សមាគម​កាសែត​បារម្ភ​ចំពោះ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី

សមាគម​កាសែត​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ដែល​រដ្ឋាភិបាល​បាន​អនុម័ត ដោយ​បាន​ចាត់​ទុក​ថា ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​នេះ​បាន​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ដល់​សេរីភាព​សារ​ព័ត៌មាន​និង​អាជីព​ជា​អ្នក​សារ​ព័ត៌មាន។

0:00 / 0:00

លោក សុខ សុវណ្ណ ប្រធាន​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា សមាគម​លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី ដែល​រដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ​នេះ​បាន​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​សន្និបាត​លើក​ទី​២​របស់​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ នា​រាជធានី​ភ្នំពេញ ក្រោម​ប្រធាន​បទ​ស្តី​អំពី "អតីតកាល បច្ចុប្បន្នភាព​និង​អនាគត" ស្តី​ពី​នយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​​​​កម្ពុជា ដែល​មាន​តំណាង​សមាគម​កាសែត​ចំនួន​១៤​ចូល​រួម។

លោក សុខ សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​កំពុង​តែ​វិលវល់ ហើយ​បើ​សិន​ជា​ច្បាប់​ហ្នឹង​ចេញ​ជា​ផ្លូវការ​យើង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ថត​សំឡេង ពាក់​ព័ន្ធ​នឹង​ការ​សុំ​ព័ត៌មាន​និង​ចុះ​ផ្សាយ គឺ​យើង​មាន​ទោស​កំហុស​ច្រើន។ ខ្ញុំ​ជឿ​ថា បើ​សិន​ជា​ច្បាប់​ហ្នឹង​យក​អនុវត្ត​សម្រាប់​អ្នក​កាសែត គឺ​គ្រោះថ្នាក់​បំផុត ហើយ​អ្នក​កាសែត​នឹង​មាន​កំហិត​ក្នុង​ការ​សរសេរ ក្នុង​ការ​បញ្ចេញ​មតិ»

លោក សុខ សុវណ្ណ គូស​បញ្ជាក់​ថា នៅ​កម្ពុជា​បើ​ទោះ​បី​ជា​មាន​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​បែប​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ច្បាប់​នេះ​មិន​បាន​បម្រើ ឬ​ក៏​អាច​ជួយ​ការពារ​ដល់​​អ្នក​កាសែត​នៅ​ពេល​មាន​បញ្ហា​ខុស​ឆ្គង​ម្តង​ម្កាល​ក្នុង​ការ​បោះ​ពុម្ភ​ផ្សាយ​របស់​ខ្លួន​នោះ​ទេ ព្រោះ​ពេល​មាន​បញ្ហា​ប្រឈម​ផ្លូវ​ច្បាប់ តុលាការ​មិន​បាន​យក​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​យក​មក​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ឡើយ​ ផ្ទុយ​ទៅ​វិញ​តែង​យក​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​​​អ៊ុនតាក់​យក​មក​ដាក់​ទោស​ទណ្ឌ​អ្នក​កាសែត​ទៅ​វិញ។

លោក សេក បរិសុទ្ធ នាយក​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង្គការ DANIDA និង​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប​ផង​នោះ ដែល​បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​សន្និបាត ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ចំពោះ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ ហើយ​ដែល​នឹង​​​ចូល​ជា​ធរមាន​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​ថា អាច​ប៉ះពាល់​ខ្លះ​ដល់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក សេក បរិសុទ្ធ បាន​ថ្លែង​ដូច្នេះ ៖ «ការវិវត្តន៍​ថ្មី​មួយ​ទៀត​គឺ​ច្បាប់​ព្រហ្មទណ្ឌ ហើយ​បើ​ទោះ​បី​ជា​មិន​ទាន់​បាន​ចូល​ជា​ធរមាន ក៏​វា​នឹង​ចូល​ជា​ធរមាន​ឆាប់ៗ​នេះ​ដែរ ហើយ​ច្បាប់​សារ​ព័ត៌មាន​នេះ​ក៏​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​ណាស់​ដែរ ដែល​វា​អាច​ប៉ះពាល់​ដល់​អ្នក​កាសែត បទ​បរិហារ​កេរ្ដិ៍​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បទ​ញុះញង់ បទ​ប្រមាថ​ជាដើម។ ទាំង​អស់​នេះ​ហើយ​គឺ​ជា​ការ​ប្រឈម​សម្រាប់​អ្នក​កាសែត​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ទៅ​មុខ​ទៀត​នេះ»

ក្តី​ព្រួយ​បារម្ភ​នេះ​ត្រូវ​បាន​លោក ថាច់ ផែន អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ពន្យល់​ថា អ្នក​សារ​ព័ត៌មាន​មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​ជុំវិញ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​នេះ ព្រោះ​ថា ឲ្យ​តែ​អ្នក​កាសែត​គោរព​បាន​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌មាន​បាន​ត្រឹមត្រូវ​នោះ គឺ​មិន​ប៉ះពាល់​អ្វី​ដល់​សេរីភាព​សារ​ព័ត៌មាន ឬ​ក៏​អាជីព​ជា​អ្នក​កាសែត​ឡើយ។

លោក ថាច់ ផែន មាន​ប្រសាសន៍​ថា ៖ «ប្រតិបត្តិ​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​របស់​យើង ដូច្នេះ​មុន​នឹង​មាន​បញ្ហា​អី​មួយ​ក៏​យើង​មាន​មូលដ្ឋាន​ច្បាស់​លាស់»

នៅ​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា អ្នក​កាសែត​កម្ពុជា​បាន​ប្រឈម​មុខ​នូវ​ការ​គំរាម​កំហែង និង​បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​ជា​ច្រើន​នាក់​ចំពោះ​ការ​បំពេញ​កាតព្ធកិច្ច​របស់​ខ្លួន ជា​ពិសេស​ចាប់​ពី​ឆ្នាំ​១៩៩៤ ដល់​១៩៩៩ ដែល​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​ឃាតករ ឬ​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​យក​មក​ផ្តន្ទា​ទោស​នៅ​ឡើយ ហើយ​ពេល​ថ្មីៗ​នេះ អ្នក​កាសែត​ចំនួន​ពីរ​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ក្រោម​បទ​ចោទ​ប្រកាន់​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បរិហារ​កេរ្តិ៍៕