អ្នក​កាសែត​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​ជាន់​ខ្ពស់

2009-09-28

អ្នក​កាសែត​ខ្លះ​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ប្រយ័ត្ន​ប្រយែង​និង​មាន​ការ​រារែក​រាល់​ពេល​ការ​សរសេរ​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​ព័ត៌មាន​ទាំងឡាយ​ដែល​ប្រភព​ផ្តល់​ឲ្យ​ដោយ​សម្ងាត់​ទាក់ទង​នឹង​មន្ត្រី​ជាន់​ខ្ពស់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

AFP Photo

បុរស​ជនជាតិ​ខ្មែរ​កំពុង​អាន​កាសែត​នៅ​ឯ​តូប​លក់​កាសែត​មួយ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ៧ ឧសភា ២០០៧។

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា វា​ច្បាស់​ណាស់​ហើយ​សម្រាប់​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ដែល​គាត់​ត្រូវតែ​ថយ​ដៃ​ក្នុង​ការ​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​និង​មន្រ្តី​ដែល​គេ​រាយការណ៍​មក​ថា មាន​ការ​ទាក់ទង​នឹង​រឿង​អាស្រូវ​នោះ។

លោក​រអ៊ូ​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​បើ​សរសេរ​មិន​ស្រួល​នឹង​ត្រូវ​គេ​ចោទ​អំពី​រឿង​បរិហារ​កេរ្តិ៍​ឬ​ក៏​ជា​អ្នក​ញុះញង់ ៖ «ក្នុង​រយៈពេល​កន្លង​មក​នេះ ការ​សរសេរ​ព័ត៌មាន​មិន​អាច​ធ្វើ​អី​បាន​ស្រេច​តែ​នឹង​ចិត្ត​ទេ ត្រូវ​មាន​ប្រភព មាន​អំណះអំណាង​ច្បាស់លាស់​ក្នុង​ការ​សរសេរ​អត្ថបទ»

ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ លោក សុខ សុវណ្ណ បន្ថែម​ថា ក្រុម​អ្នក​កាសែត​កំពុង​នាំ​គ្នា​ជ្រួល​ច្របល់​និង​វង្វេង​វង្វាន់​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​អំពី​រឿង​បរិហារ​កេរ្តិ៍​និង​ញុះញង់។

លោក សុខ សុវណ្ណ បាន​ដាក់​សំណួរ​ថា​តើ​ស្អី​ទៅ​ជា​ការ​បរិហារ​កេរ្តិ៍ ហើយ​ស្អី​ទៅ​ជា​ការ​ញុះញង់​សម្រាប់​ការ​សរសេរ​របស់​អ្នក​កាសែត ហើយ​តើ​តុលាការ​មាន​មូលដ្ឋាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ទៅ​លើ​អ្នក​កាសែត​លើ​ប្រធានបទ​ទាំង​នោះ?

ប្រធាន​សមាគម​រូប​នេះ​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ ៖ «នឹង​ជជែក​គ្នា​ថា តើ​យើង​គួរ​សរសេរ​លិខិត​ទៅ​សួរ​អ្នក​ណា ថា​បុគ្គល​ណា ឬ​យើង​គួរ​សួរ​ស្ថាប័ន​ណា​ដើម្បី​ឲ្យ​គេ​ឆ្លើយតប​វិញ​ថា ការ​សរសេរ​របស់​គាត់​ហ្នុង គាត់​ខុស​របៀប​យ៉ាង​ម៉េច? ហើយ​ការ​ពិន័យ​ហ្នឹង​តើ​វា​យុត្តិធម៌​ឬ​ក៏អត់? យើង​ត្រូវ​បញ្ជាក់​ផង​ថា ការ​សរសេរ​របៀប​ដេលី​ហ្នឹង​មាន​វិជ្ជាជីវៈ​ឬ​អត់ ឬ​ក៏​មាន​គំរូ​ថ្មី​ណា​មួយ​ឲ្យ​អ្នក​កាសែត​គួរតែ​យក​តម្រាប់​តាម ថា​គេ​មាន​ច្បាប់​មួយ​ទៀត​ហើយ បញ្ជាក់​ថា​ឥឡូវ​គេ​សរសេរ​អ៊ីចឹង​វា​ខុស ហើយ​យើង​ចៀសវាង​អ្នក​កាសែត​មិន​ឲ្យ​ប៉ះ​ទៅ​រឿង​ហ្នឹង។ សួរ​ថា​អ្នក​សរសេរ​មាន​កំហុស​របៀប​ហ្នឹង​ត្រូវ​បាន​គេ​ពិន័យ​អ៊ីចឹង ខ្ញុំ​យល់​ថា​ដំណាក់កាល​រាង​ល្អ​បន្តិច​ត្រង់​បាន​គេ​ពិន័យ អ៊ីចឹង​អ្នក​ដែល​និយាយ​រួច​ខ្លួន អ្នក​ដែល​សរសេរ​ត្រូវ​បាន​គេ​ពិន័យ វា​ដូច​អត់​យុត្តិធម៌​សោះ»

