ជប៉ុន​ជួយ ៥៤ លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ និង​​​​ផ្នែក​​ធនធាន​រ៉ែ

នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ផ្ដោត​លើ​ការ​បង្កើន​ផលិតផល​ស្រូវ​ឲ្យ​បាន​ច្រើន ដើម្បី​នាំ​ចេញ​ទៅ​ទី​ផ្សារ​បរទេស ឲ្យ​បាន​ចំនួន​ជាង ១ លាន​តោន នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ ប្រទេស​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ថ្មី​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ផែន​ការ​នោះ​ឲ្យ​បាន​ជោគជ័យ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​លោក ម៉ាសាហ៊្វូមី គូរ៉ូគី (Masafumi Kuroki) នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១១ បាន​ចុះ​ហត្ថលេខា​ទ្វេភាគី ដើម្បី​ទទួល​ជំនួយ​ឥត​សំណង ចំនួន​ប្រមាណ ៥៤ លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ជប៉ុន ដើម្បី​អនុវត្តន៍​គម្រោង​សំខាន់​ចំនួន ២ គឺ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​បង្កើន​គុណភាព​បរិក្ខារ​អប់រំ​ផ្នែក​ធនធាន​រ៉ែ។

ការ​ចុះ​ហត្ថលេខា បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ​ថា ជំនួយ​នេះ មាន​សារៈសំខាន់​ខ្លាំង ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា៖ «អស់​លោក​ជ្រាប​ស្រាប់​ហើយ ការ​អភិវឌ្ឍ​ធារាសាស្ត្រ​ជា​មូលដ្ឋាន​សំខាន់​បំផុត​សម្រាប់​ការ​ផលិត​ស្បៀងអាហារ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើងៗ។ អស់​លោក​ជ្រាប​ស្រាប់​ហើយ​នៅ​ឆ្នាំ ២០០៨ យើង​សល់ (ស្រូវ) ជាង ២ លាន​តោន, ២០០៩ សល់​ស្រូវ ៣ លាន​តោន និង​ឆ្នាំ ២០១០ យើង​សល់​ជាង ៣ លាន​តោន ជិត ៤ លាន​តោន ស្រូវ​នាំ​ចេញ។ នៅ​ឆ្នាំ​នេះ យើង​សង្ឃឹម​ថា បាន​ល្អ​ទៀត។ ការ​អភិវឌ្ឍ​ធនធាន​ធារាសាស្ត្រ​នេះ នឹង​នាំ​កសិកម្ម​យើង​ប្រែក្លាយ​ជា​កសិកម្ម​ទំនើប។ យុទ្ធសាស្ត្រ​ របស់​រាជ​រដ្ឋាភិបាល គឺ​ចាត់​ទុក​កសិកម្ម​ជា​វិស័យ​អាទិភាព​ទី ១»។

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក ម៉ាសាហ៊្វូមី គូរូគី មាន​ប្រសាសន៍​ថា ជំនួយ​សម្រាប់​គម្រោង​ទាំង​នោះ នឹង​ជួយ​បង្កើន​ផលិតផល​កសិកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​នៅ​របស់​កសិករ​ខ្មែរ។

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក ឈិន ឈូយ ថ្លែង​ថា កសិករ​ខ្មែរ​នៅ​ប្រើ​បច្ចេកទេស​បូរាណ​នៅ​ឡើយ ក្នុង​ការ​ធ្វើ​កសិកម្ម និង​ប្រើ​ពូជ​ស្រូវ​មិន​សូវ​ល្អ ៖ «មុខ​របស់​ប្រជាកសិករ​ហ្នឹង ៩៥% ដែល​ប្រកប​ជា​របរ​កសិកម្ម​ហ្នឹង ជា​ពិសេស គឺ​ដំណាំ​ស្រូវ​យើង​ហ្នឹង។ ការ​ខ្វះខាត ទី​១ គឺ​ប្រជាពលរដ្ឋ​យើង គឺ​មិន​ទាន់​ប្ដូរ​ផ្នត់គំនិត យើង​ប្រើ​ប្រាស់​ពូជ និង​បច្ចេកវិទ្យា​ថ្មី​ហ្នឹង គាត់​នៅ​មាន​ការ​ប្រើប្រាស់​ដែរ នៅ​មាន​កម្រិត។ ហើយ​មួយ​ទៀត គឺ​ខ្វះខាត​ប្រភព​ទឹក​ស្រោចស្រព​នៅ​ខ្វះខាត​នៅ​ឡើយ គឺ​មិន​ទាន់​មាន​គ្រប់គ្រាន់​ទេ»។

ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ផ្ដោត​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​ផែនការ​នាំ​ចេញ​ស្រូវ​ទៅ​ទីផ្សារ​បរទេស​ឲ្យ​បាន​ចំនួន​ជាង ១ លាន​តោន នៅ​ឆ្នាំ ២០១៥ ខាង​មុខ។

ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជំនួយ​ជាង ៥៣ លាន​ដុល្លារ​អាមេរិក គឺ​សម្រាប់​គម្រោង​កែ​លំអ និង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​ដោះ​ទឹក​ខាង​លិច​បឹង​ទន្លេសាប។ ជំនួយ ៧ សែន​ដុល្លារ​អាមេរិក គឺ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​បរិក្ខារ​អប់រំ​សម្រាប់​ផ្នែក​ធនធាន​រ៉ែ​នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ ប្រទេស​ជប៉ុន បាន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន ៣,៥៨ លាន​ដុល្លារ​អាមេរិក មក​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ទិញ​ជី​កសិកម្ម ដែល​មាន​គុណភាព​ខ្ពស់ សម្រាប់​លក់​ក្នុង​តម្លៃ​ថោក​ឲ្យ​គ្រួសារ​កសិករ​ខ្មែរ ចំនួន ១៦០.០០០នាក់ នៅ​ខេត្ត​ចំនួន ១៣។ ជី​ដែល​មាន​គុណភាព​ខ្ពស់​នោះ គឺ​ជួយ​ឲ្យ​កសិករ​ខ្មែរ​ទទួល​បាន​ផល​ស្រូវ​ច្រើន៕