អ្នក​កាសែត​រអ៊ូរទាំ​ចំពោះ​ការ​ខ្វះ​ចន្លោះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

ក្រុម​អ្នក​កាសែត​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​ចំណាត់​ការ​ការពារ​សន្តិសុខ ​និង​ការ​រៀប​ចំ​សេវា​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​របស់​រដ្ឋាភិបាល ថា​បាន​រំខាន​កិច្ច​ការងារ​របស់​ពួក​គេ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រចាំ​វេន។

0:00 / 0:00

«សំឡេង​ម៉ាស៊ីន​ថត»៖ សំឡេង​ម៉ាស៊ីន​ថត​រូប​លាន់​សូរ​ដូច​កាំភ្លើង​យន្ត​ក្នុង​សមរភូមិ។ អ្នក​កាសែត​ជិត ២០០​នាក់​ឈរ​ប្រជ្រៀត​គ្នា​ថត​រូប​ក្នុង​បន្ទប់​ប្រជុំ​របស់​មេ​ដឹក​នាំ​កំពូលៗ ជាពិសេស​ពួកគេ​ព្យាយាម​ថត​យក​រូបភាព​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​គេ​កម្រ​ឃើញ​មុខ​នៅ​ប្រទេស​កម្ពុជា ដ៏​តូច​នេះ។

អ្នក​កាសែត​ម្នាក់ៗ​ប្រឹង​ធ្វើ​ការ​យ៉ាង​ឆក់​កណ្ដៀត ព្រោះ​ពួកគេ​ដឹង​ថា ក្រុម​អង្គរក្ស​នឹង​នាំ​ខ្លួន​ពួក​គេ​ចេញ​ពី​ទី​នេះ​នៅ​ពេល​ឥឡូវ​នេះ​ហើយ។

ក្រុម​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​ខ្លះ​បាន​រអ៊ូរទាំ​ចំពោះ​វិធានការ​រឹត​បន្តឹង​សន្តិសុខ​នេះ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​អ្នក​សារព័ត៌មាន។

លោក តាំង ឈិនសុទ្ធី អ្នក​ថតរូប​ទី​ភ្នាក់ងារ​បារាំង អា.អេហ្វ.ប៉េ (AFP) បាន​រអ៊ូ​ថា លោក​មិន​ពេញ​ចិត្ត​ការ​បន្តឹង​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​លោក បារ៉ាក់ អូបាម៉ា មក​ដល់ និង​ត្រឡប់​ទៅ​វិញ​ទេ ដោយ​គេ​ហាម​អ្នក​កាសែត​ចូល​ជិត​ប្រលាន។

ទោះ​យ៉ាង​ណា លោក​កោត​សរសើរ​ចំពោះ​វិធានការ​រដ្ឋាភិបាល​ការពារ​សន្តិសុខ​ថ្នាក់​ដឹក​នាំ​អាស៊ាន​នៅ​វិមាន​សន្តិភាព។

អ្នក​កាសែត​ដទៃ​ទៀត ក៏​មិន​ពេញ​ចិត្ត​ចំពោះ​វិធានការ​​រឹត​បន្តឹង​សន្តិសុខ​នេះ​ដែរ។ ក៏​ប៉ុន្តែ​ក្រុម​អង្គរក្ស​បាន​ឆ្លើយ​ថា តួនាទី​របស់​ពួកគេ​គឺ​ការពារ​សន្តិសុខ និង​អាយុជីវិត​ថ្នាក់​ដឹក​នាំ​សំខាន់​ជាង​ការងារ​កាសែត។

