កត្តា​ដែល​នាំ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា

ការ​ថយ​ចុះ​ទំនាក់​ទំនង​នយោបាយ​ចិន-ជប៉ុន គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់​នៅ​ប្រទេស​ជប៉ុន និង​បញ្ហា​ពលកម្ម​ខ្ពស់​នៅ​ប្រទេស​វៀតណាម បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន បង្វែរ​ទិសដៅ​មក​កម្ពុជា នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ ប៉ុន្តែ​អ្នក​វិនិយោគ​ជប៉ុន ទាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឡើយ។

0:00 / 0:00

ដើម្បី​លើក​កម្ពស់​ការ​វិនិយោគ​ជប៉ុន នៅ​កម្ពុជា ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អ្នក​វិភាគ​សេដ្ឋកិច្ច​អះអាង​ថា ប្រទេស​កម្ពុជា កសាង​បរិយាកាស និង​បទដ្ឋាន​ច្បាប់​អំណោយ​ផល​សម​ស្រប​ដែរ ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​វិនិយោគ​ជប៉ុន ដែល​ភាគ​ច្រើន​មាន​ទិសដៅ​វិនិយោគ​យូរ​អង្វែង។

ប្រទេស​ជប៉ុន បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​ស្ដារ និង​អភិវឌ្ឍ​កម្ពុជា ឡើង​វិញ ហើយ​ជំនួយ​ទាំង​អស់​នោះ គឺ​ជា​ជំនួយ​ឥត​សំណង ប៉ុន្តែ​ការ​វិនិយោគ​ជប៉ុន វិញ មាន​តិច​តួច​បំផុត បាន​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។ ការ​អះអាង​របស់​អ្នក​វិភាគ​សេដ្ឋកិច្ច យល់​ឃើញ​ថា ការ​វិនិយោគ​របស់​ប្រទេស​ជប៉ុន ជា​ការ​វិនិយោគ និង​ទទួល​ផល​ត្រឡប់​យូរ​អង្វែង ដែល​ប្រទេស​នេះ​ទាម​ទារ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ បរិយាកាស​វិនិយោគ​ល្អ និង​កំណើន​សេដ្ឋកិច្ច។

សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក ភីធឺ ប្រីមបូល (Peter Brimble) មាន​ប្រសាសន៍​បន្ថែម​ថា អ្នក​វិនិយោគ​ជប៉ុន គិត​ថា​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ជា​ទី​កន្លែង​មួយ​សម​ស្រប​សម្រាប់​ការ​វិនិយោគ ដូច​ជា​អ្នក​វិនិយោគ​ជប៉ុន បាន​ផ្លាស់​ប្ដូរ​ទីតាំង​ពី​ប្រទេស​វៀតណាម មក​កម្ពុជា ដោយ​សារ​តែ​កត្តា​សក្ដានុពល​ពីរ គឺ​កត្តា​ទាក់​ទាញ (Pull Factor) មាន​ន័យ​ថា ប្រទេស​កម្ពុជា មាន​សមត្ថភាព​កាន់​តែ​ប្រសើរ​ជាង​មុន ហើយ​កត្តា​ទី​ពីរ គឺ​កត្តា​រុញ​ច្រាន (Push Factor) ដោយ​សារ​តែ​ការ​ថ្លៃ​ផលិត​កាន់​តែ​ខ្ពស់​នៅ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ចិន រួម​ទាំង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ ជា​ដើម ដែល​រុញ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន មក​ប្រទេស​កម្ពុជា។

លោក ភីធឺ ប្រីមបូល៖ «កត្តា​ទាក់​ទាញ​មួយ​ចំនួន មាន​ន័យ​ប្រទេស​កម្ពុជា មាន​សមត្ថភាព​ល្អ មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ហើយ​កម្ពុជា មាន​កត្តា​រុញ​ផ្សេង​ទៀត គឺ​ថ្លៃ​ពលកម្ម​នៅ​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ចិន មាន​កម្រិត​ខ្ពស់ រួម​ទាំង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ ជា​ដើម»

