អង្គការ​JETRO​របស់​ជប៉ុន​បើក​ការិយាល័យ​នៅ​ភ្នំពេញ

អង្គការ​ចេត្រូ (JETRO) របស់​ជប៉ុន​បើក​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ខែ​មេសា​នេះ ដើម្បី​ជំរុញ​និង​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ឲ្យ​បាន​លូត​លាស់​ប្រសើរ​ជាង​មុន។

ចេត្រូ គឺ​ជា​ឈ្មោះ​អង្គការ​របស់​ប្រទេស​ជប៉ុន​មាន​តួនាទី​សម្រប​សម្រួល​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​ប្រទេស​ជប៉ុន ជាមួយ​នឹង​ប្រទេស​ជា​ដៃ​គូ ដូច​ជា​ការ​កំណត់​មុខ​ទំនិញ លក់​ចេញ​ទិញ​ចូលទំនិញ​រវាង​ប្រទេស​ជា​ដៃ​គូ និង​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ដៃ​គូ​ផង​ដែរ។

លោក យ៉ាស៊ូ ហាយ៉ាស៊ី (Yasuo Hayashi) ប្រធាន​អង្គការ​ចេត្រូ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១០ មីនា​នេះ នៅ​ឯ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ (Le Royal) ថា អង្គការ​ចេត្រូ​ដែល​បាន​សម្រេច​ចិត្ត​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ទី​ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ជា​ឱកាស​ល្អ​សម្រាប់​អង្គការ​នេះ។

លោក យ៉ាស៊ូ ហាយ៉ាស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​មាន​ស្ថិរភាព​នយោបាយ​ល្អ និង​យូរ​អង្វែង​ហើយ​មាន​ឆន្ទៈ​ល្អ​មែនទែន។ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​ល្អជា​យូរ​អង្វែង​មក​ហើយ។ ប្រទេស​កម្ពុជា​មាន​កម្លាំង​ពលកម្ម​ច្រើន មាន​ធនធាន​ធម្មជាតិ​ច្រើន មាន​ធនធាន​មនុស្ស ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​លក្ខណៈ​ពិសេស​នេះ»

លោក យ៉ាស៊ូ ហាយ៉ាស៊ី បាន​ឲ្យ​ដឹង​ផងដែរ​ថា ការិយាល័យ​របស់​អង្គការ​ចេត្រូ​ក៏​បាន​បើក​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និង​ទីក្រុង​បាងកក ប្រទេស​ថៃ​ផងដែរ។

របាយការណ៍​របស់​អង្គការ​ចេត្រូ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ មីនា​នេះ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ទំនិញ​ចេញ​ចូល​នៃ​ប្រទេស​ទាំង​ពីរ ជប៉ុន​-​កម្ពុជា កាល​ពី​ឆ្នាំ​២០០០ មាន​ចំនួន​ទឹក​ប្រាក់ ១០២​លាន​ដុល្លារ ហើយ​រហូត​មក​ដល់​ឆ្នាំ​២០០៩ បាន​កើន​ឡើង​ដល់ ២៥៥​លាន​ដុល្លារ​អាមេរិក។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​នោះ បាន​ស្វាគមន៍​នូវ​ការ​បើក​ការិយាល័យ​របស់​អង្គការ​ចេត្រូ​របស់​ជប៉ុន​នេះ ហើយ​លោក​បាន​រំពឹង​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន នឹង​អាច​រីក​ចម្រើន​ឡើង​ដូច​ក្ដី​សង្ឃឹម​នៅ​ពេល​នេះ។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ណាស់​នៅ​លើ​វត្តមាន​របស់​ការិយាល័យ​នេះ។ ការ​បង្កើត​ការិយាល័យ​នេះ​នឹង​ជួយ ជា​ពិសេស​គឺ​សិប្បករ​យើង ឧស្សាហករ​យើង និង​ពាណិជ្ជករ​យើង ក្នុង​ការ​អភិវឌ្ឍ​នូវ​ផលិតផល​ដែល​អាច​នាំ​ចេញ​បាន។ ជា​ពិសេស​គឺ​នឹង​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ពិភពលោក ឬ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ជប៉ុន​កាន់តែ​កើន​ថែម​ទៀត»

បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​អង្គការ​ចេត្រូ ការិយាល័យ​ចេត្រូ គ្រោង​នឹង​បើក​ទ្វារ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា គឺ​ខែ​ក្រោយ​នេះ ដែល​មាន​អាសយដ្ឋាន​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ATWOOD ស្ថិត​លើ​ដង​វិថី​សហព័ន្ធ​រុស៊្សី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ទី​ក្រុងភ្នំពេញ៕