អង្គការអន្តរជាតិមួយឈ្មោះ Amnesty International បានថែ្លងរិះគន់ថា ការផ្តន្ទាទោសដាក់គុកចាងហ្វាងកាសែត«ខែ្មរម្ចាស់ស្រុក» កន្លងទៅនេះ ថាជាការដើរថយក្រោយនូវសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជា ហើយបានទទូចសុំឲ្យតុលាការក្រុងភ្នំពេញបើកការជំនុំជម្រះសំណុំរឿងនេះជាថ្មី។
លោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក»។
យោងតាមសេចក្តីថែ្លងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថៃ្ងពុធ ទី១ កក្កដានេះ បាននិយាយថា វាជាការអវត្តមាននៃភាពឯករាជរបស់តុលាការនៅក្នុងប្រទេសកម្ពុជា ហើយវាជាការកើនទ្បើងនូវភាពមិនចេះអត់ធ្មត់ចំពោះការរិះគន់នៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលកម្ពុជា។
Brittis Edman ជាអ្នកស្រាវជា្រវរបស់អង្គការលើកលែងទោសអន្តរជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីថែ្លងការណ៍នោះទៀតថា ការកាត់ទោសកន្លងមកនេះមិនបានស្របតាមបទដ្ឋាននិងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិទេ ហើយការចោទប្រកាន់ក្រោមបទផ្សាយព័ត៌មានមិនពិតនិងបទបរិហារកេរ្តិ៍ប្រឆាំងនឹងការរិះគន់ដោយសន្តិវិធីនោះគឺជាការរំលោភសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី។
មិនទាន់អាចទាក់ទងលោក ខៀវ កាញារីទ្ធ មន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានទេនៅថៃ្ងពុធនេះ ជុំវិញសេចក្តីថែ្លងការណ៍ខាងលើ។
លោក សួង ចាន់ថន ជាមេធាវីរបស់រដ្ឋាភិបាលកម្ពុជាដែលការពារក្តីនេះ បានមានប្រសាសន៍ថា ៖ «ស្រុកដែលមានច្បាប់ ការយល់ដឹងអំពីច្បាប់និងការអនុវត្តច្បាប់»។
រីឯលោក ជូង ជូងី ជាមេធាវីរបស់លោក ហង្ស ចក្រា បានថែ្លងប្រតិកម្មថា លោកគាំទ្រសេចក្តីថែ្លងការណ៍នោះ ពីព្រោះតុលាការក្រុងភ្នំពេញមិនបានទុកឱកាសឲ្យកូនក្តីរបស់លោកការពារខ្លួននៅក្នុងសវនាការនោះទេ ហើយបានបិទផ្លូវមិនឲ្យប្តឹងទាស់ ប៉ុន្តែបានបើកផ្លូវឲ្យប្ដឹងឧទ្ធរណ៍។
លោក ជូង ជូងី ថ្លែងយ៉ាងដូច្នេះ ៖ «រឿងនេះជារឿងនយោបាយ ប៉ុន្តែបែរជាយកតុលាការធ្វើជាឧបករណ៍ដើម្បីដាក់ទោសអ្នកសារព័ត៌មានទៅវិញ»។
លោកបានស្នើសុំទៅតុលាការក្រុងភ្នំពេញនៅថៃ្ងពុធនេះ សុំឲ្យដោះលែងកូនក្តីរបស់លោកឲ្យមានសេរីភាពវិញ និងបានសុំសាលក្រមជាផ្លូវការពីតុលាការក្រុងភ្នំពេញដើម្បីជាសំអាងក្នុងការប្តឹងទៅតុលាការសាលាឧទ្ធរណ៍ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកនៅមិនទាន់ទទួលបានចម្លើយនៅទ្បើយទេ។
ចាងហ្វាងកាសែត«ខែ្មរម្ចាស់ស្រុក» គឺលោក ហង្ស ចក្រា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកំបាំងមុខជាបន្ទាន់កាលពីថៃ្ងទី២៦ ខែមិថុនា ឲ្យជាប់គុក១២ខែ និងផាកពិន័យជាប្រាក់៩លានរៀលក្រោមបទចោទប្រកាន់ថាផ្សាយព័ត៌មានមិនពិតនិងបរិហារកេរ្តិ៍ ក្រោមមាត្រាទី៦២និង៦៣នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យ UNTAC។
មេធាវីរបស់លោកមិនបានចូលរួមការពារក្តីនៅក្នុងការកាត់ទោសនោះទេ នៅគ្រាដែលការស្នើសុំពន្យារពេលសវនាការនោះត្រូវបានតុលាការបដិសេធភ្លាមៗ។
លោក ហង្ស ចក្រា ត្រូវបានរដ្ឋាភិបាលកម្ពុជាប្តឹងកាលពីខែឧសភាកន្លងទៅ ក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ហើយត្រូវបានសមត្ថកិច្ចនគរបាលនៅក្នុងខេត្តបាត់ដំបងចាប់ខ្លួនជាបន្ទាន់ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីតុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមកាលពីព្រឹកថៃ្ងទី២៦ ខែមិថុនា ហើយគេបាននាំខ្លួនលោកមកឃុំនៅក្នុងគុកព្រៃស នៅទិសខាងលិចក្រុងភ្នំពេញ។
ប្រភពបានឲ្យដឹងថា លោក ហង្ស ចក្រា ត្រូវបានគេកំពុងតែដាក់ឃុំខ្លួនជាមួយនឹងពិរុទ្ធជនដទៃទៀតនៅក្នុងបន្ទប់តូចចង្អៀតមួយដែលមានមនុស្សចំនួនជាង ៤០នាក់ឯណោះ៕
កម្ពុជាគ្រោងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានស្លាប់ក្នុងសង្គ្រាម
ចាងហ្វាងកាសែត"ខ្មែរអមតៈ"ត្រូវតុលាការកោះហៅទៅសាកសួរ
រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឲ្យអ្នកកាសែតពង្រឹងវិជ្ជាជីវៈ
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបត្រូវគេឃាត់ខ្លួនអស់ជិត៤ម៉ោង
ក្រុមគ្រួសារអំពាវនាវឲ្យដោះលែងហង្សចក្រា
ក្រសួងព័ត៌មាន៖ ការផ្សព្វផ្សាយព័ត៌មានមានការរីកចម្រើននិងបើកទូលាយ
សង្គមស៊ីវិលស្វាគមន៍ចំពោះការសម្រេចរបស់តុលាការខែត្រតាកែវ
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីរួចផុតពីការចោទថាផ្សាយព័ត៌មានមិនពិត
កាសែតមនសិការខ្មែរគ្រោងនឹងចេញផ្សាយវិញពេលឆាប់នេះ
អ្នកកាសែត១១នាក់ត្រូវទាហានរកស៊ីដឹកឈើគំរាមនិងឃាត់ខ្លួន
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.