លោក ភីធឺ ប្រីមបូល មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទោះ​បី​ជា​ប្រទេស​កម្ពុជា មាន​កត្តា​ទាក់​ទាញ​ទាំង​នោះ​ក្ដី ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​ចំពោះ​អ្នក​វិនិយោគ​ជប៉ុន នៅ​ឡើយ គឺ​បញ្ហា​ដឹក​ជញ្ជូន​គ្រប់​មធ្យោបាយ និង​ការ​លើក​ដាក់​ទំនិញ​ដើម្បី​នាំ​ចេញ។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា តម្លៃ​ដឹក​ជញ្ជូន​នៅ​ប្រទេស​កម្ពុជា គឺ​ខ្ពស់​ជាង​ប្រមាណ​ពីរ​ដង ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ហើយ​បញ្ហា​ទាក់​ទង​នឹង​បែប​បទ​រដ្ឋបាល​នាំ​ចេញ រយៈពេល​នាំ​ចេញ គឺ​នៅ​មាន​ភាព​ស្មុគស្មាញ និង​ចំណាយ​ពេល​ច្រើន​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច​លោក ហេង ឌីណា មាន​ប្រសាសន៍​ថា នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ជា​កត្តា​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​បញ្ហា​ប្រឈម​ទាក់​ទង​នឹង​ផ្នែក​ដឹក​ជញ្ជួន ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដោយ។

លោក ហេង ឌីណា ក៏​អះអាង​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ភីធឺ ប្រីមបូល ថា ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន មក​កម្ពុជា គឺ​ទាក់​ទង​នឹង​កត្តា​រុញ​ពី​ខាង​ក្រៅ ដូច​ជា​ការ​ថយ​ចុះ​ទំនាក់​ទំនង​នយោបាយ​រវាង​ជប៉ុន និង​ចិន ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ងាក​មក​ប្រទេស​នៅ​អាស៊ី ដូច​ជា​វៀតណាម ភូមា កម្ពុជា ឬ​ប្រទេស​ថៃ ជាដើម។ លោក​បន្ត​ថា វិបត្តិ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ តម្លៃ​ពលកម្ម​ខ្ពស់​នៅ​ប្រទេស​ជិត​ខាង ជា​ចំណុច​វិជ្ជមាន​បន្ថែម​ទៀត​សម្រាប់​ទាក់​ទាញ​អ្នក​វិនិយោគ​ជប៉ុន មក​កម្ពុជា។

អ្នក​វិភាគ​សេដ្ឋកិច្ច​ផ្សេង​ទៀត​បាន​អះអាង​ថា កត្តា​ទាក់​ទាញ​អ្នក​វិនិយោគ គឺ​ទាក់​ទង​ហេដ្ឋារចនាសម្ព័ន្ធ ថ្លៃ​ពលកម្ម ពលកម្ម​ជំនាញ តម្លាភាព និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ជាដើម ប៉ុន្តែ​កត្តា​នេះ​ក៏​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​អ្នក​វិនិយោគ​ជប៉ុន នៅ​ឡើយ​ទេ។

ក្នុង​ចំណោម​ប្រទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា អ្នក​វិនិយោគ​ជប៉ុន ទាម​ទារ​ឲ្យ​ប្រទេស​កម្ពុជា បង្ហាញ​អំពី​បញ្ជី​វិនិយោគ​វិជ្ជមាន (Positive List) លើ​ប្រភេទ​អ្វី​ខ្លះ​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​នៅ​កម្ពុជា វិញ មាន​តែ​បញ្ជី​វិនិយោគ​អវិជ្ជមាន (Negative List) ដែល​បង្ហាញ​អំពី​ប្រភេទ​នៃ​ការ​វិនិយោគ ត្រូវ​បាន​ហាម​ឃាត់​នៅ​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​ការ​វិនិយោគ​ជប៉ុន កើន​ឡើង​នៅ​កម្ពុជា ប៉ុន្តែ​លោក ភីធឺ ប្រីមបូល មាន​ប្រសាសន៍​ថា អ្នក​វិនិយោគ​ជប៉ុន កំពុង​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​វិនិយោគ​ភាគ​ច្រើន គឺ​នៅ​លើ​តែ​តំបន់​សេដ្ឋកិច្ច​ពិសេស​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​កត្តា​នេះ លោក ហេង ឌីណា បញ្ជាក់​ថា ការ​កើន​ឡើង​អ្នក​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺ​ដោយ​សារ​តែ​ការ​បន្ថយ​ពន្ធ មាន​ន័យ​ថា​កម្រិត​ជាប់​ពន្ធ​នៅ​ស្រាល​ជាង​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​ក្រុមហ៊ុន​ទ្រទ្រង់​ជាដើម។

តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ស្ថិត​នៅ​ជាយ​ទីក្រុង​ភ្នំពេញ មាន​ទំហំ​ជិត ៤០០​ហិកតារ ដែល​នៅ​ទំនេរ ប៉ុន្តែ​ក្នុង​តំបន់​នេះ​ក៏​មាន​ក្រុមហ៊ុន​ជប៉ុន មួយ​ចំនួន វិនិយោគ​នៅ​ទី​នោះ​ដែរ ដូច​ជា​ក្រុមហ៊ុន​យ៉ាម៉ាហា ម៉ូតូ (Yamaha Motor) ក្រុមហ៊ុន​អាជីណូមូតូ (Ajinomoto) និង​ក្រុមហ៊ុន​អេឡិចត្រូនិក​មីនីប៊ែ (Minebear) ជាដើម។

របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បាន​បង្ហាញ​ថា ការ​វិនិយោគ​បរទេស​ជប៉ុន សរុប​នៅ​ប្រទេស​អាស៊ាន​ទាំង​១០ បាន​កើន​ឡើង​ច្រើន​ជាង ២​ដង ធៀប​នឹង​ឆ្នាំ​មុន និង​វិនិយោគ​ជប៉ុន ផ្ទាល់​នៅ​ប្រទេស​ចិន បាន​កើន​ឡើង ៦០% នៅ​ឆ្នាំ​២០១១។ យោង​តាម​របាយការណ៍​ការ​កើន​ឡើង​វិនិយោគ​ទុន​នៅ​អាស៊ី បាន​បង្ហាញ​ថា ក្រុមហ៊ុន​ជប៉ុន កំពុង​តែ​ប្រើ​ប្រាស់​តំបន់​អាស៊ី ជា​ទី​កន្លែង​ផលិត​របស់​ជប៉ុន ដើម្បី​ជៀសវាង​ភាព​រង្គោះរង្គើ​ណា​មួយ​ដែល​កើត​ឡើង​នៅ​ប្រទេស​ចិន។

ម៉្យាង​វិញ​ទៀត ការ​កើត​មាន​គ្រោះ​ធម្មជាតិ​ជា​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​វិនិយោគ​ជប៉ុន ដូច​ជា​គ្រោះ​ធម្មជាតិ​ស៊ូណាមិ (tsunami) នៅ​ប្រទេស​ជប៉ុន គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ ជា​កត្តា​ក្រើន​រំលឹក​ដល់​ប្រទេស​ជប៉ុន ត្រូវ​តែ​បង្កើន និង​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់​ផ្សេង ជា​ពិសេស​នៅ​អាស៊ី ដើម្បី​ជៀសវាង​ការ​ថយ​ចុះ​សង្វាក់​ការ​ផ្គត់ផ្គង់​របស់​ទំនិញ​ជប៉ុន នៅ​ពិភពលោក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​អះអាង​របស់​អ្នក​វិនិយោគ​ជប៉ុន នៅ​ក្នុង​គេហទំព័រ (Reuters) បាន​បង្ហាញ​ថា ប្រទេស​ថៃ នៅ​តែ​ជា​ទី​កន្លែង​សំខាន់​របស់​អ្នក​វិនិយោគ​ជប៉ុន ដោយ​ហេតុ​ផល​ថា​ប្រទេស​ថៃ បាន​បង្ហាញ​អំពី​ភាព​ជឿជាក់​ខ្លាំង​ដល់​ការ​ទាក់​ទាញ​វិនិយោគ​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។