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​និពន្ធ​នាយក​និង​អ្នក​កាសែត ឌឹ ឃែមបូឌា ដេលី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​ដោយ​ផាក​ពិន័យ​ក្នុង​ម្នាក់ៗ​ទឹក​ប្រាក់​ចំនួន​៤​លាន​រៀល​នៅ​ក្នុង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​ពី​លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​បាន​និយាយ​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី ថា សញ្ញាបត្រ​នាយ​ទាហាន​ដែល​រៀន​មក​ពី​ប្រទេស​វៀតណាម​គ្មាន​គុណភាព។

ប៉ុន្តែ​ក្នុង​ការ​ផ្តន្ទា​ទោស​នោះ លោក ហូ វ៉ាន់ អ្នក​និយាយ​ត្រូវ​គេ​លើកលែង​ការ​ចោទ​ប្រកាន់ រីឯ​អ្នក​កាសែត​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ទៅ​វិញ។

ប្រធាន​ក្លឹប​អ្នក​កាសែត លោក ប៉ែន សាមិទ្ធិ បាន​ហៅ​ការ​កាត់​សេចក្តី​ដូច្នេះ ថា​ជា​អាច​ការ​ព្រមាន​ដល់​ក្រុម​អ្នក​កាសែត​ផងដែរ​ដែល​នឹង​នាំ​ឲ្យ​អ្នក​កាសែត​ប្រយ័ត្ន​ប្រយែង ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​កាសែត​រាថយ​ក្នុង​ការ​សរសេរ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច។

លោក ប៉ែន សាមិទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ពេល​ដែល​វា​មាន​ហេតុការណ៍​កើត​ឡើង​ពាក់ព័ន្ធ​នឹង​អាជីព​របស់​ខ្លួន​អ៊ីចឹង វា​ធ្វើ​ឲ្យ​ម្នាក់ៗ​ហ្នឹង​ក៏​មាន​ការ​គិតគូរ បាន​ន័យ​ថា រួម​មាន​ទាំង​ការ​បារម្ភ រួម​មាន​ទាំង​ការ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ព័ត៌មាន​របស់​ខ្លួន​មាន​ភាព​សុក្រឹត​ជាង​មុន ដែល​អាច​ការពារ​ខ្លួន​បាន​នៅ​ពេល​ដែល​មាន​ករណី​កើត​ឡើង»

យ៉ាង​ដូ​ច្នេះ​ក្តី លោក ឃី សុខលីម អ្នក​សារព័ត៌មាន​របស់​វិទ្យុ​បារាំង RFI វិញ អត្ថាធិប្បាយ​ថា ចំពោះ​រូប​លោក​មិន​ដូច្នេះ​ទេ។ លោក​មិន​មាន​ការ​រាថយ​ក្នុង​ការ​សេរសេរ​ឡើយ គឺ​ការ​សរសេរ​របស់​លោក​យ៉ាង​ណា​ពី​មុន​គឺ​លោក​នៅតែ​សរសេរ​ដូច​ដើម​ដដែល ដោយសារ​តែ​លោក​បាន​ផ្អែក​ទៅ​លើ​ក្រម​សីលធម៌​ជា​គោល។

