ពលរដ្ឋ​នៅ​តាកែវ​ខ្លះ​រក​កម្រៃ​ដោយ​ការ​លី​​ស្រូវ​ឲ្យ​ឈ្មួញ​វៀតណាម

អាជីវកម្ម​ទិញ​លក់​ស្រូវ​តាម​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​តាកែវ កំពុង​មាន​សកម្មភាព​រស់​រវើក​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។

0:00 / 0:00

ក្រៅ​ពី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កសិករ​ដែល​មាន​មុខ​របរ​ធ្វើ​ស្រែ ការ​ជួញដូរ​ស្រូវ​នៅ​តំបន់​នោះ​ក៏​បាន​ផ្ដល់​ឲ្យ​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត មាន​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះ​ពី​ការ​បម្រើ​សេវាកម្ម​ក្នុង​អាជីវកម្ម​នេះ។

នៅ​ក្នុង​ភូមិ​ត្រើយ​ទន្លាប់ ឬ​អ្នក​ខ្លះ​ហៅ​ថា ភូមិ​យួន ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ មាន​មនុស្ស​ប្រុស​វ័យ​ក្រោម ៣៥​ឆ្នាំ ប្រមាណ ៤០​នាក់ ខ្លះ​លី​បាវ​ស្រូវ​ពី​ថ្នល់​ជាតិ​លេខ​២ ចុះ​ដាក់​ក្នុង​ទូក​វៀតណាម ច្រើន​គ្រឿង និង​ខ្លះ​ថ្លឹង​ស្រូវ ខ្លះ​រៀប​បាវ​ស្រូវ ហើយ​ខ្លះ​ទៀត​ចាក់​កាយ​ស្រូវ​ក្នុង​ទូក។

ក្រុម​អ្នក​ហាល​ស្រូវ​ភាគ​ច្រើន​ជា​ស្ត្រី បាន​យក​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​២ ទាំង​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​ហាល​ស្រូវ។

ស្ត្រី​អាយុ ៦៨​ឆ្នាំ រស់​នៅ​ភូមិ​ទំនប់ ឃុំ​ព្រះបាទជាន់ជុំ ឈ្មោះ ញាណ ហំ ឲ្យ​ដឹង​ថា កាល​ពី​ផ្លូវ​ជាតិ​លេខ​២ មិន​ទាន់​កសាង​រួច ពួកគាត់​គ្មាន​មុខ​របរ​ទេ ដី​ដាំ​ដុះ​ក៏​គ្មាន រដូវ​ទឹក​ឡើង​ដី​ភូមិ​បាន​លិច​ទឹក​អស់ គាត់​ដាំ​អី​ក៏​មិន​បាន ជីវភាព​គាត់​ត្រដាបត្រដួស គាត់​ដើរ​ស៊ី​ឈ្នួល​ដល់​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឥឡូវ​នេះ​នៅ​ពេល​ថ្នល់​ជាតិ​លេខ​២ កសាង​រួច ផ្លូវ​នោះ​បាន​ជួយ​គាត់​ឲ្យ​មាន​ប្រាក់​ចំណូល​ច្រើន​ពី​របរ​ស៊ី​ឈ្នួល ហាល​គ្រាប់​ស្រូវ​នេះ។

ស្ត្រី ញាណ ហំ បន្ត​ថា ៖ «ឆ្នាំ​នេះ​បាន​ស្រូវ​ហាល ព្រោះ​មាន​ថ្នល់​នេះ បើ​កុំ​តែ​បាន​ធ្វើ​ថ្នល់​នេះ​ប្រជាជន​​ក៏​វា​មិន​បាន​ហាល​ស្រូវ​អ៊ីចឹង​ដែរ។ បាន​មាំ​ណាស់​ឥឡូវ​នេះ បង​ប្អូន​រស់​បាន​តែ​នឹង​ថ្នល់​ហ្នឹង​មិន​បាន​រស់​នៅ​ឯ​ណា រស់​តែ​លើ​ហ្នឹង មាន​ធ្វើ​អី​ឯ​ណា ប្រមូល​គ្នា​មក​តែ​ត្រង់​ហ្នឹង​លី​ស្រូវ​លី​អី​ធ្វើ​កម្មករ​តែ​ទាំង​អស់​គ្នា​ហ្នឹង»

ក្រុម​បុរស​វ័យ ៣៥​ឆ្នាំ មួយ​ក្រុម ដែល​កំពុង​ថ្លឹង និង​លី​សែង​ស្រូវ​ចុះ​ទូក​អះអាង​ថា ពួកគេ​ធំ​ដឹង​ក្ដី​ក្រោយ​រដ្ឋ​អំណាច​ចែក​ដី​ឲ្យ​ពលរដ្ឋ។ នៅ​ពេល​ពួកគេ​មាន​ក្រុម​គ្រួសារ​បែក​ពី​ឪពុក​ម្ដាយ ខ្លះ​ម៉ែ​ឪ​ចែក​ដី​ឲ្យ ខ្លះ​អត់​មាន​ដី ក៏​នាំ​គ្នា​មក​ធ្វើ​កម្មករ​លី​សែង​ស្រូវ​ឲ្យ​ឈ្មួញ​វៀតណាម យក​កម្រៃ​ចិញ្ចឹម​ជីវិត។

