុយសូកប៉ាន់នោះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ូ អេង បានបំភ្លឺកាលពីថ្ងៃទី២៦ កក្កដា ថា បើសិនមណ្ឌលណាមានបញ្ហាពុករលួយ និងបញ្ហាផ្សេងៗទៀត ដូចជាការលើកឡើងខាងលើនេះ សុំឲ្យធ្វើរបាយការណ៍ជូនមកក្រសួង គេនឹងចាត់វិធានការចំពោះបញ្ហានេះ។
លោក អ៊ូ អេង បានបញ្ជាក់ថា ៖ «ក្រសួងមានវិធានការទាំងអ្នកត្រួតពិនិត្យអគារ ទាំងអនុរក្ស យើងមានវិន័យអាចបញ្ឈប់មិនឲ្យចូលរួមប្រឡងចំនួនមួយឆ្នាំ ឬពីរឆ្នាំ ហើយកន្លងមកក្រសួងក៏មានធ្វើដែរ អ្នកដែលខុស! អ៊ីចឹងសូមឲ្យគាត់បញ្ជាក់ថា តើអ្នកដែលខុសហ្នឹង អ្នករៃអង្គាសលុយហ្នឹង ឈ្មោះអី? នៅឯណា? បន្ទប់អី? មណ្ឌលឈ្មោះអី?»។
បេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យ សន្ធរម៉ុក បានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ កក្កដា បន្ទាប់ពីចេញពីប្រឡង ហើយប្រាប់អំពីគ្រូដែលប្រមូលលុយក្នុងថ្នាក់ដូច្នេះ ៖ «ប្រធានមណ្ឌល និងអនុប្រធានមណ្ឌលហ្នឹង ឲ្យគ្រូដើរធ្វើវិញ្ញាសា ហើយទារលុយពីពួកខ្ញុំហ្នឹងម្នាក់ ២ម៉ឺនៗ(រៀល)។ ដល់ឥឡូវហ្នឹងខ្ញុំបារម្ភស្អែកមិនដឹងធ្វើម៉េចទេ! ថ្ងៃហ្នឹងខ្ញុំចំណាយលុយអស់ ៥ម៉ឺន»។
លោក រ៉ុង ឈុន បានស្វាគមន៍ចំពោះវិធានការរបស់ក្រសួងអប់រំ ដូចការលើកឡើងរបស់លោក អ៊ួ អេង នេះ ប៉ុន្តែលោកបានពន្យល់ដូច្នេះ ៖ «ទោះជាយ៉ាងណាក៏ដោយ បើបានឮហើយ ត្រូវតែមានវិធានការបន្តបន្ទាប់ទៅ។ អ្វីដែលយើងលើក វាសុទ្ធតែជារឿងពិត!»។
លោក រ៉ុង ឈុន បានអះអាងថា លោកនឹងធ្វើរបាយការណ៍សរុបជុំវិញការដែលកើតមានអំពើពុករលួយ និងបញ្ហាផ្សេងៗទៀត នៅក្នុងពេលប្រឡងសញ្ញាបត្រទុតិយភូមិ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ កក្កដា ជូនទៅក្រសួងអប់រំ យុវជន និងកីឡា នៅក្រោយពេលប្រឡងចប់ជាស្ថាពរ៕
