អ្នកនិពន្ធសៀវភៅមានចំណងជើងថា វិញ្ញាសាវប្បធម៌ទូទៅ និងវិញ្ញាសាពិសេសវប្បធម៌ទូទៅ និងជាមន្ត្រីព័ត៌មានកម្មវិធីពន្លឺភ្លើងទៀននៃគណបក្ស សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី១៩ កក្កដា ថា លោកត្រូវបានជនមិនស្គាល់មុខគំរាមចង់សម្លាប់តាមទូរស័ព្ទ ខណៈដែលលោកកំពុងធ្វើដំណើរតាមផ្លូវក្នុងរាជធានីភ្នំពេញ។
លោក ប៉ែន ពុទ្ធសភា បានមានប្រសាសន៍ថា នៅវេលាម៉ោងប្រមាណ ១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ កក្កដានេះ មានជនមិនស្គាល់មុខបានទូរស័ព្ទគំរាមចង់សម្លាប់លោក ដោយប្រើទូរស័ព្ទគ្មានចេញលេខ ឬ Private Number ៖ «ទូរស័ព្ទមកអត់មានលេខ។ "អ្ហែងកុំខ្លាំងពេក! ប្រយ័ត្នងាប់!" ថាប៉ុណ្ណឹងហើយគេបិទ»។
លោក ប៉ែន ពុទ្ធសភា បានអះអាងថា ជនមិនស្គាល់មុខបានគំរាមចង់សម្លាប់លោកនេះ ក្រោយពេលលោកបានបោះពុម្ពសៀវភៅចំនួន ២ក្បាល ដែលមានចំណងជើងថា វិញ្ញាសាវប្បធម៌ទូទៅ និងវិញ្ញាសាពិសេសវប្បធម៌ទូទៅ ដាក់លក់តាំងពីឆ្នាំ២០០៦មក ប៉ុន្តែសៀវភៅទាំង ២ក្បាលនេះត្រូវបានសមត្ថកិច្ចហាមមិនឲ្យធ្វើចរាចរណ៍លក់នៅតាមតូបលក់សៀវភៅនានា ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មិនបានធ្វើអធិប្បាយអំពីករណីនេះទេ នៅថ្ងៃទី១៩ កក្កដា ដោយលោកប្រាប់ថាជាប់ប្រជុំ។
កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០១០ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក អ៊ឹម សិទ្ធី ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើសុំទប់ស្កាត់ និងមានវិធានការចំពោះការបោះពុម្ពសៀវភៅវិញ្ញាសាវប្បធម៌ទូទៅ និងវិញ្ញាសាពិសេសវប្បធម៌ទូទៅ ដោយសរសេរថា ក្រសួងបានពិនិត្យឃើញក្នុងសៀវភៅវិញ្ញាសាពិសេសវប្បធម៌ទូទៅសម្រាប់សិស្សត្រៀមប្រឡង ត្រង់ទំព័រទី១៤៦, ១៤៧ ចំណុចទី៣ និងសៀវភៅវិញ្ញាសាវប្បធម៌ទូទៅត្រង់ទំព័រទី១០០, ១០១ ចំណុចទី៣ ដែលនិពន្ធដោយលោក ប៉ែន ពុទ្ធសភា មានខ្លឹមសារមិនសមស្រប និងមានលក្ខណៈជាខិត្តប័ណ្ណឃោសនានយោបាយ។
លោក ប៉ែន ពុទ្ធសភា បានមានប្រសាសន៍ថា ក្នុងសៀវភៅដែលលោកសរសេរនេះមានចោទជាសំណួរ ដូចជា តើប្រទេសកម្ពុជានឹងអាចអភិវឌ្ឍបានដែរឬទេ? ហេតុអ្វី? តើអ្នកគិតគូរដូចម្ដេចដែរចំពោះការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពក្នុងសង្គមកម្ពុជា?
លោក ប៉ែន ពុទ្ធសភា បានប្រាប់អំពីចម្លើយក្នុងសៀវភៅនេះដោយសង្ខេបដូច្នេះ ៖ «នៅក្នុងសៀវភៅហ្នឹងវាមានបួនប្រាំនាក់កាន់ បើសិនរដ្ឋាភិបាលធ្វើតាមលក្ខខណ្ឌហ្នឹង វាចម្រើនណា៎! បើកវង់ក្រចក ខ្ញុំបញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយសម្ដេច ហ៊ុន សែន មិនអាចអភិវឌ្ឍប្រទេសបានយ៉ាងឆាប់ទេ ដោយសារមានអំពើពុករលួយទាំងពីជួរក្បាលម៉ាស៊ីន រហូតដល់ថ្នាក់ក្រោម»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានលើកឡើងថា បើសិនជាមានជនមិនស្គាល់មុខបានគំរាមលោក ប៉ែន ពុទ្ធសភា តាមទូរស័ព្ទមែននោះ រដ្ឋាភិបាលជាអ្នកការពារលោក និងវែកមុខរកជនមិនស្គាល់មុខនោះ។
លោក សុក សំអឿន បានបញ្ជាក់ថា ៖ «តើរដ្ឋត្រូវមានវិធានការដើម្បីការពារប្រជាពលរដ្ឋដែរឬអត់? ដូច្នេះគាត់ត្រូវរកវិធានការ ទី១ គឺផ្ដល់ ដូចថាបញ្ជូនប៉ូលិសទៅការពារអ៊ីចឹងទៅ ព្រោះឥឡូវមានគេគំរាម»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក ឆេង សុភ័ស្ត បានឲ្យដឹងថា លោកកំពុងធ្វើការស៊ើបអង្កេតលើករណីជនមិនស្គាល់មុខបានគំរាមសម្លាប់នេះ បន្ទាប់ពីលោក ប៉ែន ពុទ្ធសភា បានទៅប្ដឹងឲ្យជួយនៅទីស្នាក់ការអង្គការរបស់លោក៕