លោក ឃី សុខលីម បាន​បញ្ជាក់​ថា ៖ «ចំពោះ​ខ្ញុំ​មិន​ទាន់​មាន​រឹតត្បិត​ក្នុង​ការ​សរសេរ​ខ្លួន​ឯង​ទេ បាន​ន័យ​ថា ធ្លាប់​សរសេរ​យ៉ាង​ម៉េច​នៅតែ​សរសេរ​អ៊ីចឹង​ដដែល​ទេ។ មិន​ព្រួយ​បារម្ភ​ទេ និយាយ​ដោយ​ស្មោះ ដោយសារ​យើង​ធ្លាប់​សរសេរ​កន្លង​មក​មិន​ទាន់​ដែល​មាន​បញ្ហា​អី​ទាំងអស់ និយាយ​រួម​យើង​នៅ​សរសេរ​តាម​វិជ្ជាជីវៈ​របស់​យើង ដល់​អ៊ីចឹង​យើង​អត់​ទាន់​មាន​ការ​ព្រួយ​បារម្ភ មាន​ការ​ភ័យ​ខ្លាច​អី​ផង»

ជាមួយ​គ្នា​នឹង​ការ​ផ្តន្ទា​ទោស​ទៅ​លើ​កាសែត ឌឹ ឃែមបូឌា ដេលី នា​ពេល​ថ្មីៗ សុខលីម បាន​ឲ្យ​យោបល់​ថា វា​ក៏​ជា​សញ្ញា​មួយ​ទៀត​ដែល​នឹង​ដាស់​អ្នក​កាសែត​ឲ្យ​ប្រយ័ត្ន​មែនទែន​ក្នុង​ការ​ស្រង់​សម្ដី​ក្រុម​អ្នក​នយោបាយ​មក​ផ្សព្វផ្សាយ។

លោក សុខលីម បាន​ឲ្យ​ដឹង​ថា ៖ «ការ​ពិន័យ​ទៅ​លើ​កាសែត ខេមបូឌា ដេលី ហ្នឹង ធ្វើ​ឲ្យ​អ្នក​កាសែត​ទាំងអស់​ពិចារណា​ថា តើ​ពួក​គេ​នឹង​ធ្វើការ​ប្រុង​ប្រយ័ត្ន​របៀប​ម៉េច​ទៅ​វិញ? ព្រោះ​អី​គ្រាន់តែ​ធម្មតា​គ្នា​អ្នក​កាសែត គ្នា​គ្រាន់តែ​រាយការណ៍​ឬ​ពន្យល់​សម្ដី​របស់​មេ​ដឹកនាំ ឬ​មួយ​ក៏​យក​សម្ដី​របស់​មន្រ្តី​ជាន់​ខ្ពស់​ផ្សេងៗ​យក​មក​ផ្សព្វផ្សាយ​បន្ត ហើយ​ប្រសិន​បើ​គ្រាន់តែ​ខ្លួន​ឯង​យក​មក​ផ្សព្វផ្សាយ​បន្ត ហើយ​ត្រូវ​បាន​គេ​ផាក​ពិន័យ ឬ​មួយ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ទណ្ឌកម្ម​អី​នោះ ហ្នឹង​ជា​សំណួរ​មួយ​ដែល​យើង​ត្រូវ​ពិចារណា​ទាំង​អស់​គ្នា»

រីឯ​ប្រធាន​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ លោក ជុំ កាណាល់ វិញ ថ្លែង​ថា ការ​ផ្តន្ទា​ទោស​អ្នក​កាសែត​ជា​ច្រើន​នៅ​តាម​ទី​ជនបទ​ត្រូវ​បាន​ដោះស្រាយ។ លោក​បញ្ជាក់​ថា ជួនកាល​ការ​ប្ដឹងផ្ដល់​វា​កើត​ឡើង​ដោយសារ​តែ​គំនុំ​ផ្ទាល់​ខ្លួន​មិន​ទាក់ទង​នឹង​ការ​ព្យាយាម​បំបិទ​សេរីភាព​អ្នក​កាសែត​នោះ​ទេ ហើយ​ជួនកាល​ទៀត​នោះ​កើត​ឡើង​ដោយសារ​តែ​ភាព​ខ្វះខាត​របស់​តុលាការ​ដែល​មិន​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

