អាជ្ញាធរប្រេងកាតកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងគោល ជាមួយក្រុមហ៊ុនសាជីវកម្មជាតិប្រេងកាត ឧស្ម័ន និងលោហធាតុ (JOGMEC) នៅទីស្ដីការគណរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែឧសភានេះ ដើម្បីសិក្សា និងស្រាវជ្រាវរុករកប្រេងនៅប្លុក១៧ ដែនគោកនៃប្រទេសកម្ពុជា គឺនៅទន្លេសាប ដែលតំបន់សិក្សាស្រាវជ្រាវនោះមានទំហំ ៦៥០០គីឡូម៉ែត្រក្រឡា។
លោក ហ៊្វូម៉ៃគី ហ៊្វូជីតា អនុប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មជាតិប្រេងកាត ឧស្ម័ន និងលោហធាតុរបស់ជប៉ុន មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខានោះថា ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមចុះសិក្សា និងស្ទុងទិន្នន័យប្រេងកាតក្នុងប្លុក១៧ក្នុងពេលឆាប់ៗនេះ ក៏ប៉ុន្តែមិនបានបញ្ជាក់ប្រាប់កាលបរិច្ឆេទច្បាស់លាស់នោះទេ។
លោក ហ៊្វូម៉ៃគី ហ៊្វូជីតា មានប្រសាសន៍ជាភាសាជប៉ុន ដែលបកប្រែជាភាសាអង់គ្លេសថា ៖ «យើងទើបតែចុះហត្ថលេខា ហើយបំណងរបស់យើង គឺចង់ចាប់ផ្ដើមចុះទៅស្រាវជ្រាវយ៉ាងឆាប ដែលអាចធ្វើទៅបាន»។
ក្រុមហ៊ុនជប៉ុន (JOGMEC) ដែលមុននេះឈ្មោះថា ក្រុមហ៊ុនសាជីវកម្មប្រេងជាតិជប៉ុន (Japan National Oil Corporation) ធ្លាប់បានធ្វើការសិក្សាម្ដងរួចមកហើយ តាមរយៈថតភូមិសាស្ត្រពីលើយន្តហោះ និងការសិក្សាផ្សេងៗទៀត នូវធនធានប្រេងកាត កាលពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ ហើយឃើញថា មានសក្ដានុពលប្រេងកាតនៅតំបន់នោះ។
នៅក្នុងកិច្ចព្រមព្រៀងនោះ មិនបានបញ្ជាក់អំពីការបែងចែកភាគហ៊ុនប្រាក់ចំណេញ រវាងភាគីទាំងពីរនោះទេ គ្រាន់តែបញ្ជាក់ថា ៖ «ក្នុងករណីដែលរកឃើញរ៉ែប្រេងមានលក្ខណៈវិជ្ជមាន នោះក្រុមហ៊ុនជប៉ុននឹងមានសិទ្ធិផ្ដាច់មុខរយៈពេលមួយឆ្នាំ ក្នុងការចរចាជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា ដើម្បីចុះកិច្ចព្រមព្រៀងប្រេងកាតក្នុងគោលដៅបន្តសកម្មភាពស្វែងរុករកផ្សេងទៀត»។
លោក សុខ អាន ដែលបានថ្លែងអបអរនៅក្នុងពិធីនោះរំពឹង លទ្ធផលល្អនៃការស្រាវជ្រាវរកប្រេងកាតនៅបឹងទន្លេសាបនេះ នឹងអាចជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាលូតលាស់ខ្លាំងបន្ថែមទៀត ព្រមទាំងផ្ដល់ចំណេះដឹងបច្ចេកវិជ្ជាទំនើបៗដល់បុគ្គលិកខ្មែរផង។
ក៏ប៉ុន្តែ អ្នកជំនាញបរិស្ថានព្រួយខ្លាចក្រែងគម្រោងនេះ មិនត្រឹមតែមិនបានប្រយោជន៍អ្វីទេ បែរជាបំផ្លាញបរិស្ថានបរិស្ថានទន្លេសាបទៅវិញ។
លោក ឱម សារ៉ាត់ មន្ត្រីគម្រោងនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលនៅកម្ពុជាថ្លែងថា ៖ «ខ្ញុំគិតថារដ្ឋាភិបាលលោកកំពុងតែអភិវឌ្ឍន៍ហើយ ប៉ុន្តែក្នុងនាមយើងជាប្រជាពលរដ្ឋ យើងទាមទារឲ្យមានការសិក្សាការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាននឹងឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើការអភិវឌ្ឍ»។
លោក ឱម សារ៉ាត់ បន្តថា ប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលខាងផ្នែកនាំចេញផលនេសាទបានចំនួនពី២០០ទៅ៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ហើយប្រទេសកម្ពុជានឹងបាត់បង់ប្រាក់ចំណូលនេះបើសិនជាបរិស្ថានបឹងទន្លេសាបខូចខាត។
ឯកសារនៃគម្រោងសិក្សានេះបង្ហាញថា ការសិក្សាទិន្នន័យរ៉ែប្រេងកាតនៅបឹងទន្លេសាបនេះ មានទំហំ ៦៥០០គីឡូម៉ែត្រក្រឡា៕
