ជប៉ុន​ផ្ដល់​ជំនួយ​ជិត ១៩​លាន​ដុល្លារ ឲ្យ​កម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន យ៉ូស៊្ហីហ៊ីកូ ណូដា (Yoshihiko Noda) ថា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​បរិយាកាស​វិនិយោគទុន​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​បច្ចុប្បន្ន​ត​ទៅ​ទៀត នៅ​ពេល​ដែល​ក្រុមហ៊ុន​វិនិយោគ​ពី​ជប៉ុន បាន​ងាក​មក​ដាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​នោះ។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ រវាង​មេ​ដឹក​នាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នៅ​ក្រុង​តូក្យូ ជប៉ុន បាន​យល់​ព្រម​ផ្ដល់​ជំនួយ​ប្រមាណ​ជិត ១៩​លាន​ដុល្លារ ស.រ.អា សម្រាប់​ជួស​ជុល​ផ្លូវ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក បន្ទាប់​ពី​ខូច​ខាត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ទៅ​មិញ។

កាល​ពី​ឆ្នាំ​២០១១ វិនិយោគទុន​ពី​ជប៉ុន​បាន​កើន​ដល់ ៧៥​លាន​ដុល្លារ គឺ​លើស​ពី​ឆ្នាំ​២០១០។

ក្រុម​អ្នក​សង្កេត​ការណ៍​ថ្លែង​ថា ជប៉ុន​ចាប់​ផ្តើម​ងាក​មក​រក​ប្រទេស​កម្ពុជា ដើម្បី​វិនិយោគទុន​កាន់​តែ​ច្រើន ដោយ​សារ​តែ​តម្លៃ​ពល​កម្ម​នៅ​ប្រទេស​ជិត​ខាង​កំពុង​កើន​ឡើង​ជាង​មុន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។