បុរស​វ័យ​ក្មេង​ទាំង​នោះ​បន្ត​ថា គាត់​រក​ប្រាក់​ចំណូល​ពី​ការ​ជួញដូរ​ស្រូវ​នៅ​កំពង់ ក្នុង​ភូមិ​ត្រើយទម្លាប់​នេះ​ក្នុង​មួយ​ថ្ងៃ ២ ទៅ ៣​ម៉ឺន​រៀល​ក្នុង​ម្នាក់។ ពួកគាត់​បន្ត​ថា ការ​លក់​ស្រូវ​ខ្មែរ​ឲ្យ​ឈ្មួញ​វៀតណាម គឺ​មាន​គ្រប់​រដូវ ព្រោះ​អ្នក​ស្រុក​ដែល​មាន​ដី​ធ្វើ​ស្រែ​គេ​ដាំ​ស្រូវ​ប្រាំង ១​ឆ្នាំ​បាន ៣​ដង ៖ «ពួក​ខ្ញុំ​នេះ​មាន​តែ​ធ្វើ​កម្មករ បើ​គ្មាន​អី​ទី​ពឹង មាន​តែ​មក​ប្រើ​កម្លាំង។ អ្នក​ខ្លះ​រក​តែ​កន្លែង​នៅ​គ្មាន​ផង នៅ​ចិញ្ចើម​ផ្លូវ​អ៊ីចឹង​ទៅ។ តាម​ចំនៀរ​ៗ​នេះ​សុទ្ធ​តែ​កម្មករ​ទាំង​អស់។ ម៉ែ​ឪ​វា​គ្មាន​ដែរ គាត់​ក្រ​ខ្សត់​អ៊ីចឹង គាត់​ក៏​លក់​អ៊ីចឹង​ទៅ ដល់​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ វា​អត់​មាន​អី ដល់​ពេល​មាន​គ្រួសារ​ប្រើ​តែ​កម្លាំង​អ៊ីចឹង​រហូត​ទៅ សង្ឃឹម​តែ​កម្លាំង ហើយ​ថ្ងៃ​ណា​ដែល​អស់​កម្លាំង​នៅ​ផ្ទះ​ទៅ»

ក្រុម​បុរស​វ័យ​ក្រោម ៣០ នៅ​ភូមិ​ធនមន្ត ឃុំ​បារាយ ត្រូវ​ថៅកែ​ស្រូវ​ដឹក​មក​ឲ្យ​លី​ស្រូវ​ដាក់​រថយន្ត​នៅ​ភូមិ​ស្រែខ្វាវ ក្នុង​ឃុំ​ជាងទង ស្រុក​ត្រាំកក់។

បុរស​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ឲ្យ​ដឹង​ថា ក្រុម​គាត់​មាន​គ្នា ៥​នាក់​រើស​យក​អ្នក​មាន​កម្លាំង​ធ្វើការ​ស្រុះ​គ្នា​មក​សែង​ស្រូវ​ដាក់​ឡាន ដោយ​ក្នុង​១​តោន​បាន​ឈ្នួល ៥​ពាន់​រៀល។ ក្នុង​១​ថ្ងៃ​គាត់​អាច​រក​ប្រាក់​ចំណូល ២​ម៉ឺន​រៀល​ក្នុង​របរ​ស៊ី​ឈ្នួល​សែង​ស្រូវ​ដាក់​ឡាន​យក​ទៅ​ដាក់​ឲ្យ​ឈ្មួញ​វៀតណាម​នោះ ៖ «ការងារ​នេះ​ជា​ការងារ​ដែល​ខ្ញុំ​ធ្វើ​ពី​ស្រែ​ចម្ការ ងើប​ពី​ស្រែ​ចម្ការ​ហើយ ដូច​ថា វា​អស់​ការងារ មក​ធ្វើ​ការងារ​លី​ស្រូវ​ហ្នឹង​ហើយ។ ស្រូវ​នេះ​គេ​លក់​ឲ្យ​វៀតណាម»

