ក្នុងលិខិតផ្ញើទៅរដ្ឋាភិបាលចុះថ្ងៃទី២៦ ធ្នូនេះ ក្រុមអ្នកកាសែតខ្មែរជាង ៥០នាក់ បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មានដែលងាយប្រឈមនឹងគុកច្រវាក់ក្នុងការបំពេញតួនាទីវិជ្ជាជីវៈរបស់ខ្លួននាថ្ងៃអនាគត។
លោក ប៉ែន សមិទ្ធិ ប្រធានសមាគមក្លឹបមិត្តអ្នកកាសែតកម្ពុជាថ្លែងថា ក្រោយពីវេទិកានិពន្ធនាយកសារព័ត៌មានលើទី៦ កន្លងទៅនេះ ក្រុមអ្នកកាសែតបានស្នើទៅរដ្ឋាភិបាលបីចំណុចសំខាន់គឺ៖ ទី១ សុំកុំឲ្យតុលាការបើកសវនាការកាត់ទោសអ្នកកាសែតភ្លាមៗ ទី២ សុំកុំឲ្យឃុំខ្លួនអ្នកបណ្តោះអាសន្ន និងទី៣ សុំឲ្យតុលាការចែកឲ្យច្បាស់អំពីនិយមន័យនៃពាក្យ "បរិហារកេរ្ដិ៍" និង "ផ្សាយព័ត៌មានមិនពិត"។
លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា ៖ «ព្រោះយើងមានហេតុផលថា បណ្តឹងអ្នកកាសែតវាទាក់ទងទៅនឹងសិទ្ធិមូលដ្ឋានដែលរដ្ឋធម្មនុញ្ញធានា»។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានអ្នកកាសែតពីរនាក់គឺ លោក ហង្ស ចក្រា និងលោក រស់ សុឃិត ត្រូវបានគេចាប់ដាក់គុកភ្លាមៗដោយចោទពីបទ "បរិហារកេរ្តិ៍" និង "ផ្សាយព័ត៌មានមិនពិត" ដោយមិនមានការស៊ើបអង្កេតត្រឹមត្រូវ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា ច្បាប់ព្រហ្មទណ្ឌថ្មីគ្មានអ្វីគួរឲ្យអ្នកសារព័ត៌មានព្រួយបារម្ភទេ លោកបន្តថា ដើម្បីចៀសផុតពីរឿងក្តីក្តាំអ្នកកាសែតគួរគោរពក្រមសីលធម៌ និងច្បាប់សារព័ត៌មានឲ្យបានខ្ជាប់ខ្ជួនប្រសើរជាង។
របាយការណ៍របស់អង្គការសារព័ត៌មានអន្តរជាតិបង្ហាញថា យ៉ាងហោចណាស់ មានអ្នកកាសែតខ្មែរ ១០នាក់ដែរត្រូវបានគេបាញ់សម្លាប់ ហើយខ្លះជាប់គុក និងរត់ចោលស្រុកចាប់តាំងពីប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ និងសារព័ត៌មានសេរីតាំងឆ្នាំ១៩៩៣មក។
លោក កៃ គឹមសុង អ្នកកាសែតខ្មែរម្នាក់ដែលធ្លាប់មានបទពិសោធន៍រឿងក្តីក្តាំជាមួយមន្ត្រីរដ្ឋាភិបាលកន្លងមកគិតថា អ្នកកាសែតគួរតែមានមេធាវីការពារទើបល្អ។
លោក គឹមសុង បន្តថា ស្ថានភាពអ្នកកាសែតខ្មែរបច្ចុប្បន្នមិនខុសពីពេលមុនៗប៉ុន្មានទេ ៖ «អ្នកកាសែតខ្មែរប្រុងវេចបង្វេចរត់ដែរហ្នឹងណា! បើមានលទ្ធភាពបិទសាប៊ូប៉្រុច! បើសិនជាយើងអត់មានលទ្ធភាពមានតែដេកគុក បើចង់រត់តើរត់ទៅណា? »។
ទាក់ទងនឹងរឿងសិទ្ធិសេរីភាពសារព័ត៌មាននេះលោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានសិក្សាព័ត៌មានសម្រាប់កម្ពុជាថ្លែងថា វិធានការប្រសើរសម្រាប់ការពារអ្នកកាសែតគឺអ្នកកាសែតចាំបាច់ត្រូវមានមេធាវីការពារខ្លួន ដែលមេធាវីនោះចេះជំនាញកាសែតច្បាស់លាស់។
លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា ៖ «មេធាវីសម្រាប់កាសែតមានតួនាទីអ៊ីចេះ នៅពេលដែលយើងសរសេររឿងមួយអ៊ីចឹង យើងអត់ទាន់ហ៊ានចុះផ្សាយទេ យើងសួរមេធាវីយើងសិន តើរឿងនឹងបើយើងចុះផ្សាយទៅគេប្តឹងយើងតើយើងឈ្នះឬចាញ់»។
របាយការណ៍ក្រសួងព័ត៌មានបង្ហាញថា មានអ្នកកាសែតប្រហែល ២.០០០នាក់ និងអង្គការព័ត៌មានជាតិ និងអន្តរជាតិជាង៦០០ កំពុងប្រត្តិបត្តិការនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ៕
