ប៉ូលិស​ខ្មែរ និង FBI បន្ត​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​អ្នក​កាសែត

មន្ត្រី​ប៉ូលិស​ខ្មែរ​បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប៉ូលិស​ខ្មែរ​ជាមួយ​នឹង​ក្រុម​ភ្នាក់ងារ​អាមេរិក អេហ្វប៊ីអាយ (FBI) នៅតែ​បន្ត​ក្នុង​ការតាម​ស៊ើបអង្កេត​រក​ឃាតករ​តាម​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស បើទោះបី​ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​នាំគ្នា​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​ទៅ​ហើយ​ក្តី។

0:00 / 0:00

ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​សោកស្តាយ​ដែរ​ដោយសារតែ​មិន​អាច​បន្ត​សាកសួរ​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា កិច្ច​សហការ​រវាង​អាជ្ញាធរ​ខ្មែរ​ជាមួយ​នឹង​អេហ្វប៊ីអាយ​ក្នុង​ការតាម​ចាប់​ជន​សង្ស័យ​នៅតែ​បន្ត​ទេ។

លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ត្រូវការ​ព័ត៌មាន​ច្រើន​ពី​ក្រុម​គ្រួសារ ជា​ពិសេស​ថ្មីៗ​នេះ យើង​បាន​សហការ​ជាមួយ FBI លើក​សំណួរ​មួយចំនួន​ដើម្បី​សួរ​ទៅ​ក្រុម​គ្រួសារ​ហ្នឹង ក៏ប៉ុន្តែ​បើ​ក្រុម​គ្រួសារ​ទៅ វា​ត្រូវ​បាត់​ចំណុច​មួយចំនួន​ដែល​យើង​ចង់​បាន។ ក៏ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​អាក់ខាន​របស់​យើង​ទេ យើង​នៅតែ​ធ្វើ​អ៊ីចឹង»

មិន​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​ថា តើ​ក្រុម​គ្រួសារ​របស់​លោក ឃឹម សម្បូរណ៍ ដែល​បាន​ភៀស​ខ្លួន​ចាក​ចេញ​នោះ កំពុងតែ​ស្ថិត​នៅ​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​បាន​បង្ហើប​ថា ក្រុម​គ្រួសារ លោក ឃឹម សម្បូរណ៍ បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​៣​សប្តាហ៍​មក​ហើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ច័ន្ទ សាវ៉េត បាន​ថ្លែង​ថា​ក្រុម​គ្រួសារ លោក ឃឹម សម្បូរណ៍ បាន​ថ្លែង​ថា គេ​មាន​ការបារម្ភ​នឹង​សុវត្ថិភាព​ទើប​បាន​នាំគ្នា​ចាកចេញ​ទៅ​នោះ។

លោក ច័ន្ទ សាវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​មាន​ការព្រួយ​បារម្ភ ដោយសារ​ថា​ការស្រាវជ្រាវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច មាន​ភាព​យឺតយ៉ាវ ដោយសារ​ថា​សុវត្ថិភាព​សន្តិសុខ​របស់​គាត់ ហាក់បី​ដូច​ជា​មិន​ធានា​សោះ។ ព្រោះ​ថា ចាប់តាំង​ពី​ក្រុម​គ្រួសារ​គាត់​ត្រូវ​បាន​គេ​សម្លាប់​មក គាត់​ថា​មាន​មនុស្ស​តាម​ឃ្លាំមើល​គាត់​ជាប់​ជានិច្ច តាម​ពិនិត្យ​មើល​ស្ថានភាព​របស់​គាត់ ហើយ​មាន​អាជ្ញាធរ​ខ្លះ​បាន​សាកសួរ​គាត់​ជា​រឿយៗ​ទៀត។ អ៊ីចឹង​វា​ជា​ហេតុផល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការរស់នៅ»

ប៉ូលិស​បាន​និយាយ​ថា តាម​ពិត​គេ​បាន​រក​ឃើញ​តម្រុយ​ខ្លះ​ដែល​គេ​បាន​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម កាលពី​ខែ​ល្ងាច​ថ្ងៃ​ទី​១១ កក្កដា​កន្លង​មក​នោះ ហើយ​ការ​ដែល​បាន​សង្ស័យ​នោះ​គឺ​បណ្តាល​មក​ពី​មាន​ការយល់ឃើញ​យ៉ាង​នេះ។

ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ជនល្មើស​វា​មក​ទន្ទឹម បាញ់។ បាញ់​ហើយ ទៅ​ហួស ហួស​ទៅ​ហើយ​បក​មក​វិញ។ ធម្មតា​ជនល្មើស​បើ​វា​បាញ់​ត្រូវ​គោលដៅ​ដែល​វា​ចង់​បាន​ហើយ វា​គេច​ខ្លួន​ភ្លាម​ហើយ ក៏ប៉ុន្តែ​នេះ​បក​មក​វិញ បាញ់​កូន​១​គ្រាប់​ចំ​ទ្រូង​ពី​មុខ ហើយ​បាន​ជិះ​ត្រឡប់​ក្រោយ​ទៅ។ ខ្ញុំ​បាន​រាយការណ៍​ជូន FBI គេ​ក៏​ឯកភាព​ដែរ យើង​អាច​ថា​ជនល្មើស​ហ្នឹង​បាញ់​មិន​ត្រូវ​គោលដៅ​ទេ ព្រោះ​វា​ងងឹត។ ដូច្នេះ​ពេល​មក​ដល់​ឃើញ​ថា បាញ់​មិន​ត្រូវ​គោលដៅ​ជិះ​ហួស​ហើយ បក​មក​វិញ​បាញ់​ជន​រងគ្រោះ​ជា​កូន​១​គ្រាប់។ ដូច្នេះ​បាន​យើង​មាន​តម្លៃ​ថា វា​អាច​ពាក់ព័ន្ធ​គំនុំ​នឹង​ជន​រងគ្រោះ​ជា​កូន។ ដល់​ពេល​ដែល​ត្រូវ​គ្រាប់​ហើយ កូន​បាន​ទូរស័ព្ទ​ទៅ​មន្ទីរ​ពេទ្យ​នោះ​ដែល​ស្គាល់​ហ្នឹង​ថា ឲ្យ​យក​សាមុយ​មក​យក​ផង ខ្លួន​ត្រូវ​គេ​បាញ់​ដោយសារ​គំនុំ នេះ​ដែល​យើង​ចាប់អារម្មណ៍។ បញ្ហា​នេះ​យើង​បាន​ព័ត៌មាន​តាំងពី​យប់​ហ្នុង​ម្ល៉េះ»