យុវជន​ខ្មែរ​ចាប់​អារម្មណ៍​ការងារ​ពី​ក្រុមហ៊ុន​ជប៉ុន

យុវជន​រាប់​រយ​នាក់​មក​ពី​បណ្ដា​សាកល​វិទ្យាល័យ​នានា កំពុង​ចាប់​អារម្មណ៍​ការងារ​ពី​ក្រុមហ៊ុន​ជប៉ុន។

0:00 / 0:00

ក្រុម​យុវជន​បាន​ចូល​ទៅ​ស្វែងរក​ការងារ​នៅ​ក្នុង​ពិព័រណ៍​ក្រុមហ៊ុន​ជប៉ុន ដែល​ផ្ដល់​ឱកាស​ការងារ​ស្ទើរ​គ្រប់​វិស័យ​ដល់​យុវជន ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ស៊ី​ជេ​ស៊ី​ស៊ី (CJCC)។

ក្រុមហ៊ុន​ជប៉ុន​ចំនួន ៣៣ កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​យុវជន​ដែល​កំពុង​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ ហើយ​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​អនាគត​របស់​ពួកគេ។

យុវជន​ប្រមាណ ៥០០​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ពិព័រណ៍​ក្រុមហ៊ុន​ជប៉ុន នៅ​ថ្ងៃ​ទី​១៨ កក្កដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ស៊ី​ជេ​ស៊ី​ស៊ី (CJCC)។

នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន លោក កឹម អឿន មាន​ប្រសាសន៍​ថា ពិព័រណ៍​នេះ​គឺ​មាន​ការ​ចូល​រួម​ពី​សមាគម​អាជីវកម្ម​ជប៉ុន នៅ​កម្ពុជា ដេប៉ាតឺម៉ង់​ភាសា​ជប៉ុន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ដែល​មាន​ក្រុមហ៊ុន​ជប៉ុន ចំនួន ៣៣ ចូល​រួម។

លោក​ថា នេះ​ជា​ឱកាស​ដែល​យុវជន​អាច​ទទួល​បាន​ការងារ​ល្អ​ពី​ក្រុមហ៊ុន​ទាំង​នេះ៖ «តាម​ពិត​ទៅ​យើង​លើក​ទឹក​ចិត្ត​អ្នក​ដែល​ចេះ​ជប៉ុន នៅ​ក្នុង​តួនាទី​មួយ​ចំនួន ប៉ុន្តែ​តួនាទី​មួយ​ចំនួន​ទៀត​គឺ​អត់​ចាំបាច់​ទេ។ យើង​ឃើញ​ហើយ ដូច​ជា​ការ​បើក​ផ្សារ​ទំនើប​ធំ​មួយ គឺ​ថា វា​មាន​គ្រប់​ទាំងអស់​មាន​មួយ​ចំនួន គឺ​វា​ទាក់ទង​ក្រុមហ៊ុន​ជប៉ុន ដោយ​ផ្ទាល់។ អ៊ីចឹង​យើង​ត្រូវ​ការ​អ្នក​ចេះ​ជប៉ុន តែ​មួយ​ចំនួន​ទៀត​គឺ​ថា អត់​ទេ​យើង​ចេះ​ភាសា​អង់គ្លេស»

យុវតី ខឿន ស្រីខេង អាយុ ២២​ឆ្នាំ រៀន​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា ដែល​បាន​ចូលរួម​មើល​ពិព័រណ៍​នេះ​ដែរ ថ្លែង​ថា នាង​ចាប់​អារម្មណ៍​នៅ​ពេល​ដែល​បាន​លឺ​ថា មាន​ពិព័រណ៍​ក្រុមហ៊ុន​ជប៉ុន ដោយសារ​បច្ចុប្បន្ន​នាង​កំពុង​រៀន​ភាសា​ជប៉ុន ហើយ​នាង​បាន​ដាក់​ប្រវត្តិ​រូប​ការងារ​ចំនួន ២​កន្លែង សង្ឃឹម​ថា បាន​ការងារ​ពី​ពិព័រណ៍​នេះ។

យុវតី ខឿន ស្រីខេង៖ «ខ្ញុំ​គិត​ថា ពិព័រណ៍​នេះ​មាន​ប្រយោជន៍​សម្រាប់​ពួក​ខ្ញុំ​ណាស់ ព្រោះ​អី​ពួក​ខ្ញុំ​ទើប​ចាប់​យក​ភាសា​ជប៉ុន។ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ស្វែងយល់​ពី​ការងារ​របស់​ជប៉ុន គេ​ត្រូវ​ការ​កម្មករ​ខ្មែរ​ជា​ច្រើន។ គេ​នឹង​យក​ស៊ីវី​យើង គេ​នឹង​ហៅ​យើង​ទៅ​សម្ភាសន៍ ប៉ុន្តែ​មិន​ដឹង​ថា យើង​អាច​ធ្វើ​ឲ្យ​គេ​បាន ឬ​ក៏​អត់​ទេ»

យុវជន​ម្នាក់​ទៀត ឈ្មោះ ឈុន ប៉ុនរ៉ា អាយុ ២៤​ឆ្នាំ បាន​ថ្លែង​ថា ភាសា​ជប៉ុន គឺ​ជា​ឧបសគ្គ​មួយ ប្រសិន​ជា​អ្នក​មាន​បំណង​ដាក់​ការងារ​ទាំង​នេះ មិន​ចេះ​ភាសា​ជប៉ុន ក្រៅ​ពី​ភាសា​ជប៉ុន​ទេ​នោះ៖ «គិត​ថា មាន​ការ​ពិបាក​ដែរ បើ​យើង​អត់​ចេះ​ភាសា​ជប៉ុន។ ព្រោះ​អី​ក្រុមហ៊ុន​ជប៉ុន គេ​មក​វិនិយោគ​ក្រុមហ៊ុន​ធំៗ គេ​ប្រើ​ភាសា​អង់គ្លេស ជា​គោល​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​វា​ត្រូវ​ប្រើ​ភាសា​ជប៉ុន»

អ្នក​ចាត់ការ​ទូទៅ​ផ្នែក​បញ្ជា​ទិញ​ការិយាល័យ​តំណាង​នៅ​កម្ពុជា នៃ​ក្រុមហ៊ុន អ៊ីអន (AEON) លោក ហ៊ីរ៉ូស៊ិ ហាសិហ្គាវ៉ា (Hiroshi Hasegawa) មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នេះ​នឹង​បើក​ដំណើរការ​ផ្សារ​ទំនើប​ធំ​ជាង​គេ​នៅ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ ដែល​មាន​លក់​សំលៀក​បំពាក់ អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម​ចំនួន ១៥០០​នាក់។

លោក ហ៊ីរ៉ូស៊ិ ហាសិហ្គាវ៉ា៖ «ដោយសារ​ក្រុមហ៊ុន​ពួក​ខ្ញុំ​ជា​ក្រុមហ៊ុន​ជប៉ុន អ្វី​ដែល​យើង​ត្រូវការ​ហ្នឹង គឺ​យើង​ត្រូវ​ការ​បុគ្គលិក​ដែល​ធ្វើការ Part time ឬ ក៏ Full time ហ្នឹង អ្វី​ដែល​ល្អ​បំផុត​គឺ​ពួកគាត់​អាច​និយាយ​ភាសា​ជប៉ុន​បាន»

នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពិព័រណ៍​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ ដែល​បើក​ឲ្យ​និស្សិត​មក​ពី​គ្រប់​ទិសទី​ចូលរួម និង​មាន​ឱកាស​ទទួល​បាន​ការងារ​ពី​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។