រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ពង្រឹង​វិជ្ជាជីវៈ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវ​ឲ្យ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ពង្រឹង​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​របស់​ខ្លួន។

0:00 / 0:00

ការ​អំពាវនាវ​របស់​លោក ខៀវ កាញារីទ្ធ ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ឯ​ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) ក្នុង​ឱកាស​បិទ​វគ្គ​ចែក​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​អ្នក​សារ​ព័ត៌មាន​ចំនួន ៥៥​រូប​ដែល​បាន​បញ្ចប់​វគ្គ​មូលដ្ឋាន​គ្រឹះ​សារ​ព័ត៌មាន ច្បាប់ និង​ក្រម​សីលធម៌​សារ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០។

នៅ​ក្នុង​ឱកាស​ចែក​វិញ្ញាបនបត្រ​នេះ​ដែរ លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​កត់​សម្គាល់​និង​លើក​ឡើង​អំពី​បញ្ហា​ខុស​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​ដូច្នេះ ៖ «ជា​រៀងរាល់​ពេល​យើង​បាន​ឮ​អំពី​អ្នក​កាសែត​ទៅ​ជំរិត​លុយ ទៅ​កាង​ឈើ ទៅ​រត់ពន្ធ​នេះ រត់​ពន្ធ​នោះ ហើយ​ក៏​ឮ​អំពី​អ្នក​កាសែត​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​ដែរ។ ប៉ុន្តែ​បើ​យើង​សង្កេត​ឲ្យ​មែន​ទែន​ទៅ​យើង​ឃើញ​ថា អ្នក​កាសែត​ដែល​ប្រព្រឹត្ត​ខុស​នោះ ភាគ​ច្រើន​មិន​ដែល​សរសេរ​បាន​មួយ​អត្ថបទ​ណា​ទេ ហើយ​ក៏​មិន​សូវ​ដែល​បាន​ឆ្លង​កាត់​សាលា​រៀន​សាលា​អី​ទេ គឺ​មក​យក​តែ​ប័ណ្ណ​កាសែត បើក​កាសែត​ទៅ ហើយ​យក​វិជ្ជាជីវៈ​នេះ​ទៅ​រក​ស៊ី​ផ្ដេសផ្ដាស»

ចំពោះ​សំណួរ​លើក​ឡើង​ថា នៅ​ពេល​ដែល​សារ​ព័ត៌មាន​ខ្លះ​បាន​ប្រព្រឹត្ត​ខុស​ដូច្នេះ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​ក្រសួង​ព័ត៌មាន​នៅ​តែ​ចេញ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ទាំង​នោះ?

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ពន្យល់​ថា ការ​បើក​ធ្វើ​កាសែត គឺ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​ខាង​សារ​ព័ត៌មាន និង​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញ​មតិ។ ដូច្នេះ​ដរាប​ណា​ចាងហ្វាង​កាសែត​មិន​បាន​ប្រព្រឹត្ត​កំហុស​ព្រហ្មទណ្ឌ​ណា​មួយ​ទេ គេ​មិន​អាច​ឃាត់ឃាំង​សេរីភាព​នេះ​បាន​ឡើយ។

ប្រសាសន៍​របស់​លោក ខៀវ កាញារីទ្ធ ត្រូវ​បាន​ប្រធាន​សមាគម​មិត្ត​អ្នក​សារ​ព័ត៌មាន​ខ្មែរ លោក ឱម ច័ន្ទតារា ថ្លែង​ថា អ្នក​សារ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​សារ​ព័ត៌មាន នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។

លោក ឱម ច័ន្ទតារា បន្ត​ថា ៖ «យើង​ទទួល​ស្គាល់​ថា មាន​អ៊ីចឹង​ខ្លះ​ដែរ តែ​ក៏​មាន​អ្នក​ដែល​គេ​គោរព​វិជ្ជាជីវៈ​ដែរ។ បញ្ហា​ដែល​ខ្ញុំ​ចង់​សំណូមពរ​គឺ​ជាមួយ​នឹង​បញ្ហា​ដែល​សំខាន់ គឺ​ទាមទារ​ឲ្យ​មាន​តម្លាភាព​ទាំង​អស់​គ្នា។ អ្នក​កាសែត​ក៏​ត្រូវ​គោរព​វិជ្ជាជីវៈ ហើយ​មន្ត្រី​ជំនាញ​ផ្សេងៗ​ក៏​ត្រូវ​គោរព​វិជ្ជាជីវៈ​ដែរ កុំ​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​អស់​គ្នា»

ទន្ទឹម​គ្នា​នេះ​ដែរ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ និង​លើក​តម្កើង​តួនាទី​របស់​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​អំពាវនាវ​ថា ៖ «ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​ដូច​សមាគម​អ្នក​កាសែត​កម្ពុជា ជា​ពិសេស​របស់​ខុនរ៉ាដ... ក្នុង​ការ​បណ្ដុះ​បណ្ដាល​នេះ ជា​ជំហានៗ​វា​នឹង​ធ្វើ​ឲ្យ​តួនាទី​របស់​អ្នក​កាសែត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​មាន​តួនាទី​កាន់​តែ​ល្អ​ឡើង ដែល​ជា​ការ​មួយ​លើក​តម្កើង​តួនាទី​របស់​យើង​នេះ»

លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សមាគម​អ្នក​កាសែត​ចំនួន​២២ ហើយ​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា មាន​ប្រសាសន៍​បន្ថែម​ថា មាន​សារ​ព័ត៌មាន​និង​អង្គការ​ព័ត៌មាន​ប្រមាណ​៤០០ ដែល​កំពុង​ប្រតិបត្តិការ​សព្វថ្ងៃ​នេះ៕