លោក ជុំ កាណាល់ បាន​មាន​ប្រសាសន៍​ថា ៖ «អាជ្ញាធរ​ដែនដី​ឬ​រដ្ឋ​អំណាច​ថ្នាក់​លើៗ ធម្មតា​លោក​មិន​មាន​បញ្ហា​អ៊ីចឹង​ទេ កំពុង​តែ​លើកស្ទួយ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ប៉ុន្តែ​ខាង​ក្រោម​នោះ​ចេះតែ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង គឺ​មាន មិន​អត់​ទេ។ ជឿ​ថា​នេះ​មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ទេ ចំពោះ​មតិ​របស់​ខ្ញុំ នេះ​គ្រាន់តែ​ជា​រឿង​របស់​បុគ្គល​ដែល​រំលោភ​សិទ្ធិ​ទៅ​លើ​អ្នក​សារព័ត៌មាន​ជា​បុគ្គល​ទេ មិន​មែន​ជា​ទូទៅ​ទេ»

បើ​ទោះ​បី​ជា​អ្នក​កាសែត​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​រារែក​ក្នុង​ការ​សរសេរ ហើយ​ខ្លះ​ទៀត​នៅតែ​បន្ត​រក្សា​ការសរសេរ​ដដែល​ដោយ​ប្រុង​ប្រយ័ត្ន​ជាង​មុន ប៉ុន្តែ​ប្រធាន​សមាគម​មិត្ត​សារព័ត៌មាន​ខ្មែរ លោក ឱម ចាន់តារា អត្ថាធិប្បាយ​ថា យ៉ាង​ណា​ក៏​ដោយ​ចុះ ស្ថានភាព​អ្នក​សារព័ត៌មាន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ល្អ​ប្រសើរ​ជាង​មុន បើ​ប្រៀបធៀប​ទៅ​នឹង​១០​ឆ្នាំ​មុន​ដែល​មាន​ការ​កាប់​សម្លាប់​អ្នក​កាសែត​នៅ​ក្រៅ​ច្បាប់​ជា​រឿយៗ។

លោក​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​កាត់​សេចក្តី​កាល​ពី​ពេល​ថ្មីៗ​នេះ​ហាក់​បាន​បញ្ជាក់​ពី​ការ​គិតគូរ​ពី​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​មក​លើ​អ្នក​សារព័ត៌មាន ៖ «ប៉ុន្តែ​ឥឡូវ​នេះ​យល់​ឃើញ​ថា ស្រុក​សន្តិភាព អ៊ីចឹង​ទេ​អ្វី​ដែល​ចំណុច​ល្អ គឺ​ថា​ការ​ដោះស្រាយ​បញ្ហា​ត្រូវតែ​រក​ច្បាប់»

សូម​ជម្រាប​ជូន​ថា គិត​នៅ​ក្នុង​ឆ្នាំ​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​កាសែត​ប្រហែល​៨​នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ដាក់​គុក ២​នាក់​ត្រូវ​បាន​ផាក​ពិន័យ​ក្នុង​ការ​សរសេរ និង​អ្នក​កាសែត​១០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​បណ្តឹង​ដែល​ការ​ប្តឹង​នោះ និង​ការ​ដាក់​គុក​អ្នក​កាសែត​នោះ​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ផ្តោត​ទៅ​លើ​រឿង​បរិហារ​កេរ្តិ៍​និង​បទ​ញុះញង់​ប៉ុណ្ណោះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

អ្នក​កាសែត​ជាប់​ឃុំ​ម្នាក់​បន្ត​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រឿង​ក្ដី​ជាមួយ​សយសុភាព

មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​លើក​លែង​ទោស​ ហង្ស ចក្រា

ព្រះ​មហាក្សត្រ​ស្នើសុំ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះលែង ហង្ស ចក្រា

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

កាសែត​សេរីភាព​ថ្មី​ផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រោះ​បញ្ហា​ថវិកា

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ​ព័ត៌មាន

អ្នក​កាសែត​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

អ្នក​កាសែត​ខ្មែរ​មួយ​រូប​ទទួល​ពាន​រង្វាន់​អន្តរជាតិ