Amnesty International រិះគន់​ការ​កាត់​ទោស​ដាក់​គុក​ចាងហ្វាង​កាសែត

2009-07-01

អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ Amnesty International បាន​ថែ្លង​រិះគន់​ថា ការ​ផ្តន្ទា​ទោស​ដាក់​គុក​ចាងហ្វាង​កាសែត​«ខែ្មរ​ម្ចាស់​ស្រុក» កន្លង​ទៅ​នេះ ថា​ជា​ការ​ដើរ​ថយ​ក្រោយ​នូវ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ហើយ​បាន​ទទូច​សុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បើក​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ​ជា​ថ្មី។

RFA Photo/Zakariya

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​«ខ្មែរ​ម្ចាស់​ស្រុក»។

យោង​តាម​សេចក្តី​ថែ្លងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថៃ្ង​ពុធ ទី​១ កក្កដា​នេះ បាន​និយាយ​ថា វា​ជា​ការ​អវត្តមាន​នៃ​ភាព​ឯករាជ​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ជា​ការ​កើន​ទ្បើង​នូវ​ភាព​មិន​ចេះ​អត់​ធ្មត់​ចំពោះ​ការ​រិះគន់​នៅ​ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា។

Brittis Edman ជា​អ្នក​ស្រាវជា្រវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថែ្លងការណ៍​នោះ​ទៀត​ថា ការ​កាត់​ទោស​កន្លង​មក​នេះ​មិន​បាន​ស្រប​តាម​បទដ្ឋាន​និង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទេ ហើយ​ការ​ចោទ​ប្រកាន់​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​ការ​រិះគន់​ដោយ​សន្តិ​វិធី​នោះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី។

មិន​ទាន់​អាច​ទាក់​ទង​លោក ខៀវ កាញារីទ្ធ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​នៅ​ថៃ្ង​ពុធ​នេះ ជុំវិញ​សេចក្តី​ថែ្លងការណ៍​ខាង​លើ។

លោក សួង ចាន់ថន ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ការពារ​ក្តី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ស្រុក​ដែល​មាន​ច្បាប់ ការ​យល់​ដឹង​អំពី​ច្បាប់​និង​ការ​អនុវត្ត​ច្បាប់»

រីឯ​លោក ជូង ជូងី ជា​មេធាវី​របស់​លោក ហង្ស ចក្រា បាន​ថែ្លង​ប្រតិកម្ម​ថា លោក​គាំទ្រ​សេចក្តី​ថែ្លង​ការណ៍​នោះ ពីព្រោះ​តុលាការ​ក្រុង​ភ្នំពេញ​មិន​បាន​ទុក​ឱកាស​ឲ្យ​កូន​ក្តី​របស់​លោក​ការពារ​ខ្លួន​នៅ​ក្នុង​សវនាការ​នោះ​ទេ ហើយ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ប្តឹង​ទាស់ ប៉ុន្តែ​បាន​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍។

លោក ជូង ជូងី ថ្លែង​យ៉ាង​ដូច្នេះ ៖ «រឿង​នេះ​ជា​រឿង​នយោបាយ ប៉ុន្តែ​បែរ​ជា​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​ដាក់​ទោស​អ្នក​សារព័ត៌មាន​ទៅ​វិញ»

លោក​បាន​ស្នើ​សុំ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ពុធ​នេះ សុំ​ឲ្យ​ដោះលែង​កូន​ក្តី​របស់​លោក​ឲ្យ​មាន​សេរីភាព​វិញ និង​បាន​សុំ​សាលក្រម​ជា​ផ្លូវការ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ជា​សំអាង​ក្នុង​ការ​ប្តឹង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅ​ទ្បើយ​ទេ។

ចាងហ្វាង​កាសែត​«ខែ្មរ​ម្ចាស់​ស្រុក» គឺ​លោក ហង្ស ចក្រា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ជា​បន្ទាន់​កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា ឲ្យ​ជាប់​គុក​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​៩​លាន​រៀល​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បរិហារ​កេរ្តិ៍ ក្រោម​មាត្រា​ទី​៦២​និង​៦៣​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរកាល​សម័យ UNTAC។

មេធាវី​របស់​លោក​មិន​បាន​ចូលរួម​ការពារ​ក្តី​នៅ​ក្នុង​ការ​កាត់​ទោស​នោះ​ទេ នៅ​គ្រា​ដែល​ការ​ស្នើ​សុំ​ពន្យារ​ពេល​សវនាការ​នោះ​ត្រូវ​បាន​តុលាការ​បដិសេធ​ភ្លាមៗ។

លោក ហង្ស ចក្រា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​ជា​បន្ទាន់​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាល​ក្រម​កាល​ពី​ព្រឹក​ថៃ្ង​ទី​២៦ ខែ​មិថុនា ហើយ​គេ​បាន​នាំ​ខ្លួន​លោក​មក​ឃុំ​នៅ​ក្នុង​គុក​ព្រៃ​ស នៅ​ទិស​ខាង​លិច​ក្រុង​ភ្នំពេញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា ត្រូវ​បាន​គេ​កំពុង​តែ​ដាក់​ឃុំ​ខ្លួន​ជាមួយ​នឹង​ពិរុទ្ធ​ជន​ដទៃ​ទៀត​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​មួយ​ដែល​មាន​មនុស្ស​ចំនួន​ជាង ៤០​នាក់​ឯណោះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

អ្នក​កាសែត​ជាប់​ឃុំ​ម្នាក់​បន្ត​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រឿង​ក្ដី​ជាមួយ​សយសុភាព

មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​លើក​លែង​ទោស​ ហង្ស ចក្រា

ព្រះ​មហាក្សត្រ​ស្នើសុំ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះលែង ហង្ស ចក្រា

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

កាសែត​សេរីភាព​ថ្មី​ផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រោះ​បញ្ហា​ថវិកា

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ​ព័ត៌មាន

អ្នក​កាសែត​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

អ្នក​កាសែត​ខ្មែរ​មួយ​រូប​ទទួល​ពាន​រង្វាន់​អន្តរជាតិ