ស្ត្រី​វៀតណាម ដែល​បាន​ចូល​មក​ទិញ​ស្រូវ​នៅ​ក្នុង​កំពង់​ត្រើយ​ទម្លាប់ ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះ​បាន​អះអាង​ថា គាត់​ចូល​មក​ទិញ​ស្រូវ​រហូត មិន​ថា រដូវ​ណា​ទេ​ឲ្យ​តែ​កសិករ​ខ្មែរ​ប្រាប់​ថា​មាន​ស្រូវ​លក់ គាត់​បើក​ទូក​ចូល​មក​ទិញ​ក្នុង ១​ថ្ងៃ​យ៉ាង​ហោច​បាន​ស្រូវ ៣០ ទៅ ៦០​តោន ៖ «តែ​មាន​ស្រូវ​ទិញ​រហូត មិន​ដែល​ឈប់...។ ទៅ​ស្រុក​លើៗ​ទិញ​ម្លិះ អ៊ីចឹង​ទៅ រហូត។ បាន​១​ថ្ងៃ ១០០ ក៏​មាន ១០០​ជាង​ក៏​មាន ហា​ហុកសិប​តោន​ក៏​មាន ថ្ងៃ​ណា​គ្មាន ដប់​ម្ភៃ​តោន​ក៏​មាន វា​មិន​ទៀង​អ៊ីចឹង​ណា»

ជំទប់​ទី​១​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ លោក ឈន ឆេង មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​នេះ​មាន​ផ្ទៃដី​ដាំ​ស្រូវ​ប្រាំង​ទំហំ ៥.៤០០​ហិកតារ។ ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​នេះ​មាន ៨​ភូមិ មាន​ជាង ១​ម៉ឺន​គ្រួសារ។ លោក​ថា ដី​ដាំ​ដំណាំ​ដែល​អាជ្ញាធរ​បាន​ចែក​តាម​គ្រួសារ​តាំង​ពី​ឆ្នាំ​១៩៨០ ជាង​មក។ គ្រួសារ​ខ្លះ​មាន​ដី ២​កុង (កុង ភាសាវៀតណាម) ក្នុង​១​កុង គឺ​ស្មើ​នឹង ៣៦​ម៉ែត្រ​បួន​ជ្រុង។ អ្នក​ភូមិ​មិន​អាច​មាន​ដី​ចែក​ឲ្យ​កូន​ទេ ទើប​គេ​ខំ​ដាំ​ស្រូវ​បាន ២ ទៅ ៣​ដង​ក្នុង​១​ឆ្នាំ​ដើម្បី​លក់​ស្រូវ។

លោក​បន្ត​ថា អ្នក​រស់​នៅ​ខាង​លិច​ផ្លូវ​ជាតិ​លេខ​២ ចំនួន ៤​ភូមិ បាន​ធ្វើ​ស្រែ​ប្រាំង​បាន ៣​ដង​ក្នុង​១​ឆ្នាំ។ អ្នក​នៅ​ខាង​កើត​ផ្លូវ​ចំនួន ៤​ភូមិ​ដែរ ដាំ​ស្រូវ​ប្រាំង​បាន​តែ ២​ដង ព្រោះ​រដូវ​វស្សា​ទឹក​លិច ៖ «បច្ចុប្បន្ន និង​ឥឡូវ​ហ្នឹង គាត់​ប្រើ​ជី​គីមី​គ្រប់​គ្នា​មែន ប៉ុន្តែ​គ្រាន់​តែ​ថា គាត់​មាន​គួបផ្សំ​អា​ជី​ធម្មជាតិ។ ពី​មុន​មក​អត់​ទេ គាត់​លេង​តែ​អា​ជី​គីមី​ទាំង​អស់ រឹង​ដី ហើយ​យូរ​ទៅ​ខូច​អា​គុណភាព​ដូច​អា​ជី​ស្អី​នោះ វា​ខូច​យូរ​ទៅ​វា​ឡើងៗ អស់​អា​ជីជាតិ​ហ្នឹង អស់​រលីង»

លោក ឈន ឆេង បន្ត​ថា ស្រូវ​ប្រាំង​នៅ​ក្នុង ១​ហិកតារ គេ​ធ្វើ​បាន​ផល ៦​តោន ពេល​ធ្វើ​ស្រែ​លើក​ទី​១។ នៅ​លើក​ទី​២ គេ​ធ្វើ​បាន​ស្រូវ ៤​តោន នៅ​លើក​ទី​៣ គេ​ធ្វើ​បាន​ស្រូវ ៣​តោន។ លោក​បន្ត​ថា ក្នុង​ឃុំ​នេះ​មាន​គ្រួសារ​កកើត​ថ្មី​បាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ អ្នក​ខ្លះ​គ្មាន​ដី​ដាំ​ស្រូវ តែ​ឪពុក​ម្ដាយ​ផ្ដល់​ដើម​ទុន​ឲ្យ​កូន​រក​ស៊ី​លក់​ដូរ​នៅ​តាម​ផ្សារ​ទន្លាប់។ ពួកគេ​ទទួល​បាន​ចំណូល​ក្រែល​ពី​របរ​ជួញដូរ​ក្នុង​ផ្សារ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​នេះ ទើប​ពលរដ្ឋ​មិន​ធ្លាក់​ខ្លួន​ក្រីក្រ​ខ្លាំង​ទេ៕