ក្រៅ​ពី​បញ្ហា​សន្តិសុខ ក្រុម​អ្នក​កាសែត​ខ្លះ​ក៏​ជួប​បញ្ហា​មួយ​ទៀត​ដែរ គឺ​ខ្វះ​ប័ណ្ណ​អនុញ្ញាត​សម្រាប់​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​ប្រធានបទ​ខុសៗ និង​ទី​កន្លែង​ខុស​ៗ​គ្នា នៅ​វិមាន​សន្តិភាព​ក្រោម​ការ​យាមកាម​ពី​ក្រុម​អង្គរក្ស​ជាច្រើន​នាក់​យ៉ាង​តឹងរ៉ឹង។

អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ (Phnom Penh Post) មិន​យល់​ទាស់​អំពី​វិធានការ​ការពារ​សន្តិសុខ​ទេ ​តែ​បែរ​ជា​មិន​ពេញ​ចិត្ត​រឿង​ចែកចាយ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​បន្ទប់​ប្រជុំ​យក​ព័ត៌មាន​ទៅ​វិញ។

ប្រទេស​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រធាន​កិច្ច​ប្រជុំ​កំបូល​អាស៊ាន​លើក​ទី​២១ ដែល​ប្រព្រឹត្តទៅ​​ចាប់​ពី​​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១២។

មន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​​ដ៏​ធំ​នេះ​មាន​អ្នក​កាសែត​ជាតិ អន្តរជាតិ សរុប​ចំនួន​ជាង ២.៣០០​នាក់ មក​យក​ព័ត៌មាន​កិច្ចប្រជុំ​កំពូល​នេះ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ខ្វះខាត​ប័ណ្ណ​អនុញ្ញាត​ចែក​ឲ្យ​អ្នក​កាសែត​នេះ លោក ព្រំ សាន ប្រធាន​ការិយាល័យ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន។ លោក​បាន​ទទួល​ស្គាល់​ថា មាន​បញ្ហា​ដូច្នេះ​មែន។ លោក​ថា ធម្មតា​ព្រឹត្តិការណ៍​ធំ​ៗ​ដូច្នេះ តែងតែ​មាន​បញ្ហា​បន្តិចបន្តួច​ដូច្នេះ​ចៀស​មិន​រួច ក៏ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​របស់​លោក​ជួយ​សម្រួល​បាន​ទាន់​ពេល​វេលា​ដែរ។

ទន្ទឹម​នឹង​មាន​បញ្ហា​ខ្លះ​ៗ​ដូច្នេះ លោក ប៊ុត បូវុត អគ្គនាយក អគ្គនាយកដ្ឋាន​នៃ​ក្រសួង​ព័ត៌មាន បាន​រៀបរាប់​ពី​កិច្ច​ប្រឹង​ប្រែង​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការ​រៀបចំ​មជ្ឈមណ្ឌល និង​ប្រព័ន្ធ​ការងារ​សម្រាប់​អ្នក​កាសែត​ដូច​ផ្ដល់​​កុំព្យូទ័រ ៣០០​គ្រឿង ភ្ជាប់​សេវា​អ៊ិនធឺណិត វ៉ាយហ្វាយ (Wifi) និង​ផ្ដល់​សេវា​អ៊ិនធឺណិត វ៉ាយហ្វាយ ២០០​​ខ្សែ​ទៀត សម្រាប់​​អ្នក​​កាសែត​ប្រើប្រាស់​កុំព្យូទ័រ​ផ្ទាល់​ខ្លួន។ តែ​លោក​ថា ទោះ​យ៉ាង​ណា ការ​ផ្ដល់​សេវា​អ្នក​កាសែត​នៅ​តែ​ជួប​បញ្ហា​ម្ដងៗ​ដែរ។

ទោះ​យ៉ាង​ណា លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ​បាន​ថ្លែង​ប្រាប់​អ្នក​សែត​ថា ការ​រៀបចំ​មណ្ឌល​បម្រើ​សេវា​ព័ត៌មាន​ដែល​មាន​និស្សិត​ស្ម័គ្រ​ចិត្ត​ជាង ១០០​នាក់ ចូល​រួម​ក្នុង​ព្រឹត្តិការ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ ដំណើរការ​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។