កូនស្រី​ហង្សចក្រា​ស្នើ​សុំ​នាយករដ្ឋមន្រ្តី​ឲ្យ​ដោះ​លែង​ឪពុក

ហង្ស ចន្ទពិសី កូនស្រី​របស់​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែល​បាន​ទៅ​ជួប​ឪពុក​នៅ​ពន្ធនាគារ​ព្រៃស បាន​រៀបរាប់​ថា ជំងឺ​ចាស់​ឪពុក​របស់​នាង​ដូចជា​ជំងឺ​សួត​និង​ក្រពះ បាន​រើ​ឡើង​វិញ​ទៅ​លើ​ឪពុក​របស់​នាង​យ៉ាង​ធ្ងន់ធ្ងរ​និង​បាន​សុំ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ពី​ការ​ឃុំឃាំង។

0:00 / 0:00

ចន្ទពិសី បាន​ធ្វើ​សំណូមពរ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើក​លែង​ទោស​ឪពុក​របស់​នាង​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់។ ចន្ទពិសី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា នាង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ឪពុក​របស់​នាង​ស្លាប់​ក្នុង​ពន្ធនាគារ ព្រោះ​មិន​មាន​​ពេទ្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ដិតដល់។

កូនស្រី​លោក ហង្ស ចក្រា ឈ្មោះ ហង្ស ចន្ទពិសី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «គាត់​មាន​ជំងឺ​រលាក​ក្រពះ​និង​រលាក​សួត​របស់​គាត់​រើ​ឡើង​មក​វិញ ព្រោះ​ពី​មុន​គាត់​មាន​ជំងឺ​ហ្នឹង​ស្រាប់ ហើយ​ឥឡូវ​ទទួល​រង​នូវ​ជំងឺ​គ្រុន​ផ្ដាសាយ​មួយ​ទៀត។ ខ្ញុំ​សូម​ឲ្យ​សម្ដេច​តេជោ ហ៊ុន សែន ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​ប៉ា​ខ្ញុំ»

លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ព្រៃស​ចំនួន​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ពី​បទ​បរិហារ​កេរ្តិ៍​ទាក់​ទង​ទៅ​នឹង​ពាក្យ​បណ្ដឹង​មួយ​ដែល​ប៉ះពាល់​កិត្តិយស​លោក​ឧប​នាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​​​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី។

ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​ការពារ​អ្នក​កាសែត មាន​មូលដ្ឋាន​ធំ​នៅ​ប្រទេស​បារាំង លោក វាំងសង់ ប្រ៊ូស្សែល (Vincent Brossel) មាន​ប្រសាសន៍​ថា ការ​ចាប់​លោក ហង្ស ចក្រា ដាក់​ពន្ធនាគារ គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​នូវ​សេចក្តី​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឃើញ​អ្នក​កាសែត​ជាប់​ពន្ធនាគារ​ឡើយ។

លោក​មាន​ប្រសាសន៍​បែប​នេះ កាល​ពី​យប់​ថ្ងៃ​សៅ​ទី​១៩ ខែ​ធ្នូ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​​ស្វែង​យល់​ពី​ស្ថានការណ៍​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ហើយ​ដែល​បាន​ចូល​ជួប​លោក ហង្ស ចក្រា នៅ​ពន្ធនាគារ​ព្រៃស។

លោក ប្រ៊ូស្សែល គូស​បញ្ជាក់​ថា លោក ហង្ស ចក្រា មិន​បាន​ប្រព្រឹត្តិ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដូច្នេះ​គួរ​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ទាក់ទង​ករណី​លោក ហង្ស ចក្រា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​អង្គការ​សមាគម​​ចំនួន​២១​ជា​សមាជិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ធ្វើ​ឡើង​​​​​ដោយ​លោក ហង្ស ចក្រា មិន​បាន​បង្ក​ឲ្យ​ខូច​ខាត​ដល់​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សង្គម​ធំ​ដុំ​ទេ។

លោក វ៉ា សុផល អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «បើ​គិត​តាម​២​ភាគ​៣ វា​លើស​ពី​២​ភាគ​៣​ផង ដែល​សម្ដេច​គាត់​មាន​ប្រសាសន៍​ហ្នឹង។ ទី​២ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ចារកម្ម​ថៃ ទោស​គាត់​មិន​មែន​ជា​ទោស​ក្បត់​ជាតិ មាន​ទោស​អន្តរាយ​ដល់​ជាតិ​ដូច​ចារកម្ម​សៀម​ហ្នឹង​ទេ»

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្លាប់​មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​លើក​លែង​ទោស​ទណ្ឌិត​ណា​ម្នាក់ ទាល់​តែ​មាន​សំណើ​ចេញ​ពី​នាយករដ្ឋមន្ត្រី​ទើប​ព្រះ​មហាក្សត្រ​អាច​ឡាយ​ព្រះហស្ដ​លេខា​លើក​លែង​​​ទោស ឬ​ក៏​បន្ទូរ​បន្ថយ​ទោស​បាន។ លោក​បញ្ជាក់​ថា ករណី​លោក ហង្ស ចក្រា លោក​នឹង​អន្តរាគមន៍​ដោះ​ស្រាយ៕