លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯទីស្នាក់ការគណបក្សក្នុងទីក្រុងភ្នំពេញថា ៖ «នេះគឺជាអំពើព្រៃផ្សៃ ថោកទាបណាស់ ។ អំពើនេះធ្វើឲ្យយើងឈឺចាប់ ហើយការចាប់មនុស្សអ្នកសម្លាប់ អ្នកនៅពីក្រោយខ្នងនោះ រឹតតែខ្លាំងក្លាថែមទៀត ។ មានការព្រួយបារម្ភ ហើយអ្នកបំពេញការងារសំខាន់របស់យើងនៅក្នុងគណបក្សក៏មានការព្រួយបារម្ភដែរ» ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គ្មានការសន្និដ្ឋានណាមួយភ្លាមៗទេថា ឃាតកម្មនោះជារឿងនយោបាយ ។
លោក ខៀវ សុភ័គ មានប្រសាសន៍ដូច្នេះថា ៖ «ការចោទប្រកាន់របស់គាត់គឺជារឿងធម្មតាទេ នយោបាយ ឬមិននយោបាយ ទាល់តែយើងរកឃើញមនុស្ស បើគាត់ថា អ៊ីចឹង តាមតែគាត់ទៅ» ។
សូមរំឭកថា លោក ឃឹម សម្បូរណ៍ អាយុ ៤៧ឆ្នាំ ជាអ្នកសារព័ត៌មានរបស់កាសែត មនសិការខែ្មរ ដែលគាំទ្រគណបក្សសមរង្ស៊ី ត្រូវបានឃាតករមិនស្គាល់មុខចំនួន២នាក់ បានបាញ់សម្លាប់ភ្លាមៗនៅក្បែរពហុកីទ្បដ្ឋានជាតិអូទ្បាំពិកក្នុងទីក្រុងភ្នំពេញ កាលពីល្ងាចថៃ្ងសុក្រថ្មីៗនេះ ចំនួន៥គ្រាប់ចំពោះ ហើយកូនប្រុសរបស់លោក ឈ្មោះ ខាត់ សារិន្ទភាតា អាយុ ២១ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង ក្រោយពីអ្នកទាំងពីរបានធ្វើដំណើរមកផ្ទះវិញពីការហាត់ប្រាណ ។
សាកសពអ្នកទាំងពីរ ត្រូវបាននាំយកមកតម្កល់នៅវត្តស្វាយដង្គុំ ក្នុងទីក្រុងភ្នំពេញ ។
នៅថ្ងៃសៅរ៍នេះដែរ ក្រសួងព័ត៌មានបានចេញសេចក្តីថែ្លងការណ៍ជាបន្ទាន់មួយ ជំរុញឲ្យសមត្ថកិច្ចចាត់វិធានការគ្រប់បែបយ៉ាងចាប់ខ្លួនជនឧក្រិដ្ឋយកមកផ្តន្ទាទោសជាមួយនឹងការថ្កោលទោសថា ឃាតកម្មនោះជាអំពើកំសាក ។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការនិងសមាគមចំនួន២១ ជាសមាជិក បានចេញសេចក្តីថែ្លងការណ៍នៅថៃ្ងសៅរ៍នេះផងដែរ ដោយសម្ដែងការព្រួយបារម្ភថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានកំពុងតែរងការគំរាមយ៉ាងធ្ងន់ធ្ងរ នាំឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ៕