មេធាវីរបស់លោក ហង្ស ចក្រា និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» អះអាងនៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា នេះថា លោកនឹងប្តឹងទៅតុលាការសាលាឧទ្ធរណ៍ជំទាស់នឹងការបង្ខំដាក់គុកកូនក្តីដោយតុលាការសាលាដំបូងក្រុងភ្នំពេញក្នុងបទចោទប្រកាន់អំពីការផ្សាយព័ត៌មានមិនពិតនិងបរិហារកេរ្តិ៍កន្លងមកនេះ។
លោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក»។
លោក ជួង ជូងី មេធាវីរបស់និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» បន្តថា កូនក្តីលោកឈ្មោះ ហង្ស ចក្រា បានសរសេររិះគន់មន្រ្តីជាន់ខ្ពស់ក្នុងមុខតំណែងរដ្ឋាភិបាល។ លោកថា ការរិះគន់នោះជារឿងនយោបាយទេ ដែលគួរតែប្រើច្បាប់សារព័ត៌មាន ប៉ុន្តែតុលាការក្រុងភ្នំពេញបានយកច្បាប់ព្រហ្មទណ្ឌអន្តរកាលមកកាត់ក្តីកំបាំងមុខកូនក្តីនិងមិនឲ្យមេធាវីបានឆ្លើយការពារកូនក្តីបានទេ។
លោក ជូង ជូងី ថ្លែងដូច្នេះថា ៖ «ខ្ញុំកំពុងតែទាមទារឲ្យតុលាការចេញសាលក្រមឲ្យខ្ញុំ ទន្ទឹមនឹងនោះខ្ញុំក៏ទាមទារឲ្យចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពីព្រោះតុលាការបានចាប់ខ្លួនកូនក្ដីខ្ញុំបញ្ជូនទៅពន្ធនាគារ អ៊ីចឹង ដើម្បីខ្ញុំប្ដឹងឧទ្ធរណ៍មួយ និងប្ដឹងទាមទារឲ្យតុលាការដោះលែងកូនក្ដីខ្ញុំមួយ»។
លោក ជូង ជូងី បន្តថា ៖ «អ៊ីចឹងគឺការរិះគន់ហ្នឹងរឿងនយោបាយ អ៊ីចឹងត្រូវដោះស្រាយតាមបែបនយោបាយ»។
កូនស្រីបង្កើតរបស់និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» អ្នកស្រី ហង្ស នេត្រា ឲ្យដឹងថា ឪពុកមានជំងឺច្រើនមុខ។ អ្នកស្រីកំពុងដាក់ពាក្យសុំជួបឪពុកនៅពន្ធនាគារព្រៃស និងសុំឲ្យមានគ្រូពេទ្យព្យាបាលជំងឺ លោក ហង្ស ចក្រា នោះ ៖ «ប៉ាខ្ញុំមានជំងឺច្រើនណាស់ មិនដឹងគាត់ឈឺម៉េចអីម៉េចផង។ ឥឡូវខ្ញុំកំពុងដាក់ពាក្យសុំទៅជួបប៉ា»។
លោក ហង្ស ចក្រា និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» ដែលសរសេរអត្ថបទទិតៀនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលត្រូវតុលាការសាលាដំបូងកាត់ក្តីដាក់គុក ១២ខែ ពីបទព្រហ្មទណ្ឌផ្សព្វផ្សាយព័ត៌មានមិនពិតនិងបរិហារកេរ្តិ៍ និងផាកពិន័យជាប្រាក់ ចំនួន ៩ លានរៀល។
លោក ហង្ស ចក្រា ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួននៅផ្ទះជួលមួយក្នុងសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង កាលពីថ្ងៃ២៦ មិថុនា ហើយបញ្ជូនទៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃដដែលនោះ។
ការចាប់ខ្លួនជាមួយនឹងការកាត់ក្តីដោយទាន់ហន់នេះបាននាំឲ្យសង្គមស៊ីវិលរិះគន់និងថ្កោលទោសជាច្រើនមកលើរដ្ឋាភិបាលខ្មែរស្តីអំពីការបំបិទសិទ្ធិក្នុងការបញ្ចេញមតិ។
មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សកំពុងរៀបចំលិខិតស្នើសុំចូលពិនិត្យសុខភាព លោក ហង្ស ចក្រា និពន្ធនាយកកាសែត«ខ្មែរម្ចាស់ស្រុក» នៅពន្ធនាគារតាមការស្នើសុំរបស់ក្រុមគ្រួសារ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលនិងទីស្តីការគណៈរដ្ឋមន្រ្តីជម្រាបសួរព័ត៌មានបានទេនៅថ្ងៃច័ន្ទនេះ។
ជាមួយគ្នានេះដែរ ក្លឹបអ្នកកាសែតកម្ពុជាបានសម្ដែងនូវការបារម្ភថា ចំណាត់ការផ្តន្ទាទោសអ្នកកាសែតជាប់ពន្ធនាគារនោះធ្វើឲ្យមានការភ័យខ្លាចដល់អ្នកកាសែតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មាននិងប៉ះពាល់សេរីភាពសារព័ត៌មាន។
ក្លឹបអ្នកកាសែតកម្ពុជាអំពាវនាវឲ្យតុលាការពិចារណាឲ្យលោក ហង្ស ចក្រា បានការពារខ្លួនតាមផ្លូវច្បាប់នៅក្រៅការឃុំឃាំងដើម្បីឆ្លុះបញ្ចាំងឲ្យឃើញការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដែលនៅអវសាននៃច្បាប់នោះបានបញ្ជាក់ច្បាស់ថា គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយការបញ្ចេញមតិឡើយ៕
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.